កំពង់ស្ពឺៈ អង្គការ​សង្គម​ស៊ីវិល​មួយ​បាន​ស្នើ​ឱ្យ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ចាត់​មន្ត្រី​ពាក់ព័ន្ធ​ចុះ​អនុវត្ត​ដីកា​ដកហូត​ដី​ទំហំ​ជាង ១៥០ ហិកតា​ ដែល​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ទន្ទ្រាន​យក​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ទុក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ ខណៈ​ដែល​ជនល្មើស​នៅតែ​បន្ត​ដាំ​កូនឈើ​នៅ​លើ​ដី​នេះ បើទោះបី​ជា​ក្រសួង​បរិស្ថាន និង​អាជ្ញាធរខេត្ត​បាន​ចេញ​ដីកា​ដកហូត​ដី​នេះ​រួចមក​ហើយ​ក៏ដោយ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​កាលពី​ឆ្នាំ ២០១៨ សាលាខេត្ត និង​ក្រសួង​បរិស្ថាន​បាន​ចេញ​ដីកា​ដកហូត​ដី​ទំហំ​ជាង ១៥០ ហិកតា ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ដើម្បី​ទុក​ជា​តំបន់​អភិរក្ស​ឡើងវិញ ក្រោយពី​ដី​ទាំងនោះ​ត្រូវ​បាន​បុគ្គល​ឈ្មោះ សៀង សាម៉េន ​ឈ្មោះ អ៊ូ សំរេចចេស្ដា ឈ្មោះ កុល វិចិត្រ និង​បុគ្គល​មួយចំនួន​ទៀត​ទន្ទ្រាន​កាន់កាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​។

លោក​បន្តថា​ប៉ុន្តែ​មកដល់​ពេល​នេះ​អាជ្ញាធរ​មិនទាន់​បាន​ចុះ​អនុវត្ត​ដីកា​ដកហូត​ដី​នោះទេ ហើយ​លោក​បាន​ចោទ​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ​ថា បាន​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ក្រុម​អ្នក​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​បន្តកាន់កាប់​ជា​ដី​កម្មសិទ្ធិ​ឯកជន​ហើយ​បាន​យក​កូនដើម​ស្វាយ ខ្នុរ និង​ដូង ទៅ​ដាំ​លើ​ដី​អភិរក្ស​នោះ​បន្ថែម​ទៀត​។

លោក​ ជា ហ៊ាន​ថា​៖ «​នៅពេល ​(​អាជ្ញាធរ​) ​មិន​អនុវត្ត​នៅពេល​មាន​ដីកា​ដកហូត ហើយ​ជនប្រព្រឹត្ត​នៅតែ​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ​អ៊ីចឹង​នៅពេល​ដំណាំ​ហ្នឹង​ទទួលផល ហើយ​ចុះ​អនុវត្តតាម​ដីកា​គឺ​នឹង​ធ្វើឱ្យ​ប្រឈមមុខ​នឹង​ការប្ដឹង​ផ្ដល់​គ្នា​ពី​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​។ អ៊ីចឹង​នឹង​ធ្វើឱ្យ​មាន​ឧបសគ្គ​ក្នុង​ការអនុវត្ត​ច្បាប់​»​។

ប្រធាន​អង្គការ​រូបនេះ​បន្ថែម​ថា​ការ​បណ្ដែតបណ្ដោយ​មិន​ដកហូត​ដី​អភិរក្ស​មកវិញ​នេះ​គឺជា​កំហុស​របស់​រដ្ឋបាលខេត្ត និង​ក្រសួងបរិស្ថាន​។

កាលពី​ថ្ងៃទី​ ០៧ ខែ​តុលា​លោក​ ជា ហ៊ាន ក៏បាន​ដាក់​លិខិត​ស្នើសុំ​ការអនុវត្ត​ដីកា​ដកហូត​ដី​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី សំណាង ដើម្បី​ឱ្យ​អភិបាលខេត្ត​រូបនេះ​ចាត់​មន្ត្រី​បរិស្ថាន​ខេត្ត​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ដកហូត​ដី​ជាង ១៥០ ហិកតា​មកវិញ​ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​អះអាង​ថា​ជនល្មើស​កំពុង​មាន​គម្រោង​លក់​ដី​ក្នុង​ដែន​ជម្រក​ទាំងនោះ​។

ទោះជា​យ៉ាង​ណា​លោក វ៉ី សំណាង បាន​លើកឡើង​ថា​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ដោយ​សហការ​ជាមួយ​មន្ត្រី​កងកម្លាំង​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នេះ ប៉ុន្តែ​មិនទាន់​ដឹង​អំពី​ពេលវេលា​នៃ​ការចុះពិនិត្យ​ជាក់លាក់​នោះ​ទេ ដោយសារ​ខេត្ត​នៅ​ខ្វះ​មន្ត្រី​ និង​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុង​ការចុះ​ទៅ​ពិនិត្យ​នោះ​។

