The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គ្រោះ​ជាតិ​បង្កើន​សម្ពាធ​ក្នុង​ស្រុក​ទៅ​លើ​បក្ស​កាន់​អំណាច

សង្គ្រោះ​ជាតិ​បង្កើន​សម្ពាធ​ក្នុង​ស្រុក​ទៅ​លើ​បក្ស​កាន់​អំណាច

សង្គ្រោះ​ជាតិ​បង្កើន​សម្ពាធ​ក្នុង​ស្រុក​ទៅ​លើ​បក្ស​កាន់​អំណាច

131216_05
អ្នកគាំទ្រសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យម្សិលមិញ

អត្ថបទ​វិភាគ

ភ្នំពេញៈ ដោយ​ប្តូរ​ទៅ​យុទ្ធសាស្រ្ត​នៃ​ការ​ធ្វើ​បាតុកម្ម​មិន​ឈប់​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ គណបក្ស​ប្រឆាំង បាន​ធ្វើ​ផែនការ​រឹត​បន្តឹង​យុទ្ធសាស្រ្ត​របស់​ខ្លួន និង​បាន​បង្កើន​សម្ពាធ​ក្នុង​ស្រុក​ទៅ​លើ​គណបក្ស​កាន់​អំណាច​ដើម្បី​ឲ្យ មាន​ការ​ឆ្លើយ​តប។ នេះ​បើ​តាម​អ្នក​វិភាគ​នយោបាយ​ម្នាក់ ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

ចាប់​តាំង​ពី​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ប៉ុន្តែ សំណើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នេះ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ច្រាន​ចោល​ជានិច្ច ហើយ​សហគមន៍​អន្តរជាតិ មិន​មាន​ឆន្ទៈ​គាំទ្រ​ខ្លាំង​ក្លា​ជាក់​លាក់​ណា​មួយ​ឡើយ។ ជា​លទ្ធផល គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឆ្លើយ​តប​ទៅ​តាម​ក្រុម​អ្នក​គាំទ្រ និង​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជំរុញ​គណបក្ស​នេះ ដោយ​សារ​ពួក​គេ​គិត​ថា គណបក្ស​នេះ​មាន «ភាព​ទន់​ពេក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស ប្រជាជន»។ នេះ​បើ​តាម​លោក Phoak Kung ដែល​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Warwick។ លោក Phoak Kung អ្នក​ស្រាវជ្រាវ ដែល​ផ្តោត​ទៅ​លើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា៖ «ការ​ឯកភាព​គ្នា​ដែល​ជា​ការ​ចាប់ផ្តើម​មួយ (យ៉ាង​ហោច​ណាស់​នៅ​ក្នុង​រង្វង់​គណបក្ស​ប្រឆាំង) គឺ​ថា ពួក​គេ​ត្រូវ​យក​ជំហរ​ស្វិតស្វាញ​ជាង​មុន​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ខ្លួន»។

ប្រធាន ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ចេញ​របាយ​ការណ៍​ទូលំ​ទូលាយ​មួយ​ដោយ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) ផ្តល់​នូវ​កម្លាំង​ជំរុញ​ដល់​គណបក្ស​ប្រឆាំង តាម​រយៈ​ការ​ផ្តល់ «ភ័ស្តុតាង​យ៉ាង​ច្បាស់​អំពី​ការ​ក្លែង​បន្លំ​ដ៏​ធំ»។

លោក​ស្រី​បន្ត​ថា៖ «ពួក​គេ [គណបក្ស​ប្រជាជន] មិន​អាច​បន្ត​បដិសេធ​វា​បាន​ទេ។ យើង​មិន​អាច​ទទួល​យក​ការ​បដិសេធ​នោះ​បាន​ទេ»។ «យើង​ត្រូវ​ការ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត ឡើង​វិញ​មួយ​នៅ​ក្នុង​ឆ្នាំ ២០១៤ ហើយ​យើង​ត្រូវ​យក​របាយ​ការណ៍​របស់ ERA ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត»។

