ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៩ ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ឲ្យ​ពិគ្រោះ​យោបល់​ជាមួយ​សាធារណជន អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ ខណៈ​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា​​ ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​។

ការស្នើ​នេះ​ធ្វើ​ឡើង​នៅក្នុង​វេទិកា​ស្តីពី​ «​ការចូលរួម​របស់​សាធារណជន​នៅក្នុង​ដំណើរការ​រៀបចំ​ថវិកា​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​» ​នៅ​សណ្ឋាគារ​សាន់វ៉េ​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត​ ៣០០ ​នាក់​ក្នុង​នោះ​មាន​មន្ត្រី​ក្រសួង​មហាផ្ទៃ អង្គការ​សង្គម​ស៊ីវិល​ជាង​ ១០ មាន​និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​នានា​។

ការស្នើ​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់​គណៈរដ្ឋមន្ត្រី​បាន​ប្រកាស​បើក​កិច្ចប្រជុំ​ពេញអង្គ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០១៩ ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក​ អ៊ុក វណ្ណារ៉ា នាយក​ប្រតិបត្តិ​រង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​វេទិកា​នោះ​ថា​ដើម្បី​ឲ្យ​សាធារណជន​ចូលរួម​បាន​ទាល់តែ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ជា​វេទិកា ជា​សាធារណៈ ឬ​សិក្ខា​សាលា ដើម្បី​ឲ្យ​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មាន​ឱកាស​ចូលរួម​ចំណែក​ប្រាប់​ពី​តម្រូវការ​អាទិភាព​ជាក់លាក់​របស់​ប្រជាពលរដ្ឋ​មុន​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​ថា​៖ «​គ្មាន​ការចូលរួម​​ពី​ពួកគាត់​ទេ​ (​សាធារណជន​) ​ពួកគាត់​អត់​បាន​លើក​ពី​តម្រូវការ​របស់​ពួកគាត់​ពិតប្រាកដ​ដូច្នេះ​អាច​នឹង​ធ្វើឲ្យ​មាន​ការ​ប៉ាន់ប្រមាណ​ពី​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខុស ជាពិសេស​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅក្នុង​សង្គម ដូច្នេះ​ការចូលរួម​នេះ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​គាត់​ដឹង​ពី​កន្លែង​ណា​ដែល​រមាស់​ដូច្នេះ​យើង​អេះ​ឲ្យ​ចំ​កន្លែង​រមាស់​។ បើ​យើង​អេះ​មិន​ចំ​កន្លែង​រមាស់ គាត់​នៅ​តែ​បន្ត​អេះ​ដដែល អ៊ីចឹង​នៅ​តែ​មាន​បញ្ហា​ដដែល​»​។

លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ថា ប្រជាពលរដ្ឋ​ទាំងអស់​មាន​តួនាទី​ក្នុងការ​ចូលរួម​ផ្តល់យោបល់ និង​ពិនិត្យ​រាល់​ការចំណាយ​របស់​រដ្ឋាភិបាល​ថា​តើ​សមស្រប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែរ​ឬ​ទេ ហើយ​បាន​អះអាង​ថា​ការចូលរួម​ក្នុង​ដំណើរការ​ថវិកា​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់តែ​មាន​ការ​ទទួល​ខុសត្រូវ និង​បង្កើន​កិច្ចប្រឹងប្រែង​លើក​កម្ពស់​អភិបាលកិច្ច​ក្នុង​ការ​ប្រើប្រាស់​ថវិកា​។

លោក​បញ្ជាក់​ថា​៖ «​ដើម្បី​បន្ត​នូវ​កំណើន​សេដ្ឋកិច្ច និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​នាពេល​ខាង​មុខ​ទាមទារ​នូវ​ការពង្រឹង​ការចូលរួម​ពី​សាធារណជន ជាពិសេស​គឺ​យុវជន​ក្នុង​ដំណើរ​ការរៀបចំ​ និង​តាមដាន​ការប្រើប្រាស់​ថវិកា​ព្រមទាំង​ការបើក​ទូលាយ​នូវ​ព័ត៌មាន​អំពី​ថវិកា​ដល់​សាធារណជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​»​។

លោក​ ឡុង សូយ គ្រូបង្រៀន​មកពី​ខេត្ត​ស្វាយរៀង​អះអាង​ថា​៖ «​យើង​ចង់​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​បង្ហាញ​ថវិកាជាតិ និង​ការចំណាយ​ឲ្យ​បាន​ច្បាស់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​ការអភិវឌ្ឍ​ផ្លូវថ្នល់ ហើយ​ថា​ការចាយវាយ​នោះ​មាន​ប៉ុន្មាន​ដំណាក់កាល​។ យើង​ឃើញ​ថា​មាន​ការ​លាក់លៀម​ថវិកា​ជាតិ​»​។

សុផានណា និស្សិត​ស្រី​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និយាយ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ផ្តល់​យោបល់​ទាក់ទង​នឹង​ថវិកាជាតិ​ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​បង់ពន្ធ​ជូន​រដ្ឋាភិបាល​។

នាង​បន្ថែម​ថា​៖ «​ថវិកា​ទាំងអស់​ហ្នឹង​គឺ​កើត​ចេញ​ពី​ការប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​។ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដឹង និង​ឮ​ទាក់ទង​រឿង​ថវិកាជាតិ​។ ថវិកាជាតិ​គួរ​បង្ហាញ​ជា​សាធារណៈ​មុន​ពេល​ដែល​សភា​ធ្វើការ​អនុម័ត​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា​៖ «​នេះ​គឺជា​ការសម្រេច​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ហើយ​គ្មាន​អង្គការ​ណា​មក​លូកលាន់ និង​ជ្រៀតជ្រែក​បាន​ទេ​។ អង្គការ​សង្គម​ស៊ីវិល​គួរតែ​យក​ចិត្ត​ទុកដាក់ និង​តាមដាន​សកម្មភាព​នៅ​រដ្ឋសភា​។ ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ​នៅ​ក្នុង​រដ្ឋាភិបាល​ក្នុង​ការលើក​ឡើង​ពី​ថវិកា​ជាតិ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​រាយការណ៍ និង​តតាំង​នៅ​រដ្ឋសភា​នេះ​គឺជា​នីតិវិធី​»៕