ភ្នំពេញៈ លោកស្រី នុង សុជាតិ បានយល់ដឹងច្បាស់អំពីវិសាលភាពនៃការរំលោភបំពានកុមារ។ ជាទីប្រឹក្សារបស់អង្គការ First Step Cambodia (FSC) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលផ្តោតលើបុរសលោកស្រី សុជាតិ ផ្តល់ការគាំពារដល់ក្មេងប្រុស បន្ទាប់ពីហេតុការណ៍បំពានផ្លូវភេទ។
លោកស្រី ថ្លែងថា ប៉ុន្តែ ការការពារកុមារក៏មានន័យថា ត្រូវប្រឈមនឹងអាកប្បកិរិយាបង្កគ្រោះថ្នាក់ផ្លូវភេទផងដែរ។ អាកប្បកិរិយាបង្កគ្រោះថ្នាក់ផ្លូវភេទគឺជាពាក្យវេជ្ជសាស្រ្តមួយ នៅពេលកុមារបង្កគ្រោះថ្នាក់ ឬបំពានផ្លូវភេទកុមារដទៃទៀត។
អ្នកស្រី សុជាតិ បន្ថែមថា៖ «ប្រសិនបើយើងមិនអាចបញ្ឈប់អាកប្បកិរិយានោះ វាអាចក្លាយជាវាលវដ្តសង្សារ។ យើងមិនអាចមើលឃើញកុមារទាំងនោះក្លាយជាជនល្មើសពេលធំពេញវ័យនៅថ្ងៃអនាគតឡើយ»។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា អាកប្បកិរិយាបង្កគ្រោះថ្នាក់ផ្លូវភេទ ក្នុងចំណោមកុមារ ពុំត្រូវបានដោះស្រាយទាល់តែសោះនៅកម្ពុជា បើទោះបីជាស្ថិតិបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហានេះក៏ដោយ។
ការសិក្សារបស់អង្គការសហប្រជាជាតិមួយ ដែលបានធ្វើឡើងកាលពីឆ្នាំមុន បានរាយការណ៍ថា ក្នុងចំណោមបុរស ២០,៤ ភាគរយដែលបានសារភាពថា បានប្រព្រឹត្តអំពើសេពសន្ថវៈយ៉ាងហោចណាស់ម្តង ៥២ ភាគរយបានប្រព្រឹត្តអំពើនេះពេលជាក្មេងជំទង់ចំណែកឯ ១៥,៨ ភាគរយពេលមានអាយុក្រោម ១៥ ឆ្នាំ។
លោក Alastair Hilton ទីប្រឹក្សាបច្ចេកទេសនៅអង្គការ FSC បានថ្លែងថា ភ័ស្តុតាងជារឿងរ៉ាវក៏បានបង្ហាញថា វាជា «បញ្ហាធំ» ផងដែរ។
លោកបានបន្ថែមថា ៥០ ភាគរយនៃករណីនៅ សៀមរាប ដែលអង្គការ FSC បានចាប់ផ្តើមគម្រោងសាកល្បងឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហានេះ គឺជាប់ពាក់ព័ន្ធនឹងកុមារអាយុ ១២ ឆ្នាំ ដែលបំពានផ្លូវភេទលើកុមារដទៃទៀត។ លោក Hilton ដែលធ្លាប់ធ្វើការលើបញ្ហានេះជាបុគ្គលិកសង្គមកិច្ចនៅចក្រភពអង់គ្លេស បានថ្លែងថា ជាធម្មតា លោកបានដឹងពីហេតុការណ៍នៃអាកប្បកិរិយាបង្កគ្រោះថ្នាក់ផ្លូវភេទ បន្ទាប់ពីមានការបញ្ជូនមកពីអង្គការមួយដែលជាដៃគូរបស់អង្គការ FSC ដូចជា មន្ទីរពេទ្យកុមារអង្គរ នៅ សៀមរាប ឬម្លប់តាប៉ាង នៅ ក្រុងព្រះសីហនុ ពីឪពុកម្តាយ ឬអ្នកថែទាំជនរងគ្រោះ ឬពីកុមារផ្ទាល់។
លោកបន្ថែមថា៖ «បន្ទាប់ពីមានការបញ្ជាក់ថា ពួកគេត្រូវបានរំលោភបំពាន វាអាចដែលពួកគេនិយាយពីកុមារបង្កគ្រោះថ្នាក់ដល់ពួកគេ ជាជាងមនុស្សពេញវ័យក្នុងករណីមួយចំនួន»។
លោកស្រី សុជាតិ ថ្លែងថា កុមារដែលមានបញ្ហាអាកប្បកិរិយា ជាញឹកញាប់ ភ័យខ្លាចក្នុងការចាប់ផ្តើមការប្រឹក្សា ព្រោះពួកគេព្រួយបារម្ភថា ពួកគេនឹងជួបបញ្ហាជាមួយនឹងបុគ្គលិកអង្គការឬនគរបាល។ កុមារមិនអាចកំណត់អត្តសញ្ញាណពីពេលដំបូងថា សកម្មភាពណារបស់ខ្លួនបង្កគ្រោះថ្នាក់ទេ។
