ភ្នំពេញៈ ព្រះសង្ឃជាង ២០ អង្គគង់នៅ វត្តពោធិលង្កា ខេត្តសៀមរាប បានឡើងមករាជធានីភ្នំពេញ ស្វែងរកយុត្តិធម៌និងជំរុញឲ្យអាជ្ញាធរអន្តរាគមន៍ដោះលែងព្រះសង្ឃពីរអង្គ ដែលត្រូវសមត្ថកិច្ចវាយដំ ចាប់ផ្សឹក និងដាក់ឃុំ ក្រោមការចោទថា សេពគ្រឿងស្រវឹង និងលួចមានស្រីក្នុងវត្តកាលពីយប់ថ្ងៃ ទី១៨ ខែកញ្ញា កន្លងទៅ។ អតីតព្រះសង្ឃជាប់ចោទទាំងពីរមានឈ្មោះ ពេជ្រ ដេវីត អាយុ ៣៥ឆ្នាំ និង ចាន់ សំបូរ អាយុ ២០ឆ្នាំ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញនេះ ព្រះតេជគុណ ងីម សៅរ៍សំខាន់ ប្រធានអង្គការធម្មទានសង្គម មានសង្ឃដីកាច្រានចោលនូវការចោទប្រកាន់ខាងលើថា ព្រះសង្ឃទាំងពីរអង្គនោះ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ព្រះតេជគុណលើកឡើងថា នោះជារឿងចៃដន្យមួយដែលព្រះសង្ឃ ពេជ្រ ដេវីត ទៅរកកូនសិស្សឲ្យទៅយកសំបុត្រឡានពេលយប់ដើម្បី ធ្វើដំណើរទៅស្រុកកំណើតមុនភ្ជុំ ស្របពេលដែលសិស្សទាំងពីរនោះកំពុងផឹកស្រាបៀរនិងមានស្រីកំដរ។
តេជគុណ ងីម សៅរ៍សំខាន់ បានអះអាងថា៖ «គ្រាន់តែពេលព្រះអង្គ ពេជ្រ ដេវីត ទៅដល់មិនទាន់បានប៉ុន្មានផង ស្រាប់តែប៉ូលិសស្លៀកពាក់ស៊ីវិល ចុះបង្ក្រាបទាំងកណ្តាលយប់ភ្លាមៗ។ ទាំងនេះហាក់ដូចជាការត្រៀមទុកមុនអ៊ីចឹង ហើយប្រើហិង្សាវាយដំ ដល់បែកក្បាលឈាមផង ដោយមិនគិតថា ពួកលោកជាព្រះសង្ឃនោះទេ»។
ព្រះតេជគុណ សេង សុខុម ដែលអះអាងជាម្ចាស់កុដិកើតហេតុនោះ មានសង្ឃដីកាថា រឿងនេះកើតឡើងនៅក្នុងកុដិរបស់ព្រះអង្គ មិនមានពាក់ព័ន្ធនឹងព្រះសង្ឃទាំងពីរអង្គនោះទេ ព្រោះកុដិនោះ ត្រូវបានកូនសិស្សលោកនាំគ្នា ចូលទៅផឹកស៊ីនៅយប់នោះ។
ក្នុងសន្និសីទសារព័ត៌មាននេះ ព្រះសង្ឃជាង ២០ អង្គនោះ ក៏បានអំពាវនាវឲ្យមានការដោះលែងសង្ឃទាំងពីរអង្គនោះនិងបញ្ឈប់ការប្រើអំពើហិង្សាទៅលើព្រះសង្ឃពុទ្ធសាសនា ដោយបានព្រមានថា នឹងរៀបចំបាតុកម្មទ្រង់ទ្រាយធំ បើរឿងនេះមិនត្រូវបានដោះស្រាយដោយយុត្តិធម៌ទេនោះ។
អភិបាលរង ខេត្តសៀមរាប លោក ម៉ៅ វុឌ្ឍី បានឲ្យដឹងថា រឿងរ៉ាវជុំវិញការចាប់ខ្លួនព្រះសង្ឃពីរអង្គនេះ គឺត្រូវបានភាគីអ្នកគាំទ្រ និងសមត្ថកិច្ចបកស្រាយ និងដោះសារខុសៗគ្នា ដែលនាំឲ្យមានផលវិបាកក្នុងការស្វែងរកការពិត។
លោកបានបន្តឲ្យដឹងថា បច្ចុប្បន្ននេះ លោកសង្ឃដែលត្រូវបានផ្សឹកទាំងពីរអង្គនេះ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីរង់ចាំសវនាការពីតុលាការ បន្ទាប់ពីព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ និងផ្តល់គោលការណ៍ ឲ្យសមត្ថកិច្ចរក្សាការឃុំខ្លួនជាបណ្តោះអាសន្ន។
លោកអភិបាលរងយល់ថា៖ «ការចោទប្រកាន់នេះ បើយើងផ្អែកតាមភ័ស្តុតាងនិងរបាយការណ៍របស់សមត្ថកិច្ច គឺអាចពិតអ៊ីចឹងមែន ព្រោះនៅវត្តនោះ មានភាពរញ៉េរញ៉ៃច្រើនយូរមកហើយ ចំណែកព្រះសង្ឃ ក៏មានច្រើនបក្ខទៀត បច្ចុប្បន្ននេះ មានព្រះសង្ឃ និងពលរដ្ឋខ្លះគាំទ្រឲ្យមានការដាក់ទោស ក៏មានខ្លះទៀតស្នើឲ្យមានការដោះលែង»។
តាមកំណត់ហេតុរបស់សមត្ថកិច្ច ការចុះបង្រ្កាបនៅយប់នោះ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស ៦ នាក់គឺព្រះសង្ឃ ២ អង្គ កូនសិស្សលោក ២ នាក់ និងស្រី ២ នាក់ រួមនឹងភ័ស្តុតាងមួយចំនួន។ នៅថ្ងៃ ទី១៩ ខែកញ្ញា ជាថ្ងៃបន្ទាប់នោះ ព្រះសង្ឃទាំងពីរអង្គ ត្រូវបានផ្សឹក និងចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននិងប្រើហិង្សាលើសមត្ថកិច្ច។ ចំណែកអ្នកទាំង ៤ នាក់នោះ មិនត្រូវបានឃាត់ខ្លួននោះទេ ប៉ុន្តែសមត្ថកិច្ចនគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តរង់ចាំចំណាត់ការតាមនីតិវិធី។
ការចាប់ផ្សឹកអតីតព្រះសង្ឃពីរអង្គនោះ ត្រូវប្រជាពលរដ្ឋ និងព្រះសង្ឃមួយចំនួនចាត់ទុកថា ជាចេតនាគ្រោងទុកជាមុនរបស់ព្រះចៅអធិការវត្ត ព្រះនាម កែវ ខូយ ដើម្បីបណ្តេញអតីតសង្ឃទាំងនោះចេញពីវត្ត ដោយការមិនពេញចិត្តយូរមកហើយ ប៉ុន្តែ ករណីនេះ ព្រះចៅអធិការវត្តលោកបានបដិសេធនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ហើយថា ព្រះអង្គមិនមានជាប់ពាក់ព័ន្ធអីនៅក្នុងរឿងសង្ឃពីរអង្គនេះឡើយ៕