ប៉ុន្តែ បើ​តាម​លោក Kung បើ​ទោះ​បី​ជា​ការ​តវ៉ា​ជា​រៀងរាល់​ថ្ងៃ​អាច​ផ្តល់​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ​នូវ​កម្លាំង​ខ្លាំង​ជាង​មុន​ដើម្បី​បង្ខំ​ឲ្យ​មាន​សម្បទាន ពី​គណបក្ស​កាន់​អំណាច​ក៏​ដោយ «មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​តែ​មាន​លក្ខណៈ​ប្រាកដ​ច្បាស់​មួយ» អំពី​អ្វី​ដែល​ពួក​គេ​អាច​ទទួល​បាន។

លោក​ថ្លែង​ថា៖ «វា​មាន​ចំណុច​ជាក់​ច្បាស់​មួយ​ដែល​គណបក្ស​ប្រជាជន​មិន​អាច​ធ្វើ​ហួស​ពី​ចំណុច​នោះ ដូចជា​ការ​បោះឆ្នោត​ឡើង​វិញ​តំណែង​ប្រធាន​រដ្ឋសភា និង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ភាព​ជាប់​គាំង​បច្ចុប្បន្ន​អាច​ដោះស្រាយ​បាន តែ​តាម​រយៈ​ជជែក​ចរចា និង​ការ​សម្រុះ​សម្រួល​គ្នា​ប៉ុណ្ណោះ»។

ទោះ​យ៉ាង​ណា​ក្តី បក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា ខ្លួន​មាន​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​ផ្លាស់ប្តូរ​នយោបាយ កម្ពុជា ហើយ​ដូច្នេះ «បាន​បង្កើន​ការ​ប្រើ​ប្រាស់​ការ​តវ៉ា​ទ្វេ​ដង​ដោយ​សារ​វា ជា​អាវុធ​នយោបាយ​តែ​មួយ​គត់​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ នេះ​បើ​តាម​លោក Peter Tan Keo អ្នក​វិភាគ​នយោបាយ​ឯករាជ្យ។

លោក​បាន​ថ្លែង​ថា៖ «គ្មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ចំពោះ​គណបក្ស​នៅ​ចំណុច​នេះ​ទេ។ ជំនឿ​របស់​ខ្ញុំ​គឺថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជិះ​លើ «រលក​នៃ​ការ​ផ្លាស់​ប្តូរ» ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

លោក​បាន​បន្ត​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​ឬ​គណបក្ស​ប្រឆាំង​ណា​មួយ​អាច​នឹង​មិន​មាន​ឱកាស​នេះ​ម្តង​ទៀត​ទេ»។

លោក Carlyle Thayer អ្នក​ជំនាញ​អំពី​អាស៊ី​អាគ្នេយ៍​នៅ​រាជ​បណ្ឌិត្យ​កង​កម្លាំង​ការពារ​ជាតិ​អូស្រ្តាលី​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទំនង​ជា​ធ្វើ​សម្បទាន​តិច​តួច​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​មាន​សម្ពាធ​ពី​គ្រប់​ភាគី រួម​ទាំង​សម្ព័ន្ធមិត្ត​ជិត​ដិត​ក៏​ដោយ។

ការ​រាយការណ៍​កាល​ពី​ថ្ងៃ ទី៤ ធ្នូ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស ចិន បាន​បង្ហាញ​អំពី​ការ​រិះគន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទៅ​លើ​រដ្ឋាភិបាល និង​ចោទ​សួរ​ទៅ​លើ​ឆន្ទៈ​នយោបាយ​របស់​លោក ហ៊ុន សែន ចំពោះ​ការ​អនុវត្ត​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​ស្នើ​ឡើង។

លោក Thayer បាន​ថ្លែង​នៅ​ក្នុង​អ៊ីមែល​ថា៖ «នៅ​ពេល លោក ហ៊ុន សែន ចាប់​ផ្តើម​កម្មវិធី​កំណែ​ទម្រង់​នយោបាយ​មាន​កំណត់​នោះ​នឹង​បន្ធូរ​បន្ថយ​សម្ពាធ​ពី​នៅ​ក្នុង​គណបក្ស​ប្រជាជន និង​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​ចិន»។

