ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិកាលពីម្សិលមិញបានបើកកិច្ចពិគ្រោះយោបល់ជាចំហពាក់ព័ន្ធនឹងក្តីបារម្ភរបស់ពួកគេលើការរំលោភសិទ្ធិជាមូលដ្ឋាន និងសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋដែលស្តែងឡើងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីលើកសំណើជាថ្មីទៅរដ្ឋសភាសូមឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ។
កិច្ចពិគ្រោះយោបល់នេះមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ មន្ត្រីអង្គទូត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន និងប្រជាពលរដ្ឋសរុបជាង ៣០០ នាក់ តែមិនមានវត្តមានរបស់មន្ត្រីរដ្ឋាភិបាល ឬគណបក្សកាន់អំណាចនោះទេ។
ក្នុងបទបង្ហាញរបស់ខ្លួននាយកប្រតិបត្តិអង្គការ CCC លោក សឿង សារឿន បានរៀបរាប់ពីលទ្ធផលវិជ្ជមានការគាំទ្រដែលកើតចេញពីយុទ្ធនាការតស៊ូមតិជាបន្តបន្ទាប់របស់សង្គមស៊ីវិលប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះក្រោយពីជំនួបជាមួយអង្គទូត តំណាងរាស្ត្រគណបក្សជំទាស់ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។
លោកថា៖ «ជំហររបស់សង្គមស៊ីវិលនៅតែទទូចឲ្យរដ្ឋាភិបាលបើកទូលាយការពិគ្រោះយោបល់ជាថ្មីមាត្រាជាច្រើននៃសេចក្តីព្រាងច្បាប់នេះដែលមានចេតនារឹតត្បិតសេរីភាពក្នុងការបង្កើតអង្គការសមាគម ការធ្វើសកម្មភាពការងារការប្រមូលផ្តុំក៏ដូចជាងាយប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជី និងការរងទោសទណ្ឌផងដែរ»។
ទន្ទឹមនឹងការបង្ហាញក្តីបារម្ភរបស់ខ្លួន លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាក៏បានប្រកាសទទួលស្គាល់ផងដែរ ពីផលវិជ្ជមាននៃការបង្កើតច្បាប់នេះ ប៉ុន្តែលោកថា ៧០ ភាគរយនៃខ្លឹមសារនៃសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះបាននិងកំពុងតាក់តែងឡើងផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា ច្បាប់ជាតិ និងអន្តរជាតិ។
លោកថា៖ «ចំណុចល្អក៏មានខ្លះដែរយើងមិនថាអាក្រក់ទាំងអស់ទេ ឧទាហរណ៍ ការកំណត់មិនយកពន្ធនៃប្រាក់ជំនួយបរទេសមកលើអង្គការតែមាត្រានេះក៏មានច្បាប់ពន្ធដារកំណត់រួចហើយដែរយើងមិនបាច់កំណត់ទៀតនោះទេ។ តែច្បាប់នេះតាំងពីដើមមកលាក់លៀមសម្ងាត់មិនបង្ហាញនោះទេទាល់តែវាបែកធ្លាយប៉ុន្មានមាត្រាដាក់មកគឺប៉ះពាល់តែម្តង»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានឲ្យដឹងដែរថា ខណៈដែលអង្គការមួយចំនួនទទួលបានលិខិតអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្វែងយល់ពីសេចក្តីព្រាងច្បាប់នេះដែលធ្វើឡើងដោយរដ្ឋសភានៅព្រឹកនេះក៏នៅមានអង្គការមួយចំនួនទៀតក្នុងនោះក៏មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោកស្រីផងដែរមិនត្រូវបានគេអញ្ជើញឲ្យចូលរួមទេ។
លោកស្រី ហៅការរៀបចំនេះថាជាការរើសអើសមួយសម្រាប់អង្គការសកម្មដែលកំពុងមានប្រតិបត្តិការទាមទារការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ។
