ភ្នំពេញ: អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន ​កាលពី​ម្សិលមិញ​ បាន​រិះគន់​សមាគមន៍​សិល្បៈ​មួយ​ដែល​ដឹកនាំ​ដោយ​​​អ្នកស្រី ច​ន ច័ន្ទ​លក្ខិណា ដោយ​សារ​តែ​សមាគម​នេះ បាន​ចូលរួម​​​ឃោសនា​បោះ​ឆ្នោត ​ជា​មួយ​​គណបក្ស​ប្រជាជន​កម្ពុ​ជា ដោយ​ពួកគេ​អះអាង​ថា សកម្មភាព​​បែប​នេះ​ គឺ​​ផ្ទុយ​ទៅ​នឹង​​ច្បាប់​ស្ដីពី​អង្គការ សមាគម។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​អង្គការ សមា​គម​ជាតិ ​​ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​អង្គការ សមាគមន៍​អន្តរជាតិ​ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស ដែល​ស្ថិត​នៅក្រោយ​បញ្ញា​ត​ច្បាប់​ ស្ដីពី​សមាគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល។ នៅក្នុង​ច្បាប់​ស្ដីពី​អង្គការ សមាគម ក៏បាន​ចែង​អំពី​សកម្មភាព​ឯករាជ្យ​របស់​អង្គការ​សមាគម​ ដោយ​មិនត្រូវ​ចូលរួមក្នុង​​សកម្មភាព​នយោបាយ​ជាមួយ​គណ​បក្ស​នយោ​បាយ​នោះ​ទេ។

លោក​បន្តថា បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ មិនបាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ ចំពោះ​​សកម្មភាព​នេះ គឺ​ច្បាប់​នេះ ​នឹងមាន​ស្ដង់ដារ​ពីរ មាន​ន័យ​ថា ច្បាប់​នេះ ដាក់​កំហិត​ចំពោះ​អង្គការ សមាគមន៍​ទាំងឡាយណា​ ដែល​ឯករាជ្យ និង​ធ្វើ​ការតវ៉ា​ស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល ប៉ុន្ដែ​ច្បាប់​នេះ នឹងមិន​ត្រូវបាន​ដាក់​ទោស​ ចំពោះ​អង្គការ សមាគម ​ដែល​លើកជើង ឬ​ដើរ​តាម​រដ្ឋា​ភិបាល​ទេ។

លោក​បញ្ជាក់ថា៖«សកម្មភាព​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​បានចែង នៅក្នុង​ច្បាប់​ គេ​បានកំណត់​យ៉ាងច្បាស់​ណាស់ ដោយ​ត្រូវ​ជាប់ទោស ឬ​ពិន័យ​បែបណា​នោះ គឺមាន​នៅក្នុង​ច្បាប់​រួចហើយ ហើយ​យើង​ក៏​កំពុងតែ​រង់ចាំ​មើល​ចំណាត់​របស់​អា​ជ្ញា​ធរ​ពា​ក់​ព័ន្ធ គេ​ធ្វើ​បែបណា បើ​គេ​មិន​ធ្វើ​ទេ គឺ​ច្បាប់​ស្ដង់ដារ​ពីរ​ហើយ យើង​អាច​មើលឃើញ​យ៉ាងច្បាស់​តែម្ដង»។

អ្នក​លេង​ហ្វេស​ប៊ុក​ជា​ច្រើន ក៏​បាន​បញ្ចេញ​មតិ​រិះ​គន់​លើ​បញ្ហា​នេះ​ផង​ដែរ ក្នុង​នោះ​គណ​នេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ LY Sovichea បាន​សរសេរ​ថា «ការចូលរួម​ក្នុង​សកម្មភាព​នយោ​បាយ​រប​ស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក គឺជា​ការ​បំពាន​ច្បាប់។ មាត្រា ៨៤ នៃ​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ បាន​ហាម​ប្រាម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ក្នុង​ស្រុក មិន​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ឃោសនា​របស់​គណ​បក្ស​នយោ​បាយ​ណាមួយ​ឡើយ ហើយ​បើ​មានការ​បំពាន បុគ្គល​នោះ​ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ដប់​លាន​រៀល ទៅ ម្ភៃ​លាន​រៀល ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត អនុលោម​តាម​មាត្រា ១៤៨ នៃ​ច្បាប់​ដដែល​នេះ»។

