The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គម​ស៊ីវិល​សុំ​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​បន្ថែម​សម្រាប់​បុណ្យ​ចូលឆ្នាំ

សង្គម​ស៊ីវិល​សុំ​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​បន្ថែម​សម្រាប់​បុណ្យ​ចូលឆ្នាំ

មន្ត្រី​រាជការ​ខ្មែរ​ក្នុង​សិក្ខា​សាលា​មួយ​នា​ពេល​កន្លង​មក។
មន្ត្រី​រាជការ​ខ្មែរ​ក្នុង​សិក្ខា​សាលា​មួយ​នា​ពេល​កន្លង​មក។ ផា លីណា

សង្គម​ស៊ីវិល​សុំ​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​បន្ថែម​សម្រាប់​បុណ្យ​ចូលឆ្នាំ

ភ្នំពេញៈ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​អប់រំ​បាន​ស្នើ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​គ្រូបង្រៀន មន្ត្រី​រាជការ និង​​កម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស​សម្រាប់​ចំណាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈាន​មក​ដល់​ដោយ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ប្រាក់​ខែ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ទាប​មិន​សមាមាត្រ​នឹង​ទំនិញ​លើ​ទីផ្សារ​នៅ​ឡើយ។

លិខិត​ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​លោកស្រី អ៊ុក ឆាយ៉ាវី ដែល​បាន​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​តាមរយៈ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី ២៣ ខែ​មីនា​បាន​លើក​ឡើង​ថា​មិន​ដល់​មួយ​ខែ​ទៀត​ទេ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នឹង​​ឈាន​មក​ដល់​ហើយ​ការ​ចូល​ឆ្នាំ​ថ្មី​គឺជា​ឱកាស​តែ​មួយ​គត់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ចូលរួម​អបអរ​សាទរ​ជាមួយ​ក្រុម​គ្រួសារ​ក៏​ដូចជា​ប្រទេស​ជាតិ​ទាំង​មូល។

លិខិត​បន្ត​ថា​ជា​ទម្លាប់​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ពីធី​នេះ​ប៉ុន្តែ​ប្រាក់​ខែ​គ្រូបង្រៀន​ មន្ត្រី​រាជការ​ស៊ីវិល ទាហាន នគរបាល និង​កងកម្លាំង​​ដទៃ​ទៀត​មាន​កម្រិត​នៅ​ឡើយ​ខណៈ​ដែល​ទំនិញ​សព្វ​សារពើ​នៅ​លើ​ទីផ្សារ​ចេះ​តែ​ឡើង​ថ្លៃ​ជា​ហេតុ​នាំ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​​ការ​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី។

លិខិត​បន្ត​ថា​ «ដើម្បី​ជួយ​បន្ធូរ​នូវ​ការ​លំបាក​របស់​គ្រូបង្រៀន មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​បាន​មួយ​កម្រិត​មាន​តែ​រដ្ឋាភិបាល​ (លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន) មេត្តា​ពិនិត្យ​លទ្ធភាព​ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ឱ្យ​បាន​ម្នាក់ ១៥ ​ម៉ឺន​រៀល»។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា​កាលពី​ម្សិលមិញ​នៅ​វេលា​ម៉ោង ១១ ព្រឹក​គាត់​បាន​ដាក់​លិខិត​ជូន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​បញ្ជូន​បន្ត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការ​ពិចារណា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ​ទូទាំង​ប្រទេស។ លោកស្រី​បន្ត​ថា​ខណៈ​មន្ត្រី​រាជការ​មួយ​ចំនួន​កំពុង​ខ្វះខាត​ថវិកា​ក្នុង​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​រដ្ឋាភិបាល​គួរ​ផ្តល់​ប្រាក់​បន្តិច​​បន្តួច​ដល់​ពួកគេ​ដើម្បី​ជា​ការ​លើក​ចិត្ត។

លោកស្រី​បាន​បញ្ជាក់​ថា​ «យើង​ឃើញ​ថា​ជីវភាព​គ្រូបង្រៀន​ និង​មន្ត្រី​រាជការ​មួយ​ចំនួន​មាន​ការ​ខ្វះខាត​ដោយ​អ្នក​ខ្លះ​ខ្វះ​ថវិកា​ទៅ​លេង​ស្រុក​កំណើត​ខណៈ​ទំនិញ​​ឡើង​ថ្លៃ​អ៊ីចឹង​រដ្ឋាភិបាល​គួរ​ផ្តល់​ប្រាក់​ខ្លះ​ដែល​ជា​ការ​លើក​ទឹកចិត្ត​រយៈពេល​មួយ​ឆ្នាំ​ដែល​ពួកគេ​បម្រើ​ការងារ​ជូន​រដ្ឋ​កន្លង​មក»។

