ភ្នំពេញៈ ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយថា បញ្ហា​នយោបាយ​ទាំង​ក្នុង​ និង​ក្រៅប្រទេស និង​ការរីករាលដាល​នៃ​ជំងឺឆ្លង​កូវីដ​១៩​បាន​ធ្វើឲ្យ​មាន​ភាពរាំងស្ទះ​ទៅដល់​គុណភាព​នៃ​ការពិនិត្យ​តាមដាន​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ២០១៦-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣​។

ការថ្លែង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី «​ការឆ្លុះបញ្ចាំង​លើ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ ខែ​កញ្ញា​។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៣ និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ព្រមទាំង​វិស័យ​ឯកជន និង​ប្រជាសហគមន៍​មកពី​រាជធានី-ខេត្ត​ចំនួន​ ១៥​។

លោក​ សឿង សារឿន នាយក​ប្រតិបត្តិ អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព គឺជា​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សកល​ដែល​តម្រូវ​ឲ្យ​មាន​សកម្មភាព​ពេញលេញ និង​សមស្រប ដើម្បី​បញ្ចប់​ភាពក្រីក្រ ការពារ​ភពផែនដី និង​ធានា​ថា មនុស្សជាតិ​នឹង​រស់នៅ​ក្នុង​សុខសន្តិភាព និង​វិបុលភាព​។

លោក​ថា នៅ​កម្ពុជា គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ត្រូវ​បាន​ធ្វើ​មូលដ្ឋាន​នីយកម្ម និង​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដែល​បង្ហាញ​ពី​អាទិភាព និង​ក្របខ័ណ្ឌ​គោលនយោបាយ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អភិវឌ្ឍន៍​នានា​។

លោក​បន្តថា គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា​ ២០១៦-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ អាច​សម្រេច​ទៅបាន​ល្គឹកណា​មាន​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​។

ទន្ទឹម​នឹង​នេះ ការអនុវត្ត និង​ការត្រួតពិនិត្យ​តាមដាន គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នេះ​ទាមទារ​ការចូលរួម​របស់​តួអង្គ​អភិវឌ្ឍន៍​ទាំងអស់​ដើម្បី​ប្រើប្រាស់​ទិន្នន័យ​ដែល​សមស្រប​ក្នុង​ការធ្វើ​សេចក្ដី​សម្រេចចិត្ត និង​ប្រែក្លាយ​ភពផែនដី​នេះ​ឲ្យ​រឹតតែ​ស្រស់បំព្រង​សម្រាប់​អ្នក​ជំនាន់ក្រោយ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក យើង​បាន​ពិនិត្យ​ឃើញ​មាន​វឌ្ឍនភាព​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​លើ​យន្តការ និង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ២០១៦-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​បញ្ហា​វិបត្តិ​នយោបាយ និង​ការរីករាលដាល​នៃ​ជំងឺឆ្លង​កូវីដ​ ​១៩ បាន​បង្ក​ឲ្យ​មាន​ភាពរាំងស្ទះ​ដល់​គុណភាព​នៃ​ការត្រួតពិនិត្យ តាមដាន​អំពី​ការអនុវត្ត​គោលដៅ និង​ផែនការ​យុទ្ធសាស្ត្រ​នេះ​»​។

បើ​តាម​លោក សារឿន ប្រព័ន្ធ​តាមដាន​របស់​ក្រសួង និង​ស្ថាប័នរដ្ឋ ឬ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​មួយចំនួន​នៅ​មិនទាន់​មាន​សង្គតភាព និង​ភាពបន្ស៊ី​ត្រឹមត្រូវ​ទៅ​នឹង​ក្របខ័ណ្ឌ​តាមដាន​ត្រួតពិនិត្យ​ថ្នាក់ជាតិ​។ ជាពិសេស​នៅ​មិនទាន់​មាន​ការកំណត់​ច្បាស់លាស់​អំពី​ស្ថាប័ន ឬ​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការត្រួតពិនិត្យ តាមដាន​អំពី​ដំណើរការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​វិវាទ​ផ្នែក​ទិន្នន័យ រវាង​តួអង្គ​អភិវឌ្ឍន៍ លើ​វិស័យ​រសើប​មួយចំនួន បាន​បង្ក​ឲ្យ​មាន​ក្ដីព្រួយបារម្ភ និង​ភាពខ្លាចរអារ​ក្នុង​ការផ្ដល់​ធាតុ​ចូល​ទៅដល់​ដំណើរការ តាមដាន​ត្រួតពិនិត្យ​។ ទិន្នន័យ​ខ្លះ​ដែល​បាន​ប្រើប្រាស់​កន្លងមក នៅ​មិនទាន់​មាន​លក្ខណៈ​ឯករាជ្យ និង​មាន​ចរិតលក្ខណៈ​នយោបាយ​នៅឡើយ​»​។

សិក្ខាសាលា​បាន​ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់​ ៣ ​រួមមាន​ប្រធានបទ​ពាក់ព័ន្ធ​ភពផែនដី និង​វិបុលភាព​, ប្រធានបទ​ពី មនុស្ស​, និង​ប្រធានបទ​ពាក់ព័ន្ធ​សន្តិភាព និង​ភាពជា​ដៃគូ ដែល​ប្រធានបទ​ទាំង​ ៣ ​នេះ​បាន​ផ្ដោត​សំខាន់​ទៅលើ​ទិដ្ឋភាព​រួមមួយ​គឺ​ «​ទិន្នន័យ​ល្អប្រសើរ​ជាង​មុន​សេចក្ដី​សម្រេច​ចិត្តល្អ​ជាង​មុន និង​ជីវិត​ល្អប្រសើរ​ជាង​មុន​»​។

កញ្ញា វង ស្រីល័ក្ខ តំណាង​អង្គការ​ជួយ​កម្ពុជា​ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​នេះដែរ​ថ្លែងថា កង្វះ​ទិន្នន័យ និង​ភាពរអាក់រអួល​នៃ​ការបង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រមទាំង​កង្វះ​សង្គតភាព​ក្នុង​ការបង្កើត​ស្ដង់ដា​ទិន្នន័យ​មូលដ្ឋាន និង​ការផ្ទៀងផ្ទាត់​ទិន្នន័យ​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ បាន​ធ្វើឲ្យ​មាន​ក្ដីបារម្ភ ជុំវិញ​ការប្រមូល​ធាតុ​ចូល​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

កញ្ញា​បញ្ជាក់ថា​៖ «​ការអភិវឌ្ឍ​សហគមន៍​មួយ ប្រកប​ដោយ​តម្លាភាព​ចាំបាច់​ត្រូវមាន​ការផ្ដល់​ទិន្នន័យ​ឲ្យ​បាន​ច្បាស់លាស់​ពី​គ្រប់​តួអង្គ​អភិវឌ្ឍន៍ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ពុំទាន់​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់ ឬ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​សហគមន៍​របស់​ពួកគាត់​នោះទេ​»៕