អ្នក​លេង​ហ្វេស​ប៊ុក​រូប​នេះ បាន​ចោទ​សួរ​ថា​៖«ដូច្នេះ ករណី​លោកស្រី ច​ន ច័ន្ទ​លក្ខិណា ដែលជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដោយ​បាន​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា​ឲ្យ​គណ​បក្ស​នយោ​បាយ តើ​ជា​រឿង​បំពាន​ច្បាប់​ដែរ​ឬទេ?»។

ចំណែក​គណ​នេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុ​ភ័​ណ្ឌ ឡា​រី បានសរសេរ​ដោយ​ចោទ​សួរ​ថា«អ្វី​ទៅជា​ភារកិច្ច​របស់ សមាគម​សិល្បៈ​ខ្មែរ? ប្រធាន សមាគម​សិល្បៈ​ខ្មែរ អ្នកនាង ច​ន ចន្ទ​លក្ខិណា គួរតែ​ខិតខំ​ប្រឹងប្រែង​រក​យុត្តិធម៌​ជូន​ដល់​សិល្បករ សិល្បការិនី​ដែល​បាន​រង​គ្រោះ និង​បាត់​បង់ជីវិត​ ដោយ​អយុត្តិធម៌​ក្នុង​របប​បច្ចុប្បន្ន និង​ការពារ​វិស័យ​វប្បធម៌​សិល្បៈ​ខ្មែរ​ឲ្យ​រីក​ចម្រើន​ឡើង។ ប្រសើរ​ជាជាង​ខិតខំ​អូសទាញ​អ្នក​សិល្បករ​ សិល្បការិនី​ខ្មែរ​ឲ្យ​ពាក់​ព័ន្ធនឹង​រឿង​នយោបាយ​ដែល​បង​ប្អូន​សិល្បៈ​មួយ​ចំនួន​ធំ​ មិន​ពេញចិត្ត​នឹង​ការ​បង្ខិត​បង្ខំ​ទាំង​នេះ»។

អ្នកស្រី ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​ដឹកនាំ​ក្រុម​អ្នកសិល្បៈ​ដែលជា​សមាជិក​របស់ខ្លួន ​ចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​​ទី៧ ខែ​កក្កដា ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​យុទ្ធនាការ​។

មិន​អាច​សុំ​ប្រតិកម្ម​ពី​អ្នកស្រី ច័ន្ទ​លក្ខិណា ជុំវិញ​កា​រិះគន់​​នេះ​បានទេ កាលពីម្សិល​មិញ ដោយ​ទូរស័ព្ទ​អ្នកស្រី​មិនមាន​អ្នកទទួល។

លោក ឈឹម កាន ប្រធាន​នាយក​ដ្ឋាន​សមាគម និង​គណបក្សនយោបាយ​ នៃ​ក្រសួងមហាផ្ទៃ​បាន​​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បានទទួល​ព័ត៌មាន និង​ទិន្នន័យ​អ្វី ដែល​ទាក់ទង​នឹង​ករណីនេះ​នៅឡើយ​ទេ។ បើ​មាន​ករណី​នេះ​មែន បុគ្គល​ទាំង​នោះ ​នឹង​ត្រូវ​បាន​ចាត់​វិធានការ​តាម​ច្បាប់។

លោក​បញ្ជាក់ថា៖«បើសិន​ពាក់ព័ន្ធ​ករណី​ហ្នឹង យើង​ក្រឡេក​ទៅ​មើល​ទិន្ន​ភាព​ច្បាប់ ប៉ុន្ដែ​រហូតមកដល់​ថ្ងៃនេះ យើង​អត់​ទាន់​មាន​អ្នករាយការណ៍ និង​រឿង​ហេតុដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ហ្នឹង​មក​ខ្ញុំ​ទេ ហើយ​បើសិន​មាន​អ្វី​ប្រែប្រួល គឺ​ខាង​អាជ្ញាធរ​ខេត្ត ក្រុង​នឹង​រាយ​ការណ៍​មក​ហើយ អ៊ីចឹង​គឺ​យើង​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់»។

តាមច្បាប់​ស្ដីពី​អង្គការ សមាគម ​មាត្រា ៨៤ បាន​ចែងថា អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក និង​សមា​គម ឬ​អង្គការ អន្តរជាតិ​ ដែល​បំពេញការងារ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ឬ​ជន​បរទេស​ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង ​នៅក្នុង​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត​៕