ភ្នំពេញៈ សង្គម​ស៊ីវិល​បាន​សាទរ ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​ដែល​បាន​ហាមឃាត់​មិនឱ្យ​មាន​កិច្ចសហការ​រវាង​អង្គភាព​ចំណុះ​របស់​ក្រសួង​អប់រំ​ជាមួយ​នឹង​ក្រុមហ៊ុន​ថ្នាំជក់​ដោយ​លើកឡើង​ថា នេះ​ជា​វិធានការ​មួយ​ដែល​ត្រឹមត្រូវ​ក្នុង​ការទប់ស្កាត់​ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​នៅក្នុង​ប្រទេស​។

កាលពី​ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២១ ក្រសួង​អប់រំ យុវជន​ និង​កីឡា​ចេញ​សេចក្តី​ណែនាំ​ដោយ​ហាមឃាត់​មិនឱ្យ​អង្គភាព​ចំណុះ​ក្រសួង​មាន​មន្ទីរអប់រំ រាជធានី-ខេត្ត​ការិយាល័យ​អប់រំ ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ទាំង​សាធារណៈ​ និង​ឯកជន​មិន​ឱ្យមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់​ឡើយ​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ថា ខ្លឹមសារ​គោល​នៃ​សេចក្តី​ណែនាំ​នេះ​គឺ​ហាម​មិនអោយ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ចាប់​ដៃគូ​សហការ​ជាមួយ ឬ​ទទួល​ការឧបត្ថម្ភ​ពី​ឧស្សាហករ​ថ្នាំជក់ ទោះ​ក្នុង​គោលបំណង​ណាមួយ​ក៏ដោយ​ជា​អាទិ៍​សកម្មភាព​សប្បុរសធម៌ ទស្សនកិច្ច​សិក្សា ហាត់​ការងារ ផ្លាស់ប្តូរ​បទពិសោធ​ ឬ​សិក្សា​ស្រាវជ្រាវ​។

អង្គការ​នេះ​យល់ថា កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម (CSR) ​របស់​ឧស្សាហករ​ថ្នាំជក់​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​របស់​ខ្លួន និង​ជា​ទម្រង់​មួយ​នៃ​ការស្វែងរក​ទីផ្សារ ហើយ​សេចក្តីណែនាំ​នេះ​គឺជា​ការចូលរួម​របស់​ក្រសួង​អប់រំ​ក្នុង​ការអនុវត្ត​វិធានការ​ហាមឃាត់​ការផ្សព្វផ្សាយ​លក់ ការស្វែងរក​ទីផ្សារ​លក់​ផលិតផល​ថ្នាំជក់​ដែល​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​ដោយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។

សេចក្តីប្រកាស​ដដែល​បញ្ជាក់​ថា​៖ «​ការផ្តល់​ទីកន្លែង ឬ​ទីធ្លា​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​សម្រាប់​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ ឬ​ពិព័រណ៍​ដែលជា​កម្មវិធី​របស់​ឧស្សហករណ៍​ថ្នាំជក់ ក៏​ត្រូវ​បាន​ហាមឃាត់​។ សេចក្តី​ណែនាំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​អនុវត្ត​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​​ផលិតផល​ថ្នាំជក់​ផងដែរ​»​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាមរយៈ​ការសិក្សា​ពី​ឯកសារ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ថ្នាំជក់​អន្តរជាតិ ឧស្សាហកម្ម​ថ្នាំជក់​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ទំនួល​ខុសត្រូវ​សង្គម​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែលមាន​សិទ្ធិ​សម្រេច​បង្កើត​ឥទ្ធិពល​ក្នុង​ការរៀបចំ​គោលនយោបាយ និង​សាង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​។

លោក​បន្តថា ក្រុមហ៊ុន​ថ្នាំជក់​ក៏បាន​ប្រើប្រាស់​កម្មវិធី​ជួយ​សង្គម ដើម្បី​បង្កើន​ទំនុកចិត្ត​បង្កើន​ប្រាក់ចំណេញ និង​រារាំង​ការអនុវត្ត​គោលនយោបាយ​ការពារ​សុខភាព​ប្រកប​ដោយ​ប្រសិទ្ធភាព តាមរយៈ​ការសហការ​ជាមួយ​ស្ថាប័ន​អប់រំ​ទូទាំងប្រទេស​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​តាមពិត​យើង​មាន​ឯកសារ​សិក្សា​នានា​បាន​បញ្ជាក់ថា ទោះបី​សកម្មភាព​ព្រឹត្តិការណ៍​រៀបចំ​ដោយ​អាជីវកម្ម​ថ្នាំជក់​ជា​សកម្មភាព​សប្បុរស​ក្តី គឺ​សុទ្ធ​តែ​មាន​គោលបំណង​ផ្សាយ​ផលិតផល​របស់គេ​មុន​។ ការធ្វើ​ដូច្នេះ​គឺ​អាជីវកម្ម​ទាំងនោះ មាន​គោលដៅ​ក្នុង​ការងាយស្រួល​លក់​ផលិត​របស់​ពួកគេ​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ចង់​ឱ្យ​កុមារ និង​យុវជន ស្គាល់​ផលិតផល​របស់គេ​»​។

មាត្រា​ ៥.៣ នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ចែង​ថា សុខភាព​សាធារណៈ​ និង​ឧស្សាហកម្ម​ថ្នាំជក់​មានទំនាស់​ផលប្រយោជន៍​នឹង​គ្នា​មិន​អាច​ផ្សះផ្សា​បាន​ដោយសារ​ក្រុមហ៊ុន​ថ្នាំជក់​ផលិត និង​ផ្សព្វផ្សាយ​លក់​ផលិតផល​ថ្នាំជក់​ដែល​តាមរយៈ​លក្ខណៈ​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា បង្ក​ឱ្យ​អ្នក​ជក់​ញៀន ឈឺ ពិការ ស្លាប់ និង​ធ្វើឱ្យ​កើត​មាន​បញ្ហា​សង្គម​ផ្សេងៗ​រួមទាំង​ភាពក្រីក្រ​ផងដែរ​៕

វីដេអូ៖