បន្ទាយមានជ័យៈ គណៈសង្ឃ​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ​កាលពី​ម្សិលមិញ​នៅ​ក្នុង​វត្តភ្នំ​បាក់លើ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​រកឃើញ​ភ័ស្តុតាង​ពី​ការរំលោភ​ផ្លូវភេទ​លើ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​។

លោក​ ប្រាក់ សុភ័ត ​អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ថា​គណៈសង្ឃ​ខេត្ត​បាន​សម្រេច​ផ្សឹក​ព្រះសង្ឃ​នាម ស្រិល វណ្ណា អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ​កាលពី​វេលា​ម៉ោង ១ និង​ ១៥ ​នាទី​រសៀល​ថ្ងៃទី​ ៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ ​នេះ​ហើយ បន្ទាប់ពី​គណៈសង្ឃ​ខេត្ត​បាន​ចាប់ផ្តើម​ធ្វើ​សភា​ធម្មវិន័យ​សង្ឃ​ (​ប្រជុំ​ស៊ើបសួរ​សង្ឃ​) ចាប់​តាំងពី​ល្ងាច​ថ្ងៃទី​ ៤ ខែ​មិថុនា​។ តាម​ការប្រជុំ​ស៊ើបសួរ​គណៈសង្ឃ​ខេត្ត​បាន​រកឃើញ​ភ័ស្តុតាង​ជា​អាបត្តិ​បរាជិក​កាមេ​ក្នុង​វិន័យ​សង្ឃ​ហើយ​ក៏​ស្រប​ទៅ​តាម​ការសារភាព​ទទួល​កំហុស​របស់​សង្ឃ​អង្គ​នេះ​ផ្ទាល់​តែ​ម្តង​។

នៅក្នុង​វីដេអូឃ្លីប​អំពី​ការ​ផ្សឹក​ព្រះសង្ឃ​ ស្រិល វណ្ណា ដែល​ត្រូវ​បាន​គេ​បង្ហោះ​កាលពី​រសៀល​ម្សិលមិញ​បង្ហាញ​ពី​ប្រជាពុទ្ធបរិស័ទ​ជាច្រើន​ទស្សនា​បាន Like និង​ស៊ែរ​ចែករំលែក​ការបញ្ចេញ​មតិ​មាន​ទាំង​ការ​អាណិត​ និង​រិះគន់​ភាគី​ទាំង​សង​ខាង​។

លោក សុភ័ត ថ្លែង​ថា​យោង​តាម​ការឆ្លើយ​បំភ្លឺ​នៅក្នុង​សភា​ធម្មវិន័យ​សង្ឃ​ខេត្ត អតីត​សង្ឃ ស្រិល វណ្ណា អាយុ ៣៦ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ករណី​បរាជិក​កាមេ​រហូត​ឈាន​ដល់​សេព​មេថុន​នោះ​គឺ​កើតឡើង​នៅឯ​ផ្ទះ​ខាងស្រី​ទេ ពុំ​មែន​នៅ​កុដិ​របស់​លោក​ទេ ហើយ​ក៏​ជា​ការយល់​ព្រម​នឹង​គ្នា​ដែរ​គឺ​ពុំ​បាន​ចាប់​បង្ខំ​អ្វី​ឡើយ​។

លោក​ សុភ័ត ថ្លែង​ថា​៖ «​តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ជា បុថុជ្ជន​ធម្មតា​ទេ ករណី​នេះ​វា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​បុរាណ​ពោល​ថា ប្រុស​ប្រកែក ស្រី​ប្រកាន់ នោះ​ឯង​»​។ «​នេះ​ជា​ករណី​ចម្លែក​មួយ​ដែល​ភាគី​ខាង​ស្រី​បាន​ទៅ​ចូលរួម​ស្តាប់​សភា​សង្ឃ​នោះ​ដែរ ហើយ​ថែម​ទាំង​បាន​ផ្តល់​ឯកសារ​ភ័ស្តុតាង​មួយ​ចំនួន​ថែម​ទៀត​នៅក្នុង​ការជំនុំជម្រះ​សង្ឃ​នោះ​ភាគី​ខាង​ស្រី​ក៏​បាន​ឆ្លើយ​ដាក់​បន្ទុក​ថា​ព្រះសង្ឃ​​ ស្រិល វណ្ណា បាន​ចាប់​រំលោភ​សេពសន្ធវៈ​លើ​រូបនាង​»​។

