ភ្នំពេញៈ អ្នកគ្រប់គ្រង​សណ្ឋាគារ The Great Duke Phnom Penh លោក ចក្រពង្ស ផាឡាត់សុងក្រាម បាន​អះអាង​ថា ភាគី​សណ្ឋាគារ​បាន​យល់ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​បុគ្គលិក​សម្រាប់​ខែសីហា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ភាគី​តំណាង​បុគ្គលិក និង​ក្រសួង​ការងារ​កាលពី​ម្សិលមិញ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ពុធ​នេះ និង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ខណៈ​ខែ​ផ្សេងទៀត​​នៅ​មិន​ទាន់​ច្បាស់លាស់​។

លោក ចក្រពង្ស ផាឡាត់សុងក្រាម ​ថ្លែង​ថា​៖ «​បញ្ហា​នេះ​បាន​បិទ​បញ្ចប់​ដោយ​ស្ថាពរ​ហើយ​។ យើង​មិន​បាន​និយាយ​រឿង​បើកប្រាក់​ឈ្នួល​នៅក្នុង​ខែ​បន្តបន្ទាប់​ទៀត​ទេ គឺ​យើង​និយាយ​គ្នា​ពី​ការបើក​ប្រាក់​ឈ្នួល​សម្រាប់​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​។

យើង​បាន​ព្រមព្រៀង​គ្នា​ទាំង​ ២ ​ភាគី​ហើយ​»​។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ករណី​របៀប​នេះ​ក្រសួង​ធ្លាប់​បាន​ទទួល​ពាក្យ​​បណ្ដឹង​កាលពី​ខែ​មិថុនា​ម្ដង​រួច​មក​ហើយ ដោយ​ក្រសួង​បាន​ដោះស្រាយ​ចប់​ហើយ ប៉ុន្តែ​នៅ​ខែ​ក្រោយៗ​មកទៀត​ទើប​តែ​ដឹង​ក្រោយ​មាន​ការតវ៉ា​។

លោក​ថ្លែង​ថា​៖ «​បើសិន​ជា​មាន​ករណី​នេះ​កើតឡើង​ទៀត​តំណាង​កម្មករ​និយោជិត​បាន​ជូន​ដំណឹង​មក​សាជាថ្មី​នោះ​ក្រសួង​នឹង​ចុះទៅ​សម្របសម្រួល​ហើយ​អាច​នឹង​មាន​វិធានការ រដ្ឋបាល​ដើម្បី​ដោះស្រាយ​បញ្ហា ចំពោះ​ការតវ៉ា​របស់​បុគ្គលិក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្រសួង​បាន​ទទួល​ព័ត៌មាន​ និង​បាន​ចាត់​មន្ដ្រី​ចុះ​ទៅ​ដោះស្រាយ​ហើយ​»​។

លោក ខេង សំបូរ អនុប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​បញ្ចប់​ការប្រជុំ​ម្សិលមិញ​ថា បញ្ហា​នេះ​បាន​ដោះស្រាយ​ជា​ស្ថាពរ​ហើយ​ដោយ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។

បុគ្គលិក​សណ្ឋាគារ The Great Duke Phnom Penh អតីត​សណ្ឋាគារ InterContinental ជាង​ ១០០ ​នាក់​កាលពី​ម្សិលមិញ​បាន​នាំគ្នា​មក​តវ៉ា​នៅ​សណ្ឋាគារ​ដើម្បី​​ទាមទារ​បើកប្រាក់​ខែ​ឲ្យ​បាន​ទៀងទាត់​ បន្ទាប់ពី​ខកខាន​តាំងពី​ខែ​មិថុនា​រហូតមក​។ នេះ​បើ​តាម​លោក ទូច កុសល ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ​មួយ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​បើ​គិត​មក​ដល់​ថ្ងៃទី​ ៣ ខែ​កញ្ញា​នេះ គឺជា​ខែ​ទី​ ៣ ​ហើយ​ដែល​ការបើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​មាន​ការយឺតយ៉ាវ​។ ភាគី​សណ្ឋាគារ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ហើយ​មិន​ជូនដំណឹង​ឲ្យ​ច្បាស់​ថា​នឹង​បើកប្រាក់​ឈ្នួល​ឲ្យ​ពេល​ណា​ទេ​»​។