លោក​បញ្ជាក់ថា​៖ «​រៀប​នឹង​ទៅ​ហ្នឹង យើង​ត្រូវ​ប្រើប្រាស់​អី​ខ្លះ មិន​ត្រូវ​ប្រើប្រាស់​មន្ត្រី អ៊ីចឹង​! ទី​១ ​មន្ត្រី​ជំនាញ ទី​២ ​មធ្យោបាយ​សម្រាប់​ពួក​ហ្នឹង​ធ្វើដំណើរ ទី​៣ ​កងកម្លាំង​សហការ ទី​៤ ​យើង​ត្រូវមាន​ថវិកា​សម្រាប់​យក​ទៅ​អនុវត្ត ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​មាន​អាអស់​ហ្នឹង​»​។

ទោះជា​យ៉ាងណា​លោក វ៉ី សំណាង ប្ដេជ្ញា​ថា​ថ្វី​ដ្បិត​ក្នុង​ដែនជម្រក​សត្វព្រៃ កំពុង​ត្រូវគេ​កាន់កាប់​ និង​លួច​ដាំ​កូនឈើ​ក្ដី ប៉ុន្តែ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យមាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ជា​ឯកជន​ដាច់ខាត​។

ជាមួយ​គ្នា​នេះ​លោក ឯម ​សុគុណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា ដី​ទាំង​ជាង ១៥០ ​ហិកតា​ ដែល​ត្រូវ​រដ្ឋបាលខេត្ត​ និង​ក្រសួង​បរិស្ថាន​ចេញ​ដីកា​ដកហូត​មកវិញ​នោះ គឺ​ត្រូវ​បាន​គេ​លួច​ដាំ​កូនឈើ​មែន ប៉ុន្តែ​ជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​នោះ​។

មន្ត្រី​រូបនេះ​បញ្ជាក់​ថា សកម្មភាព​លួច​ដាំ​កូនឈើ​លើ​ដី​ដែន​អភិរក្ស​នេះ គឺធ្វើ​ឡើង​នៅពេល​យប់ ហើយ​កន្លង​មក​មន្ត្រី​មន្ទីរ​បរិស្ថាន គឺ​តែង​ចុះ​ទៅ​ដក​កូនឈើ​ទាំងនោះ​វិញ​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​គាត់​ (​ជា ហ៊ាន​) ​ចោទប្រកាន់​តែ​ផ្ដេស​តែ​ផ្ដាស​ចោទប្រកាន់​គ្មាន​ភ័ស្ដុតាង​អី​ផង គាត់​ចោទថា មន្ទីរ​អ៊ីចេះ​អ៊ីចុះ​មាន​មាត់​ចេះតែ​និយាយ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​មិនអាច​រក​ប្រភព​ទាក់ទង​ទៅ​ឈ្មោះ សៀង សាម៉េន ឈ្មោះ អ៊ូ សំរេចចេស្ដា ឈ្មោះ កុល វិចិត្រ​ និង​បុគ្គល​មួយ​ចំនួន​ទៀត ដែល​រង​ការចោទប្រកាន់​កំពុង​មាន​ចេតនា​យក​ដី​អភិរក្ស​ទៅ​លក់​នោះទេ​។

បើ​តាម​លោក ជា ហ៊ាន ដី​អភិរក្ស​រាប់ពាន់​ហិកតា​ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​គឺ​ត្រូវ​បាន​កាប់​ទន្ទ្រានព្រៃ​យក​ដី ហើយ​កន្លង​មក​ក៏ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​ដីកា​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ ប៉ុន្តែ​ការអនុវត្ត​ដីកា​ទាំងនោះ​គឺ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដោយសារ​ជនល្មើស​នៅ​តែ​អាច​លួច​កាន់កាប់​ដី​ទាំងនោះ​ដដែល​។

បើ​តាម លោក វ៉ី សំណាង និង​លោក​ ឯម សុគុណ នៅមាន​ដី​ក្នុង​ដែន​អភិរក្ស​បន្ថែមទៀត​នឹង​ត្រូវ​ធ្វើលិខិត​ដកហូត​បន្ត​។

លោក វ៉ី សំណាង បាន​ថ្លែង​ឲ្យ​ដឹងថា ដី​ដែន​ជម្រក​ដែល​ត្រូវ​ដកហូត​ទាំង​អម្បាលម៉ាន​គឺ​ត្រូវ​ដាំ​កូនឈើ​ឡើងវិញ នៅពេល​រដ្ឋបាលខេត្ត​មាន​ថវិកា​​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​កិច្ចការ​នោះ​៕