ភ្នំពេញៈ មន្ត្រីសង្គមស៊ីវិលសរសើរពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពេលថ្មីៗនេះបានផ្តន្ទាទោសជនជាតិចិនចំនួន ៥ នាក់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ ២ ករណីដែលមានតម្លៃទឹកប្រាក់ជាង ១,៧៥ លានដុល្លារ។
សាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ ២០២០ បានកាត់ទោសជនជាតិចិនចំនួន ៥ នាក់ (ម្នាក់កំបាំងមុខ) ដាក់ពន្ធនាគារដោយកំណត់ម្នាក់ៗ ២ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់សរុបជាង ១,៧៥ លានដុល្លារ ក្នុងករណី ២ ដាច់ដោយឡែកពីគ្នាដែលប្រព្រឹត្តកាលពីឆ្នាំ ២០១៩។
សំណុំរឿងទី ១ មានជនជាប់ចោទចំនួន ៤ នាក់រួមមានឈ្មោះ Yang Yongwei, Huang Canming, Wu Li, Li Zheng Zheng ជាជនជាតិចិនទាំងអស់។ ជនជាប់ចោទ Yang Yongwei, Huang Canming និង Li Zheng Zheng ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំមុនពាក់ព័ន្ធនឹងការនាំចូលសាច់ប្រាក់ចំនួន ៩០ ម៉ឺនដុល្លារ ដែលគ្មានប្រភពច្បាស់លាស់មកកាន់កម្ពុជាតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បើតាមសាលក្រមដែលបានប្រកាសជាសាធារណៈកាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ បានបញ្ជាក់ថា ជនសង្ស័យ ៣ នាក់ រួមមានឈ្មោះ Yang Yongwei, Li Zheng Zheng, និងឈ្មោះ Huang Canming បានប្រាប់តុលាការថា ពួកគេបានយកប្រាក់ទាំង ៩០ ម៉ឺនដុល្លារ ពីក្រុងហុងកុងចូលកម្ពុជាតាមបញ្ជារបស់ស្ត្រីជនជាតិចិនឈ្មោះ Wu Li អាយុ ៣៥ ឆ្នាំ។
ជនជាប់ចោទទាំង ៤ នាក់ ក៏ត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់ម្នាក់ៗចំនួន ៤០ លានរៀល។ តុលាការក៏បានចេញដីកាឲ្យចាប់ស្ត្រីឈ្មោះ Wu Li និងបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារព្រៃសផងដែរ។
រីឯសំណុំរឿង ១ ទៀតត្រូវបានប្រកាសសាលក្រមជាសាធារណៈកាលពីថ្ងៃទី ៣០ ខែកក្កដា ដែលមានជនជាប់ចោទឈ្មោះ Liao Jingoing អាយុ ៤៩ ឆ្នាំ ជនជាតិចិនរស់នៅក្រុងឈានចូវ ខេត្តហ្វូចៀន ប្រទេសចិន។ ជនជាប់ចោទ Liao Jingoing ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យប្រាក់ ១២ លានរៀល។ ចំណែកប្រាក់ដែលនាំចូលទាំង ៨៥៥ ០០០ ដុល្លារ ត្រូវបានរឹបអូស។ ប៉ុន្តែសាលក្រមមិនបានបញ្ជាក់ថា តើជនរូបនេះពាក់ព័ន្ធនឹងបុគ្គលណាផ្សេងទៀតទេ។
ជនជាប់ចោទរូបនេះត្រូវបានសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយរកឃើញសាច់ប្រាក់ចំនួន ៨៥៥ ០០០ ដុល្លារអាមេរិក នាំចូលពីហុងកុង គ្មានប្រភពច្បាស់លាស់។ មុនពេលចាប់ខ្លួនជនជាប់ចោទ បម្រើការនៅក្រុមហ៊ុនជួសជុលកែលម្អ និងសាងសង់អគារនៅក្រុងឈានចូវ ខេត្តហ្វូចៀន ប្រទេសចិន។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានកោតសរសើរចំពោះការស៊ើបអង្កេត និងការផ្ដន្ទាទោសនេះ។
លោកបានថ្លែងថា៖ «ការស៊ើបអង្កេតដោយប្រសិទ្ធភាពដែលឈានដល់ការផ្ដន្ទាទោសជនល្មើស ពាក់ព័ន្ធនឹងអំពើលាងលុយគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ដូចដែលក្រុមការងារហិរញ្ញវត្ថុ FATF បានលើកជាអនុសាសន៍»។
លោកបន្តថា៖ «ខ្ញុំសូមកោតសរសើរដល់ក្រសួងយុត្តិធម៌ និងតុលាការក្រុងភ្នំពេញសម្រាប់ការប្រឹងប្រែងនេះ ហើយខ្ញុំចង់ឃើញការអនុវត្តច្បាប់មានប្រសិទ្ធភាពលើបញ្ហានេះ ដោយសារតែកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីរដ្ឋមានហានិភ័យខ្ពស់។ ការប្រយុទ្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនឹងចូលរួមធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង»។
កាលពីពេលថ្មីៗនេះប្រទេសកម្ពុជាបានប្រកាសឲ្យប្រើច្បាប់ចំនួន ២ គឺច្បាប់ថ្មីស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្ដីពីការប្រឆាំងដល់ការរីកសាយភាយអាវុធមហាប្រល័យដែលជាផ្នែក ១ នៃការតាំងចិត្ត និងកិច្ចខិតខំរបស់ខ្លួន ដើម្បីសហការជាមួយនឹងស្ថាប័នអន្តរជាតិ និងប្រទេសផ្សេងៗទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយ និងអំពើភេរវកម្ម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃទី ១១ ខែសីហា ថា កម្ពុជាស្ថិតក្នុងការងារប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់។ កម្ពុជាតែងធ្វើបច្ចុប្បន្នភាពស្របទៅតាមលក្ខខណ្ឌនានាឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រឆាំងអំពើលាងលុយអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ការផ្ដន្ទាទោសជនល្មើសទាំងនេះពីបទលាងសម្អាតប្រាក់ គឺជាសារមួយសម្រាប់អន្តរជាតិ ជាពិសេសសម្រាប់ក្រុម ឬបណ្ដាញលាងលុយឲ្យបានយល់ច្បាស់ថា កម្ពុជាមានជំហរប្រឆាំងនឹងការលាងលុយកខ្វក់»៕