លោក កុសល បាន​ឲ្យ​ដឹងថា ចាប់​តាំងពី​សណ្ឋាគារ​នេះ​បាន​ប្ដូរ​ឈ្មោះ​ពី InterContinental មក The Great Duke Phnom Penh កាលពី​​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០១៨ មក​គឺ​សណ្ឋាគារ​នេះ​បាន​រំលោភ​អត្ថប្រយោជន៍​បុគ្គលិក​ដូចជា បញ្ឈប់​កម្មវិធី​ជប់លៀង​ខួបកំណើត​បុគ្គលិក និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ជាដើម​។

លោក កុសល បាន​បញ្ជាក់​ថា​៖ «​រឿង​ប្រាក់​អតីតភាព​ការងារ ក្រសួង​បាន​ប្រកាស​ច្បាស់​ណាស់​ឲ្យ​សណ្ឋាគារ​បើក​ឲ្យ​បុគ្គលិក​។ ប៉ុន្ដែ​យើង​មើល​ឃើញ​ថា​នៅក្នុង​ខែ​ ៦ ​នេះ​មិន​បាន​បើក​ឲ្យ​ទេ គឺ​ពន្យារពេល​រហូត ហើយ​មិនបាន​ជូនដំណឹង​ទៀត​»​។

លោក​ថា​៖ «​ចេតនា​របស់​គេ​យើង​មើល​ទៅ​តាំងពី​មាន​ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ​រហូត​មក​ហាក់បី​ដូចជា​​គេ​លែង​ចង់​ធ្វើ​អាជីវកម្ម​ទៀត​អ៊ីចឹង គឺ​គេ​ព្យាយាម​ដំឡើង​ថ្លៃ​បន្ទប់ អ៊ីចឹង​មាន​ភ្ញៀវ​ឯណា​គេ​មក​ស្នាក់នៅ​? បើ​​សណ្ឋាគារ​នេះ​នៅ​បន្ត​បើក ហេតុ​អី​ធ្វើ​របង​បាំង​នៅ​ចំ​ពី​មុខ​តែម្ដង​។ ​ដូច្នេះ​គោលបំណង​របស់​គេ​គឺ​មិន​ចង់​ចំណាយ​​លុយ ពេល​បញ្ឈប់​បុគ្គលិក​គឺ​គេ​ចង់​ឲ្យ​កម្មករ​ដើរចេញ​ម្នាក់​ម្ដងៗ​ខ្លួនឯង​»​។

លោក កង ច័ន្ទសាវ៉ាឌី បុគ្គលិក​ផ្នែក​កក់​បន្ទប់ និង​ជា​តំណាង​ក្រុម​អ្នកតវ៉ា​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ក្រោយ​ប្រជុំ ភាគី​ម្ចាស់​សណ្ឋាគារ​បាន​ព្រម​បើកប្រាក់​ឈ្នួល​សម្រាប់​ខែ​សីហា​ឲ្យ​រួច​រាល់​ត្រឹម​ថ្ងៃទី​ ៥ ខែ​កញ្ញា​ស្អែក​នេះ​។ ​ប៉ុន្ដែ​នៅ​ខែ​បន្តបន្ទាប់​ទៀត​មិន​ទាន់​មាន​ការសន្យា​ទេ​។

លោក​ថា​៖ «​ខាង​ភាគី​តំណាង​ម្ចាស់​សណ្ឋាគារ​បាន​យល់ព្រម​បើក​ប្រាក់​ខែ​សម្រាប់​តែ​ខែ​សីហា​ទេ​។ ប៉ុន្ដែ​សម្រាប់​បញ្ហា​នេះ​នៅ​ខែ​បន្តបន្ទាប់​ទៀត យើង​មិនទាន់​ដឹង​ទេ តែ​យើង​នឹង​បន្ដ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ការងារ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​បន្តទៀត ។ យើង​សង្ឃឹម​ថា ភាគី​សណ្ឋាគារ​នឹង​ធ្វើតាម​អ្វី​ដែល​ក្រសួង​បាន​បង្គាប់​»៕