រតនគីរីៈ សង្ឃមួយអង្គត្រូវបានបញ្ជូនទៅតុលាការខេត្តរតនគិរីនៅថ្ងៃសុក្រនេះបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៩ ឧសភា ពាក់ព័ន្ធការចូលលួចព្រះពុទ្ធរូប ១ អង្គនៅក្នុងកុដិចៅអធិការវត្តវ៉ឺនសៃ ក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
លោក ទី នូថង អធិការនគរបាលស្រុកវ៉ឺនសៃបានប្រាប់ឲ្យដឹងថាករណីសង្ឃ ១ អង្គដែលបានលួចព្រះពុទ្ធរូបនៅក្នុងវត្តវើនសៃនៅភូមិ-ឃុំ-ស្រុកវ៉ឺនសៃនោះខាងជំនាញបានសាកសួរ និងកសាងសំណុំរឿងចប់ហើយហើយនៅថ្ងៃសុក្រនឹងបញ្ជូនជនសង្ស័យបន្តទៅសាលាដំបូងខេត្តហើយ។
លោកថ្លែងប្រាប់ថា៖ «អតីតសង្ឃអង្គនេះពិតជាបានប្រព្រឹត្តបទល្មើសមែនហើយសមត្ថកិច្ចរបស់ខ្ញុំបានកសាងសំណុំរឿងចប់ហើយដើម្បីបន្តនីតិវិធីទៅតុលាការ»។
លោកអធិការប្រាប់ថាជនសង្ស័យឈ្មោះ ឡុង សុខន អាយុ ៣២ ឆ្នាំជាសង្ឃគង់នៅវត្ត ១ ក្នុងខេត្តត្បូងឃ្មុំ និងមានស្រុកកំណើតភូមិតាលន់ ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្តាលបានលួចព្រះពុទ្ធរូបធ្វើពីស្ពាន់ទម្ងន់ជាង ៣៦ គីឡូក្រាម។
លោក ទី នូថង រំឭកប្រាប់ថាមុនកើតហេតុព្រះចៅអធិការវត្តវ៉ឺនសៃ ព្រះនាម លឿន ថងមី បាននិមន្តទៅខេត្តចំនួន ២ ទៅ ៣ ថ្ងៃហើយព្រះអង្គបានចាក់សោទ្វារកុដិផងដែរ។ លុះដល់ថ្ងៃទី ៩ ឧសភា ព្រះចៅអធិការវត្តក៏និមន្តមកវត្តវិញប៉ុន្តែពេលលោកចាក់សោចូលទៅក្នុងកុដិក៏ឃើញបាត់ព្រះពុទ្ធរូបនោះតែម្តង។
សង្ឃនោះបានសារភាពប្រាប់សមត្ថកិច្ចថាគាត់បានចូលលួចព្រះពុទ្ធរូបនោះនៅពេលយប់ និងចូលតាមបង្អួចក្រោយកុដិដោយយកព្រះពុទ្ធរូបនោះច្រកក្នុងការុងហើយសម្រូតចុះមកដី។ បន្ទាប់ពីសម្រូតព្រះពុទ្ធរូបនោះដល់ដីហើយសង្ឃកំហូចនោះបានលីព្រះពុទ្ធរូបនោះទៅលាក់ទុកនៅក្នុងព្រៃ៕