លោក Hilton ថ្លែងថា៖ «អង្គការសិទ្ធិមនុស្សឬនគរបាល ប្រាប់ទៅក្មេងទាំងនោះ អប់រំពួកគេឡើងវិញ និងបញ្ជូនពួកគេទៅផ្ទះ ប៉ុន្តែអ្វីដែលពួកគេនិងគ្រួសាររបស់ពួកគេត្រូវការគឺការគាំទ្រខ្លាំងក្លា និងការជួយជម្នះបញ្ហាទាំងនេះ ដែលជាញឹកញាប់ក្នុងរយៈពេលយូរ»។ លោកបន្តថា ស្ថាប័នគាំពារកុមារជាច្រើន ដូចជាមណ្ឌលកុមារកំព្រា មិនអើពើចំពោះបញ្ហាទាំងនេះដោយភ័យខ្លាចថា នឹងមានបញ្ហាជាមួយរដ្ឋាភិបាល។
លោក Hilton បន្តថា៖ «នេះអាចនាំឲ្យមានការរំលោភកាន់តែច្រើនឡើងដោយសារការពិតត្រូវបានលាក់បាំង ប៉ុន្តែបញ្ហាស៊ីជម្រៅ ដែលនាំឲ្យមានការរំលោភបំពាននេះនៅតែមាន»។
លោកបន្ថែមថា ការរាយការណ៍អំពីករណីរំលោភបំពានកុមារគួរតែជាលក្ខណៈតម្រូវជាចាំបាច់។ ការអប់រំបន្ថែមទៀតទៅក្រុមអ្នកគាំពារតាមស្ថាប័នឲ្យទទួលស្គាល់បញ្ហានេះគួរត្រូវអនុវត្តផងដែរ។
លោកបន្តទៀតថា ក្នុងចំណោមអ្វីដែលសំខាន់បំផុតនោះគឺត្រូវធានាថា កុមារដែលជាញឹកញាប់មានអាយុក្មេងរហូតដល់ ៦ឆ្នាំ ដែលអាចជាជនល្មើស និងជនរងគ្រោះ ត្រូវបានជួយជាជាងការមិនយកចិត្តទុកដាក់ចំពោះពួកគេ។ ការវាយតម្លៃទូលំទូលាយ និងការប្រឹក្សាយោបល់គួរផ្តល់អាទិភាពផងដែរ ជាជាងយកទៅដាក់ពន្ធនាគារ ជាពិសេសចំពោះអនីតិជនអាយុក្រោម ១៤ ឆ្នាំ។ «ទាំងជនរងគ្រោះ និងកុមារដែលមានឥរិយាបទហិង្សាគឺត្រូវការការជួយ...ពួកគេអាចព្យាយាមដាក់ទោសទៅលើកុមារ ប៉ុន្តែនៅទីបំផុតមិនបានជួយអ្វីទេ»។
មន្រ្តីមួយចំនួនបម្រើការនៅនាយកដ្ឋានសុខុមាលភាពសង្គម និងគាំពារកុមារ នៃក្រសួងសង្គមកិច្ចអតីតនីតិជន និងយុវនីតិសម្បទាបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោកស្រី សុជាតិ ថ្លែងថា ការសំដៅទៅឥរិយាបថបង្កការរំលោភបំពានផ្លូវភេទបានកើនឡើងជាប់ជានិច្ចតាំងពីករណីដំបូងបានកើតមានឡើងក្នុង ឆ្នាំ២០១១។ ចាប់តាំងពី ឆ្នាំ២០១៣ មានការរំលោភចំនួន ២៧ ករណីត្រូវបានយកដោយ FSC។ ខណៈលោកស្រី សុជាតិ ថ្លែងថា ការសិក្សារឹងមាំមួយ ត្រូវធ្វើឡើងពីមុនពេលលោកស្រីអាចធ្វើការសន្និដ្ឋាន លោកស្រីធ្វើការទស្សន៍ទាយតាមរយៈបទពិសោធរបស់លោកស្រីថា ទម្រង់រំលោភកុមារជាច្រើន ការមានបទពិសោធទទួលរង ឬការមើលឃើញពីអំពើហិង្សាក្នុងគ្រួសារគឺទាំងអស់នេះជាកត្តាដែលនាំឲ្យមានឥរិយាបទបែបនេះ។
លោកស្រីបន្តថា ឥរិយាបទទូទៅមួយទៀតគឺថា សមាជិកគ្រួសារ ឬសហគមន៍បង្ហាញភាពយន្តអាសអាភាសឲ្យកុមារឃើញដោយមិនយល់ដឹងអំពីផលប៉ះពាល់ផ្លូវចិត្តរបស់ពួកគេ។ លោកស្រីបន្តថា៖ «ពួកគេអាចបង្ហាញភាពយន្តអាសអាភាសក្នុងកុំព្យូទ័រទៅកុមារឃើញ ហើយពួកគេអាចប្រាប់ទៅក្មេងប្រុសថា បុរសពិតគឺត្រូវខ្លាំងនិងធ្វើបែបនោះ»។
បើទោះបីជាមានស្ថិតិនិងភ័ស្តុតាងលោក Hilton បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវក្នុងស្រុកដែល FSC គ្រោងធ្វើឡើងនៅឆ្នាំក្រោយត្រូវតែធ្វើឡើងដោយហ្មត់ចត់នៅមុនពេលឈានដល់ការសន្និដ្ឋាន។ «យើងក៏ត្រូវការធ្វើការសិក្សាអំពីថា តើយើងត្រូវធ្វើការងារដូចម្តេចជាមួយកុមារគ្រួសារនិងអ្នកដទៃៗទៀតដើម្បីគាំទ្រពួកគេ និងការពារមិនឲ្យវាកើតឡើងទៀតទាំងពេលបច្ចុប្បន្ននិងពេលអនាគត»៕