ភ្នំពេញៈ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តតាកែវដែលត្រូវជាស្រុកកំណើតលោកបណ្ឌិត កែម ឡី បានស្នើអភិបាលរាជធានីភ្នំពេញតម្កល់រូបសំណាកអ្នកវិភាគល្បីឈ្មោះដែលត្រូវបានគេបាញ់សម្លាប់រូបនេះនៅក្នុងបរិវេណទីលានប្រជាធិបតេយ្យដោយអះអាងថាដើម្បីរំឭកវីរភាពរូបគាត់។
ក្នុងលិខិតស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ផ្ញើជូនអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្សចុះថ្ងៃ ១៧ ខែសីហាបានលើកឡើងថាប្រជាពលរដ្ឋខ្មែររាប់លាននាក់គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយចាត់ទុកគាត់ជាវីរបុរសរបស់ពួកគាត់។
ក្នុងលិខិតបញ្ជាក់ថា៖ «ជាមួយគ្នានេះពួកគាត់ព្រមទាំងរូបខ្ញុំផ្ទាល់មានបំណងសាងសង់ និងតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅបរិវេណទីលានប្រជាធិបតេយ្យដើម្បីរំឭកដល់វីរភាពរបស់លោកបណ្ឌិតដែលលោកជានិមិត្តរូបនៃសេរីភាពបញ្ចេញមតិ»។
អ្នកនាំពាក្យសាលារាជធានីលោក មាន ចាន់យ៉ាដា បានថ្លែងថាលោកមិនទាន់ទទួលលិខិតស្នើសុំនោះទេហើយលោកថា៖ «ខ្ញុំឆ្លើយមិនទាន់បានទេទាល់តែសុំយោបល់ថ្នាក់ដឹកនាំព្រោះនេះលើសកម្រិតដែលខ្ញុំឆ្លើយមុនបានទាល់តែសុំថ្នាក់ដឹកនាំដើម្បីសម្រេចព្រោះត្រូវជជែកគ្នាថាហេតុផលអីដែលត្រូវដាក់អ៊ីចឹងចាំជជែកគ្នាពេលក្រោយ»។
កន្លងទៅគណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់បានស្នើទៅរដ្ឋាភិបាលឱ្យដាក់បញ្ចូលថ្ងៃទី ១០ កក្កដាដែលជាថ្ងៃលោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់ទៅជាថ្ងៃឈប់សម្រាកទូទាំងប្រទេស និងដាក់ឈ្មោះថាទិវាជាតិនៃសេរីភាពបញ្ចេញមតិ។
តែអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងថាទោះបីជាលោក កែម ឡី មានមនុស្សជាច្រើនចូលចិត្តគាត់ក៏ដោយតែមិនទាន់ដល់ថ្នាក់ចាត់ទុកគាត់ជាវីរបុរសនោះទេហើយលោកជឿថា «រឿង កែម ឡី ជារឿងឯកជនសុទ្ធសាធ»។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅក្នុងផ្សារទំនើបស្តាម៉ាត ការ៉ាស់សាំងកាល់តិចបូកគោក្នុងរាជធានីភ្នំពេញដែលមានមនុស្សច្រើនអ៊ូអរកាលពីព្រឹកថ្ងៃទី ១០ ខែកក្កដាហើយសពរបស់លោកត្រូវបានដង្ហែយកទៅបញ្ជុះនៅស្រុកកំណើតក្នុងខេត្តតាកែវកាលពីថ្ងៃទី ២៤ ខែកក្កដាដែលគេប៉ាន់ប្រមាណថាមានមនុស្សចូលរួមដង្ហែប្រមាណ ២ លាននាក់។ រហូតមកដល់ពេលនេះមានរយៈពេល ១ ខែ ៨ ថ្ងៃហើយសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនអ្នកនៅពីក្រោយណាម្នាក់ផ្សេងទៀតនៅឡើយទេក្រៅពីឈ្មោះ ជួប សម្លាប់ ដែលសមត្ថកិច្ចអះអាងថាជាជនដៃដល់ហើយត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីបានធ្វើការបាញ់សម្លាប់លោក កែម ឡី។
ចំណែកនៅកន្លែងបញ្ចុះសពលោក កែម ឡី គិតមកដល់ត្រឹមថ្ងៃម្សិលមិញនៅតែមានប្រជាពលរដ្ឋជាហូរហែមកពីតាមបណ្តាខេត្តនានានៅតែបន្តទៅអុជធូបគោរពវិញ្ញាណក្ខន្ធរបស់លោកនៅឡើយ៕