ភ្នំពេញៈ ក្រុម​សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការងារ សម្រាប់​កម្មករ​សំណង់ ក្រោយពី​ហេតុការណ៍​បាក់​រលំ​អគារ​ចំនួន ៣ ​ដង​កាលពី​ឆ្នាំមុន និង​ដើម​ឆ្នាំ​នេះ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​ ៧០ ​នាក់ ​ដោយ​ពួកគេ​គ្រោង​រួម​គ្នា​ជាង​ ១០០ ​ស្ថាប័ន​ នៃ​សង្គម​ស៊ីវិល​នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​សប្តាហ៍​ក្រោយ​សុំ​ឲ្យ​គិត​អំពី​រឿងនេះ​។

សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ (BWTUC) ​និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ម្សិលមិញ​បាន​លើក​យក​ញត្តិ​ដែល​គ្រោង​ដាក់​ទៅ​រដ្ឋាភិបាល​មក​បញ្ជាក់​ថា ការ​អនុវត្ដ​បទដ្ឋាន​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗ​គឺជា​រឿង​ចាំបាច់​បំផុត សម្រាប់​ធានា​ដល់​អាយុជីវិត​មនុស្ស ធានា​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការទប់ស្កាត់​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​។

ញត្តិ​នេះ​បន្តថា​៖ «​ការយក​ទីតាំង​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់​ធ្វើជា​កន្លែង​ស្នាក់នៅ​ផង និង​សាងសង់​ផង​គឺជា​ហានិភ័យ​ខ្ពស់បំផុត​ដល់​អាយុ​ជីវិត​កម្មករ​ទាំងនោះ​។ អ្នក​ទទួល​ខុសត្រូវ សាងសង់ និង​ម្ចាស់​សំណង់​មិន​ត្រូវឱ្យ​រួចផុត​ពី​បទ​ព្រហ្មទណ្ឌ​ដោយ​គ្រាន់តែ​ចេញ​សំណង​ដល់​ជនរងគ្រោះ​នោះឡើយ​។ ការ​អនុវត្ដ​ច្បាប់​គឺជា​កត្ដា​ចម្បង​ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង និង​ប្រសិទ្ធភាព​»​។

ក្រុម​សង្គម​ស៊ីវិល​ខាងលើ​បញ្ជាក់ថា​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ដ​កែប មន្ដ្រី​អនុវត្ដ​ច្បាប់ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​តាមរយៈ​ការ​អនុវត្ដ​ច្បាប់​ដោយ​មិន​មាន​ការអត់ឱន​ចំពោះ​បុគ្គល​ណាមួយ​រួមទាំង​អ្នក​សមគំនិត​ផងដែរ​។

សង្គម​ស៊ីវិល​ទាំងនេះ​បញ្ជាក់ថា​៖ «​បើ​ករណីនេះ​ត្រូវបាន​អត់ឱន​នោះ បង្ហាញ​ថា​ការ​អនុវត្ដ​ច្បាប់​មិនមាន​ប្រសិទ្ធភាព​ទៅ​ថ្ងៃ​អនាគត​។ ត្រូវ​ស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នក​សមគំនិត អ្នកផ្តើមគំនិត ត្រូវ​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ដ​ផ្ទាល់​ដែរ​។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែ​ទទួល​ខុសត្រូវ​លើ​គ្រោះថ្នាក់​នេះ និង​ត្រូវ​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ដ​ផ្ទាល់​ដែរ​ដើម្បី​ធានា​ឱ្យ​ជនរងគ្រោះ​ទទួលបាន​ភាពយុត្ដិធម៌​»​។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​សង្គម​ស៊ីវិល​ខាងលើ​បាន​បង្ហាញថា កម្មករ​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​សំណង់​មាន​ចំនួន​តិចតួច​ណាស់​ដែល​មានការ​ធានារ៉ាប់រង​នៅពេល​ដែល​ករណី​គ្រោះថ្នាក់​ការងារ​កើតឡើង​។ មាន​កម្មករ​ប្រមាណ​តែ​ ៩ ​ភាគរយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការធានា​រ៉ាប់រង ផ្ដល់​ឱ្យ​ដោយ​និយោជក និង​ប្រមាណ ៥ ភាគរយ​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​។