លោក​បាន​បន្ត​ទៀត​ថា៖ «គណបក្ស​ប្រឆាំង​ប្រឈម​មុខ​នឹង​ភាព​លំបាក​អំពី​ថា តើ​ត្រូវ​គាំទ្រ​កំណែ​ទម្រង់​ទំាង​នេះ ឬ​បន្ត​នៅ​ក្រៅ​ដំណើរការ ហើយ​ច្រាន​ចោល​កំណែ​ទម្រង់​ទាំង​អស់​នោះ​ថា គ្មាន​ន័យ​...គណបក្ស​ប្រឆាំង​ទំនង​ជា​មាន​លក្ខណៈ​ប្តេជ្ញា​ចិត្ត​ខ្លាំង និង​មិន​មាន​ការ​សម្រុះ​សម្រួល​ពី​កំណែ​ទម្រង់​តិច​តួច ដែល​នឹង​គ្រាន់​តែ​ពង្រឹង​អំណាច​របស់​របប​លោក ហ៊ុន សែន នៅ​ក្នុង​អំណាច​ប៉ុណ្ណោះ​នោះ​ឡើយ»។

ខណៈ​អាជ្ញាធរ​នៅ​កន្លែង​បាតុកម្ម​នា​ពេល​ថ្មីៗ​នេះ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តវ៉ា ធ្វើ​ការ​ដង្ហែ និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី លោក Thayer បាន​បន្ថែម​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រហែល​ជា​កំពុង​សង្ឃឹម​ទទួល​បាន ការ​ឆ្លើយ​តប​ខ្លាំង​ជាង​មុន។

លោក​បន្ត​ថា៖ «ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា លោក សម រង្ស៊ី កំពុង​សង្ឃឹម​ឲ្យ​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ប្រដាប់​អាវុធ​ដើម្បី​បង្កើត​ឲ្យ​មាន​កម្លាំង​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង សម្រាប់​ចលនា​របស់​គាត់។ ប្រតិកម្ម​ខ្លាំង​ជ្រុល​ណា​មួយ​ពី​អាជ្ញាធរ​ប្រដាប់​អាវុធ​នឹង​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើង»។

បើ​ទោះ​បី​ជា​មាន​ការ​ប្រៀប​ធៀប​រវាង​ចលនា​តវ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង ថៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ ក៏​ដោយ ក៏​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ទាំង​ពីរ មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ដែរ។ នេះ​បើ​តាម​លោក John D. Ciorciari អ្នក​ឃ្លាំ​មើល​អំពី​ប្រទេស កម្ពុជា និង​ជា​សាស្រ្តាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៅ​សាកល​វិទ្យាល័យ Michigan។

លោក​ថ្លែង​ថា៖ «ការ​ធ្វើ​តាម​គំរូ​របស់​គណបក្ស​ប្រឆាំង ថៃ ក្នុង​ការ​បន្ត​ការ​តវ៉ា អាច​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជាង​មុន ពី​អន្តរជាតិ និង​ការ​អាណិត​ពី​ប្រជាជន​ក្នុង​ស្រុក ជា​ពិសេស​ប្រសិន​បើ​អាជ្ញាធរ​ប្រើ​ហិង្សា​ជា​ការ​ឆ្លើយតប​នឹង​ការ​តវ៉ា​នោះ»។ «ប៉ុន្តែ​វា​មិន​ដូច​គណបក្ស​ប្រឆាំង​របស់ ថៃ ទេ ដែល​មាន​មិត្ត​មាន​អំណាច​ដូចជា យោធា តុលាការ និង​ផ្នែក​ដទៃៗ​ទៀត​ក្នុង​រដ្ឋាភិបាល។ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​គឺ​ប្រឈម​មុខ​នឹង​កម្លាំង​ប្រដាប់ អាវុធ និង​តុលាការ និង​ផ្នែក​ដទៃៗ​ទៀត​ដែល​មាន​អំណាច»៕ PS

រាយការណ៍​បន្ថែមៈ ជាង សុខា

អត្ថបទគួរចាប់អារម្មណ៍