លោក សុភ័ត អះអាង​ថា​អតីត​ចៅអធិការ​រូប​នោះ​បាន​សារភាព​ទទួល​កំហុស​ហើយ​បាន​ដោះ​បន្ទុក​ថា នៅ​ពេល​នោះ​មាន​ការ​វង្វេងវង្វាន់​ស្មារតី​។

លោក​បាន​អះអាង​ថែម​ទៀត​ថា​រឿងរ៉ាវ​ដើមចម​គឺ​ប្រហែល​ជា​ពាក់ព័ន្ធ​តាំងពី​រយៈពេល​ ២-៣ ​ឆ្នាំ​មក​ហើយ​គឺ​ពេល​ដែល​នាង​នោះ​ (Nhom Lyta ឈ្មោះ​នៅក្នុង​បណ្តាញ Facebook ​និង​មាន​អាយុ ១៩ ​ឆ្នាំ​) មាន​ជំងឺ​ធ្ងន់ធ្ងរ​រក​ពេទ្យហ្ម​ព្យាបាល​ពុំ​ជា​សះស្បើយ លុះ​ក្រោយ​ពី​ម្តាយ​ខាងស្រី​បាន​និមន្ត​លោកគ្រូ​ចៅអធិការ​ (​ស្រិល វណ្ណា​) ​ឲ្យ​ទៅ​ស្រោច​ទឹក ដាក់​ថ្នាំ​ព្យាបាល​ដល់​ផ្ទះ​នៅឯ​ក្រុង​ប៉ោយប៉ែត​ជាច្រើន​ដង​រហូត​បាន​ជា​សះស្បើយ ម្តាយ​ខាងស្រី​នោះ​ក៏​ប្រគេន​បច្ច័យ​មួយ​ចំនួន​ធំ​ដល់​ព្រះសង្ឃ​អង្គ​នេះ ប៉ុន្តែ​លោក​បដិសេធ​ពុំ​ទទួល​បច្ច័យ​នោះ​ទេ រហូត​ដល់​ស្ត្រី​ជា​ម្តាយ​បាន​ទូល​ព្រះសង្ឃ​ថា បើ​ដូច្នេះ​ប្រគេន​កូនស្រី​នេះ​ដល់​សង្ឃ​អង្គ​នោះ​តែ​ម្តង​ហើយ​។

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ថា សមត្ថកិច្ច​មិន​ទាន់​មាន​វិធានការ​ផ្លូវ​ច្បាប់​ទេ​ព្រោះ​រឿង​នេះ​ជា​រឿង​សាសនា​នៅ​ក្នុង​សមត្ថកិច្ច​របស់​គណៈសង្ឃ​។

លោក អាត់ ខែម ថ្លែង​ថា​៖ «​យើង​អាច​ធ្វើការ​អ្វី​ទៅ​បាន​ទាល់​តែ​បទល្មើស​ជាក់ស្តែង ឬ​មាន​ពាក្យ​បណ្តឹង​»​។

លោក ទូច ធុល ប្រធាន​អាចារ្យវត្ត​ប៉ាលិលេយ្យ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ថា​ការ​ផ្សឹក​សង្ឃ​នេះ​ជា​គំរូ​កុំ​ឲ្យ​ខូច​ដល់​ព្រះពុទ្ធសាសនា​។

លោក សេង សុមនី អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ប្រសិន​បើ​វិន័យ​ធម៌​លោក​ពិនិត្យ​ទៅ​ឃើញ​ថា​ទោសទណ្ឌ​ធ្ងន់​គឺ​សម្រេច​តាម​វិន័យ​របស់​សង្ឃ​ត្រឹមត្រូវ​ហើយ​»៕