លោក​ សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជា​នៅក្នុង​ធ្វើ​សន្និសីទ​ពី​ម្សិលមិញ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យបាន​នូវ​គុណភាព និង​សុខ​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​បើ​រដ្ឋាភិបាល​នៅតែ​បន្ត​ប្រើ​យន្តការ​ដូច​ពេលបច្ចុប្បន្ន នោះ​បញ្ហា​នៅតែ​បន្ត​កើត​មាន​ឡើង​ទៅលើ​កម្មករ​ក្នុង​វិស័យ​សំណង់​។ ការជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យក​ចិត្ដ​ទុកដាក់​ក្នុង​ការ​អនុវត្ដ​ច្បាប់​ក្នុង​វិស័យ​សំណង់​នេះ​នៅតែមាន​បញ្ហា​ដដែល​។ ហេតុដូច្នេះ​សន្និសីទ​នេះ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​រដ្ឋាភិបាល​ពង្រឹង​ក្នុង​ការអនុវត្ដ​ច្បាប់​ និង​ត្រូវ​ស្វែងរក​ភាគី​ពាក់ព័ន្ធ​មក​ទទួល​ខុសត្រូវ​ក្នុង​ឧប្បទ្ទវហេតុ​នៅ​ខេត្ដ​កែប​នេះ​»​។

លោក​ សុខ គីន បញ្ជាក់ថា ក្រុម​សង្គម​ស៊ីវិល​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ សិទ្ធិមនុស្ស​ប្រមាណ​ជាង​ ១០០ ​ស្ថាប័ន​ទៀត​នៅ​សប្ដាហ៍​ក្រោយ​នឹង​ដាក់​ញត្ដិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​លើ​វិស័យ​សំណង់​ស្រាវជ្រាវ​រក​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ពួកគេ​ក៏​ស្នើ​ផ្ដល់​ទីតាំង​សាធារណៈ​នៅ​ទីរួមខេត្ដ​ព្រះសីហនុ និង​កែប​ដើម្បី​ធ្វើ​ស្ដូប​រំឭក​ការចងចាំ​ដល់​ព្រឹត្តិការណ៍​នៃ​ការបាក់​រលំ​អគារ​កន្លង​មកនេះ​។

លោក​ ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​លើក​ឡើង​ថា កន្លងមក​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាង​ ១០០ ​ក៏​ធ្លាប់​បាន​ដាក់​ញត្ដិ​ម្ដង​រួចហើយ​ក្នុងការ​ស្នើឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​បង្ការ​នូវ​គ្រោះមហន្តរាយ​នៃ​ការបាក់​រលំ​អគារ​នេះ​ទៀត​។ ប៉ុន្ដែ​ជា​អកុសល​ហេតុការណ៍​នេះ​នៅតែ​កើតមានឡើង​នៅ​ខេត្ដ​កែប​បណ្ដាល​ឱ្យ​មាន​កម្មករ​រងគ្រោះ​ ៥៩ ​នាក់ និង​រងគ្រោះថ្នាក់​បាត់បង់​ជីវិត​ ៣៦ ​នាក់​។

