The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គ្រោះ​ជាតិ ចង់​កាត់​បន្ថយ​ការ​លំបាក​ជន​រងគ្រោះ​ទឹក​ជំនន់

សង្គ្រោះ​ជាតិ ចង់​កាត់​បន្ថយ​ការ​លំបាក​ជន​រងគ្រោះ​ទឹក​ជំនន់

សង្គ្រោះ​ជាតិ ចង់​កាត់​បន្ថយ​ការ​លំបាក​ជន​រងគ្រោះ​ទឹក​ជំនន់

131108_07a
គ្រួសារមួយត្រូវទឹកជន់លិចផ្ទះ នៅភូមិបឹងទឹម ឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងកាលពីថ្ងៃ១៦តុលា ម៉ៃ វីរៈ

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ធ្វើ​ការ​ចរចា​ឡើង​វិញ ចំពោះ​លក្ខខណ្ឌ​កម្ចី​ជាមួយ​អ្នក​ខ្ចី​ដែល​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់។

ទឹក​ទំនន់​ឆ្នាំ​នេះ បាន​ប៉ះពាល់​ខេត្ត​ចំនួន ២០ និង​ប្រជាជន​ចំនួន​ជាង ១,៧ លាន​នាក់ ហើយ​ពលរដ្ឋ​ចំនួន ៣១ ៣១៤ គ្រួសារ​ត្រូវ​បាន​ជម្លៀស។ នេះ​បើ​តាម​វេទិកា​ឆ្លើយ​តប​មនុស្សធម៌។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​សូម​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ លើកលែង​ការ​សង​ប្រាក់​វិញ រយៈ​ពេល ៦ខែ ហើយ​បញ្ចុះ​អត្រា​ការ​ប្រាក់​ទៅ ១ ភាគរយ សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ និង​លើក​លែង​ការ​រឹប​អូស​យក​ដី​ឬ​ទ្រព្យ​សម្បត្តិ​រយៈ​ពេល ៦ ខែ។

នៅ​ក្នុង​របាយ​ការណ៍​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្តីពី​ការ​ជំពាក់​បំណុល​បន្ទាប់​ពី​ទឹក​ជំនន់​ដែល​ចេញ​កាល​ពី​ម្សិលមិញ បាន​ថ្លែង​ថា ប្រជាជន​ដែល​បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កសាង​ជីវភាព​របស់​ខ្លួន​វិញ ដោយ​មិន​មាន​បន្ទុក​នៃ​ការ​សង​បំណុល។ របាយ​ការណ៍​បាន​បន្ត​ថា៖ «ផល​ប៉ះពាល់​នៃ​ការ​ជំពាក់​បំណុល​លើ​គ្រួសារ​ប្រជាជន គឺ​ធ្ងន់​ធ្ងរ និង​ផ្តល់​នូវ​និន្នាការ​ខ្ចី​បំណុល​មិន​មែន​ត្រឹម​តែ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​គាំពារ​សុខភាព​ផង​ដែរ។ វា​មាន​តម្រូវ​ការ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ជួយ​សម្រាល សម្ពាធ​លើ​ប្រជាជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ និង​ធ្វើ​ការ​ចរចា​លក្ខខណ្ឌ​សង​បំណុល​ឡើង​វិញ»។

លោក​ស្រី មូរ សុខហួរ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ស្នើ​សុំ​សម្រាប់​គ្រួសារ​ទាំង​អស់​ទេ ប៉ុន្តែ​គ្រាន់​តែ​សម្រាប់​គ្រួសារ​ដែល​មាន​ហានិភ័យ​បំផុត​ដូចជា​គ្រួសារ​ប្រមាណ ២០ ភាគរយ ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

ទិន្នន័យ​ថ្មី​បំផុត ពី​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បង្ហាញ​ថា ប្រជាជន​កម្ពុជា​ជាង ១,៣ លាន​នាក់​គឺជា​អតិថិជន​បច្ចុប្បន្ន​របស់​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ។

លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នៅ​កំពុង​ផ្តល់​កម្ចី​ទៅ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ដែល​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ខ្ចី​ប្រាក់ ដើម្បី​ចំណាយ​តាម​តម្រូវការ​មូលដ្ឋាន​រួម​ទាំង​សម្រាប់​ការ​ព្យាបាល​ជំងឺ។ «តើ​អាច​មិន​ឈឺ​យ៉ាង​ម៉េច​ទៅ បើ​ពួក​គាត់​រស់​នៅ ដោយ​ផឹក​ទឹក​ជំនន់​កខ្វក់» ប៉ុន្តែ​លោក ប៊ុន មុនី ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា អ្នក​នយោបាយ « ពិត​ជា​មិន​យល់» អំពី​ឧស្សាហកម្ម​នេះ​ទេ។ លោក​បន្ត​ថា៖ «មីក្រូ​ហិរញ្ញវត្ថុ​គឺ​សំខាន់​ណាស់ នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​យើង​អាច​បន្ត​ទៀត។ ប្រសិន​បើ​មិន​មាន​មីក្រូ​ហិរញ្ញវត្ថុ អ្នក​ក្រ​នឹង​រង​ការ​ឈឺចាប់​ជាង​នេះ»។ លោក​បាន​បន្ត​ថា៖ «វិធី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ពន្យារ​ពេល ការ​ប្រមូល​ការ​ប្រាក់​នេះ គឺ​មិន​សមស្រប​ទេ យើង​ដឹង​ជាង​អ្នក​នយោបាយ​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​មូលដ្ឋាន និង​ដឹង​អំពី​បញ្ហា​នៃ​ការ​ឈឺចាប់​របស់​អតិថិជន​របស់​យើង»។ លោក មុនី បាន​ថ្លែង​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​ឈ្មោះ Sathapana Limited បាន​កំណត់​អត្តសញ្ញា​ថា មាន​តែ ៤៥ ក្នុង​ចំណោម​អតិថិជន​ចំនួន ៧៦ ០០០ នាក់ បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ទឹក ជំនន់ ហើយ​អាច​តម្រូវ​ឲ្យ​មាន​ការ​ចរចា​លក្ខខណ្ឌ​សង​កម្ចី​ឡើង​វិញ។ លោក​បាន​បន្ថែម​ថា ស្ថានភាព​គឺ «មិន​ធ្ងន់ធ្ងរ» ទេ ដោយ​សារ​មាន​តែ ៣០ ភាគរយ​ប៉ុណ្ណោះ នៃ​កម្ចី​ទាំង​អស់​ដែល​ខ្ចី​សម្រាប់​ផលិតកម្ម​កសិកម្ម។

បើ​តាម​ទិន្នន័យ​ថ្មីៗ ពី​ក្រសួង កសិកម្ម ទឹក​ជំនន់​ឆ្នាំ​នេះ បាន​ប៉ះពាល់​ដី​ស្រែ​ចំនួន ២៨៧ ០០០ ហិកតា និង​ប្រមាណ​មួយ​ភាគរយ​នៃ​ដី​សរុប​ចំនួន ២,៥ ហិកតា ត្រូវ​បាន​បំផ្លាញ។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា បាន​ថ្លែង​ថា មាន​ផែនការ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ «ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ដើម្បី​ជួយ​ជន​រងគ្រោះ​ទឹក​ជំនន់ និង​មិន​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​លំបាក​ទេ»។ លោក​បាន​ថ្លែង​បន្ត​ថា នេះ​អាច​រួម​បញ្ចូល​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​នៃ​ការ​សង​កម្ចី ដូច​ដែល​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ក្នុង​អំឡុង​ទឹក​ជំនន់​ឆ្នាំ ២០១១ ដែល​បាន​បំផ្លាញ ១០ ភាគរយ​នៃ​ដី​ស្រែ​នៅ​ទូទាំង​ប្រទេស។

ប្រធាន សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចាន់ធី បាន​ថ្លែង​ថា វា​ទំនង​ជា​មាន​អ្នក​ជំពាក់​បំណុល​ជាច្រើន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ។ លោក​ស្រី​បន្ថែម​ថា ប្រជាជន​អាច​នឹង​ខ្ចី​កម្ចី​ពី​អ្នក​ចង​ការ​ប្រាក់​ដែល​អាច​នឹង​មាន ហានិភ័យ​ច្រើន​ជាង​ការ​ខ្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ៕ PS

រាយការណ៍​បន្ថែម ដោយ ឆាយ ចាន់នីដា

អត្ថបទគួរចាប់អារម្មណ៍