ភ្នំពេញៈ សង្គមស៊ីវិលដែលធ្វើការផ្នែកបោះឆ្នោតបានជំរុញដល់រដ្ឋាភិបាលឱ្យមានការគោរពសិទ្ធិមនុស្សដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការចូលរួម និងឃោសនាបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០១៧ ដើម្បីកសាងសន្តិភាពនៅកម្ពុជាខណៈសង្គមស៊ីវិលបារម្ភរឿងមន្ត្រីសិទ្ធិមនុស្សត្រូវបានជាប់ឃុំ។
ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសមាហរណកម្មការកសាងសន្តិភាពក្នុងការងារសិទ្ធិមនុស្សនៅកម្ពុជាកាលពីម្សិលមិញនៅភ្នំពេញដែលមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។
នាយកប្រតិបត្តិឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែលលោក គល់ បញ្ញា បានថ្លែងថាដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌លុះណាតែរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងបង្កបរិយាកាសល្អ។
លោកថា «រឿងមួយដែលយើងជួបបញ្ហាគឺបរិយាកាសដើម្បីត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បរិយាកាសមើលទៅអាចប៉ះពាល់ទៅនឹងការចូលរួមពីពលរដ្ឋជាពិសេសអ្នកគាំទ្រគណបក្សប្រឆាំងមានការភ័យខ្លាចស្ថិតនៅក្រោមការភិតភ័យ...ច្រើនហើយការចូលរួមរបស់អង្គការសិទ្ធិមនុស្សនានាមានការភ័យខ្លាច»។
លោកចង់ឃើញពលរដ្ឋប្រើសិទ្ធិពេញលេញក្នុងការចូលរួម និងឃោសនាបោះឆ្នោតដោយសន្តិភាពដែលមិនក្លាយទៅជាហិង្សា។
លោកថា៖ «អ្នកធ្វើការងារតស៊ូមតិកំពុងប្រឈមមានការដាក់សម្ពាធគាបសង្កត់ហើយថ្មីៗនេះរហូតដល់មានការចាប់អ្នកការពារសិទ្ធិមនុស្សដាក់ពន្ធនាគារទៀតផង»។
លោកក៏បានបារម្ភផងដែរខណៈអ្នកចុះឈ្មោះឆ្នោតនៅមានចំនួនតិចដោយលោកថាកង្វះព័ត៌មាន និង គជប មិនអាចសម្រួលដល់អ្នកធ្វើចំណាកស្រុកបាន។
លោកថា៖ «ការងារចុះឈ្មោះបោះឆ្នោតដែលទើបបានបញ្ចប់យើងមានការព្រួយបារម្ភព្រោះអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានជាង ៩ លាននាក់តែចុះឈ្មោះបានជាងជិត ៨ លាននាក់អ៊ីចឹងពួកគាត់បាត់បង់សិទ្ធិបោះឆ្នោតហើយភាគច្រើនអ្នកធ្វើចំណាកស្រុក និងពលរដ្ឋក្រីក្រ»។
បើតាមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងក្រោយបញ្ចប់ការចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃពុធថាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតមានជាង ៨០ ភាគរយស្មើនឹង ៧,៩ លាននាក់ក្នុងចំណោមអ្នកមានសិទិ្ធបោះឆ្នោតប្រមាណ ៩,៦ លាននាក់។ ក្នុងនោះមន្ត្រីអះអាងថាពលរដ្ឋប្រមាណ ១,៧ លាននាក់ដែលមិនបានចុះឈ្មោះអាចដោយសារធ្វើចំណាកស្រុកទៅថៃ (ដែលមានប្រមាណ ១,១ លាននាក់) ព្រមទាំងកំហុសនៃចំនួនប៉ាន់ប្រមាណរបស់ គ.ជ.ប។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថាការគោរពសិទ្ធិមនុស្សនឹងជួយដល់ការបោះឆ្នោតមួយត្រឹមត្រូវ សេរី និងយុត្តិធម៌។
លោកថា៖ «ប្រសិនបើគ្មានគោលការណ៍គោរពសិទ្ធិមនុស្សពិតប្រាកដទេការបោះឆ្នោតនោះត្រូវបាត់បង់នូវចំណែកណាមួយឧទាហរណ៍សិទ្ធិពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោតដាច់ខាតត្រូវធានាឱ្យគាត់មានសិទ្ធិចុះឈ្មោះបោះឆ្នោតទោះបីជាគាត់នៅទីណាក៏ដោយ...»។
ន្ទឹមនឹងនោះលោកក៏ជំរុញឱ្យប្រព័ន្ធតុលាការឯករាជ្យផងដែរដើម្បីធានាដល់សិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ។
លោកថា៖ «ប្រសិនបើតុលាការឯករាជ្យនោះនឹងធានាបាននូវការគោរពសិទ្ធិមនុស្ស និងភាពស្មើគ្នាចំពោះមុខច្បាប់ប៉ុន្តែបើមិនឯករាជ្យគឺគ្រោះថ្នាក់បំផុតសម្រាប់សង្គមស៊ីវិល និងក្រុមដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍គណបក្សនយោបាយដែលមានឥទ្ធិពល»។
ទាក់ទងនឹងសិទ្ធិមនុស្សនេះដែរមន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការអាដហុក ៤ រូប និងមន្ត្រី គជប ១ រូបត្រូវបានតុលាការចាប់ដាក់ពន្ធនាគារដោយចោទពីបទសូកប៉ាន់សាក្សីខណៈមានការរិះគន់ពីមតិជាតិ និងអន្តរជាតិ។ បន្ថែមពីនេះតុលាការជាន់ទាបរហូតដល់ជាន់ខ្ពស់បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សដោយថាអ្នកទាំង ៥ នឹងធ្វើឱ្យវឹកវរក្នុងសង្គម។
របាយការណ៍សង្ខេបស្តីពីសិទ្ធិមនុស្ស និងបញ្ហាប្រឈមចេញផ្សាយកាលពីម្សិលមិញរកឃើញថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារងការគំរាមកំហែងទៅលើសកម្មជនសិទ្ធិមនុស្សសកម្មជនដីធ្លី និងបរិស្ថានជាដើម។ ក្នុងនោះសង្គមស៊ីវិលស្នើឱ្យបញ្ឈប់ការរើសអើងប្រឆាំងសកម្មជនអភិវឌ្ឍន៍នៅនឹងកន្លែង ឬផ្តល់សំណងសមរម្យមុននឹងបណ្តេញចេញ៕