លោកស្រីថា៖ «ជំហររបស់ក្រុមអង្គការយើងគឺយើងមានចេតនាចង់ចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិនេះណាស់។ ការចូលរួមរបស់យើងមិនមែនថាទៅដើម្បីបង្គ្រប់កិច្ចនោះទេ យើងចង់ចូលរួមទោះបីជាវាតូចចង្អៀតក្តីក៏យើងនៅតែចង់បង្ហាញពីជំហរដែលមិនអាចទទួលយកបានឡើយសម្រាប់សេចក្តីព្រាងច្បាប់នេះ»។

សេចក្តីព្រាងច្បាប់ស្តីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបច្ចុប្បន្នកំពុងស្ថិតនៅគណៈកម្មការអចិន្រៃ្តយ៍នៃរដ្ឋសភាដែលនឹងត្រូវដាក់ឲ្យមានការពិនិត្យផ្នែកបច្ចេកទេសដោយគណៈកម្មការចំនួន ៣ របស់រដ្ឋសភា។
សេចក្តីព្រាងច្បាប់ចុងក្រោយនេះ មាន ៩ ជំពូក និង ៣៩ មាត្រា។ តាមរយៈសេចក្តីព្រាងច្បាប់នេះអង្គការសង្គមស៊ីវិលត្រូវបានតម្រូវឲ្យប្រកាន់ជំហរអព្យាក្រឹត និងត្រូវផ្ញើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ។ ច្បាប់នេះក៏បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃលុបចោលឈ្មោះអង្គការសង្គមស៊ីវិលដែលមិនអនុវត្តតាមមាត្រាមួយចំនួននៃច្បាប់នេះ។
ទន្ទឹមនឹងការបើកសិក្ខាសាលារបស់អង្គការសង្គមស៊ីវិលកាលពីម្សិលមិញក្រុមអ្នកតវ៉ាប្រមាណ ១០០០ នាក់ដែលជាបុគ្គលិកអង្គការសកម្មជនការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិព្រមទាំងសហគមន៍ដីធ្លីបានប្រមូលផ្តុំគ្នាលើកបដា ដង្ហែក្បួន និងប្រមូលផ្តុំគ្នាខាងមុខរដ្ឋសភាប្រឆាំងការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយមានការច្រៀងរាំ និងស្រែកថា ទេ ចំពោះច្បាប់អង្គការសមាគម និងសហជីព។
ស្របនឹងយុទ្ធនាការនេះក្រុមសមត្ថកិច្ចចម្រុះសាលារាជធានីភ្នំពេញ ប្រមាណ ១០០ នាក់ ប្រដាប់ដោយខែល និងដំបង បានរារាំងមិនឲ្យមានការដង្ហែក្បួនតែមិនមានការប្រឈមមុខដាក់គ្នានោះទេ។
ព្រះតេជគុណ ព្រឹម ហូន ដែលបានចូលរួមការតវ៉ានេះបានមានសង្ឃដីកាថាក្នុងកាលៈទេសៈនេះប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលនៃដំណើរការអភិវឌ្ឍតិចតួចនៅឡើយដែលរដ្ឋាភិបាលគប្បីដោះស្រាយបញ្ហាវិវាទដីធ្លីដែលជាឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរជាជាងការបង្កើត និងជំរុញឲ្យរដ្ឋសភា អនុម័តច្បាប់ ដែលមានលក្ខណៈរឹតត្បិតដល់សិទ្ធិសេរីភាពនៃការជួបប្រជុំ និងសម្តែងមតិរបស់ប្រជាពលរដ្ឋ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ការដែលរដ្ឋាភិបាលជម្នះក្នុងការបង្កើតច្បាប់នេះគឺក្នុងគោលបំណងរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំសម្តែងមតិរបស់ពលរដ្ឋហើយនេះបង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ»។
ទីប្រឹក្សាបច្ចេកទេសផ្នែកច្បាប់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានតាមដាន និងជំទាស់សេចក្តីព្រាងច្បាប់នេះបានលើកឡើងដែរថាអង្គការសង្គមស៊ីវិលបាននិងកំពុងខិតខំបំពេញតួនាទីរបស់ខ្លួនក្នុងការជ្រោមជ្រែងឲ្យមានការអភិវឌ្ឍយ៉ាងផុសផុល និងជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែរាជរដ្ឋាភិបាលបែរជាចាត់ទុកអង្គការសង្គមស៊ីវិលជា «ឆ្អឹងទទឹងក» របស់ខ្លួនទៅវិញ។
រដ្ឋសភានឹងបើកសិក្ខាសាលាថ្នាក់ជាតិជជែកពីសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល» នៅព្រឹកថ្ងៃពុធនេះដែលសម្រាប់អ្នកចូលរួមត្រូវបានតម្រូវឲ្យចុះឈ្មោះជាមុន និងមានស្លាកសញ្ញាសម្គាល់ផងដែរ៕