លោកស្រី​បន្ថែម​ថា​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​មាន​ជំនឿ​លើ​វិស័យ​ព្រះពុទ្ធ​សាសានា​ដូច​នេះ​រដ្ឋាភិបាល​គួរ​ផ្តល់​ប្រាក់​ខ្លះ​ដើម្បី​ឱ្យ​ពួកគេ​បាន​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន និង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ផង​ដែរ។

បើ​តាម​លោកស្រី ឆាយ៉ាវី ជា​រៀងរាល់​ឆ្នាំ​សមាគម​របស់​អ្នកស្រី​តែងតែ​បាន​ដាក់​សំណើ​ជូន​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ប្រាក់​បន្ថែម​នេះ​តែ​ពុំ​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ឡើយ​លើក​លែង​តែ​ឆ្នាំ​ ២០១៥ រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប្រាក់​បន្ថែម​ដល់​មន្ត្រីរាជការ គ្រូបង្រៀន​ទូទាំង​ប្រទេស​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ៤ ម៉ឺន​រៀល។

យ៉ាង​នេះ​ក្តី​ក្នុង​ឆ្នាំ​នេះ​អ្នកស្រី​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ពិចារណា​ផ្តល់​ប្រាក់​​លើក​ទឹកចិត្ត​ដូច​ឆ្នាំ​មុន​ទោះ​ជាច្រើន ឬ​តិច​ក្តី។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ថ្លែង​ថា​លោក​មិន​ទាន់​បាន​ឃើញ​លិខិត​នោះ​ទេ​ខណៈ​លោក​កំពុង​នៅ​ខេត្ត​តែ​លោក​ថា​ការ​សម្រេច​យ៉ាង​ណា​នោះ​អាស្រ័យ​លើ​លោក​នាយក​រដ្ឋមន្ត្រី។ លោក​ថា «ខ្ញុំ​មិន​ដឹង​ទេ​ខ្ញុំ​មិន​អាច​និយាយ​ជំនួស​សម្តេច​បាន​ទេ»។

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក ពេជ្រ ប៊ុនធិន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​មិន​ទាន់​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ថា​តើ​នឹង​ផ្តល់​ប្រាក់​បន្ថែម​ដល់​មន្ត្រី​រាជការ​ដូច​​ឆ្នាំ​មុន​ទេ។ តែ​លោក​ថា​រាល់​ការ​ផ្តល់​ប្រាក់​បន្ថែម​ ឬ​លើក​ទឹក​ចិត្ត​​នេះ​គឺ​អាស្រ័យ​ទៅ​លើ​រដ្ឋ​មាន​ទឹកប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ ឬ​អត់។

យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា​កន្លង​ទៅ​កាលពី​ដើម​ឆ្នាំ​ ២០១៦ នេះ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បន្ថែម​ប្រាក់​ខែ​គោល​ដល់​មន្ត្រី​រាជការ​ទូទាំង​ប្រទេស​រួច​រាល់​ហើយ ហើយ​បាន​និង​កំពុង​ដោះស្រាយ​ទូទាត់​បើក​ប្រាក់ខែ​ដល់​ពួកគាត់​ឱ្យ​បាន​មុន​ចូល​ឆ្នាំ​ផង​ដែរ។

លោក​ថា «នៅ​ដើម​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រីរាជការ​បាន​ ១២ ​ភាគរយ​ហើយ​​យើង​​កំពុង​រៀបចំ​ទំហំ​ថវិកា​ក្នុង​ការ​ចាយ​ត្រូវ​បើក​ប្រាក់​ខែ​ដល់​ពួកគាត់​ដែល​ជា​ករណី​ពិសេស​ក្នុង​ខែ​មីនា មេសា និង​ខែ​ឧសភា​ដែល​ជា​ទំហំ​ថវិកា​ដ៏ធំ និង​ជា​បន្ទុក​របស់​រដ្ឋាភិបាល»។

យ៉ាង​នេះ​ក្តី​លោក​ថា​ក្រសួង​មុខងារ​សាធារណៈ​បាន​ត្រៀម​រៀបចំ​បើក​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ទូទាំង​ប្រទេស​នៅ​មុន​​ចូល​ឆ្នាំ​ខ្មែរ​ពោល​គឺ​ថ្ងៃ​ទី ៨ ខែ​មេសា​ដើម្បី​ជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​​ដល់​ពួកគាត់​ក្នុង​ការ​ចាយវាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​មន្ត្រី​រាជការ​ស៊ីវិល​ដែល​បម្រើការ​នៅ​គ្រប់​ស្ថាប័ន​ក្រសួង​រដ្ឋ​ទាំងអស់​មាន​ក្នុង​រង្វង់ ២០ ម៉ឺន​នាក់៕

អត្ថបទគួរចាប់អារម្មណ៍