លោក​បន្ដថា ក្រោយពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ដ​កែប​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ទទួល​ស្គាល់​ថា​មាន​ការដ្ឋាន​សំណង់​ខុសច្បាប់​ជាច្រើន​នៅ​ខេត្ដ​ព្រះសីហនុ ភ្នំពេញ និង​ខេត្ដ​បន្ទាយមានជ័យ​។ នេះ​បង្ហាញ​ពី​ភាពកម្សោយ​នូវ​ការ​អនុវត្ដ​ច្បាប់​របស់​ក្រសួង​មាន​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ដែល​មើលឃើញ​ក្នុង​វិស័យ​សំណង់​តាម​បណ្ដា​ខេត្ដ​ខាងលើ​យើង​បានស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ឱ្យមាន​វិធានការ​ក្នុង​ការទប់ស្កាត់​នូវ​ករណីនេះ​កុំឱ្យ​មាន​ការកើតឡើង​។ ព្រោះ​បញ្ហា​ក្នុង​វិស័យ​សំណង់​នេះ​ជា​បញ្ហា​ធំធេង​ណាស់​ដែល​យើង​ត្រូវ​ទប់ស្កាត់​។ យើង​ឃើញថា ព្រឹត្ដិការណ៍​នៅ​ខេត្ដ​ព្រះសីហនុ និង​កែប ទោះបី​រដ្ឋាភិបាល​មាន​វិធានការ​មួយ​ចំនួន​ក៏ដោយ ប៉ុន្ដែ​ការ​អនុវត្ដ​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​មន្ដ្រី​តាំងពី​ថ្នាក់ជាតិ​ទៅដល់​ថ្នាក់ក្រោម​ជាតិ​»​។

លោក ថារ៉ូ ស្នើ​ដល់​រដ្ឋាភិបាល​ជំរុញឱ្យមាន​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​ជាប្រចាំ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ពិនិត្យ​មើល​អំពី​លក្ខខណ្ឌ​សុវត្ថិភាព និង​បទដ្ឋាន​ការងារ​របស់​កម្មករ​សំណង់ និង​ធ្វើការ​ចុះបញ្ជី​ក្រុមហ៊ុន​សាងសង់​ទាំងនោះ​ជាមួយ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​នៅ​ទូទាំង​ប្រទេស​។

កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៩ មាន​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​ ៧ ​ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២៨ ​នាក់ និង​របួស​ ២៦ ​នាក់​។ មក​ដល់​ខែធ្នូ ក៏មាន​ហេតុការណ៍​បាក់​រលំ​អគារ​ ១ ​ផងដែរ​នៅ​វត្ត​ប្រាសាទ​គោកចក ខេត្ត​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣ ​នាក់ និង​របួស​ជាង​ ១០ ​នាក់ និង​ចូល​ដល់​ខែមករា​ឆ្នាំ​នេះ ក៏​ស្រាប់​តែមាន​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​កម្ពស់​ ៦ ​ជាន់ ​នៅ​ខេត្ត​កែប បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣៦ ​នាក់ និង​របួស​ ២៣ ​នាក់​។

លោក​ សេង ឡូត ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិន​អាច​សុំ​ការបកស្រាយ​បាន​ទេ​ពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។ ប៉ុន្ដែ​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចាត់ទុក​ការស្នើសុំ និង​ការបញ្ចេញមតិ​របស់​ក្រុម​សហជីព និង​សង្គម​ស៊ីវិល​នេះ​គឺជា​ភាព​វិជ្ជមាន​ដែល​នេះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​អ្វី​ដែល​ជា​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​កំពុងតែ​សម្ដែង​មតិ​នេះ គឺជា​ការចូលរួម​មួយ​ដ៏ល្អ​ជា​ការយក​ចិត្ដ​ទុកដាក់​មួយ​ល្អ ក្នុង​ការប្រឹងប្រែង​ការពារ​សុវត្ថិភាព​កម្មករ​របស់​ពួកយើង​។ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​រាជរដ្ឋាភិបាល​ស្ដាប់​នូវ​ការ​ផ្ដល់យោបល់​គ្រប់​បែប​យ៉ាង​គ្រប់​ស្ថានភាព​ក្នុង​កិច្ចអនុវត្ដន៍​ឆ្លើយតប​ចំពោះ​ប្រជាពលរដ្ឋ​របស់​ពួកយើង​»៕

វីដេអូ៖