តាកែវ/កំពតៈ ក្រុម​ជំនាញ​ផ្នែក​បរិស្ថាន និង​អ្នក​អភិរក្ស​សត្វស្លាប សម្ដែង​ក្ដីកង្វល់​ជុំវិញ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ការ​ទ្រទ្រង់​ជីវចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ដីសើម​ដែល​ជា​ប្រភព​អាហារ​សម្រាប់​សត្វ​គ្រប់​ប្រភេទ ដែល​ក្ដីបារម្ភ​នេះ​កើតឡើង​ក្រោយពី​ការធ្វើ​ជំរឿន​សត្វ​ក្រៀល​ដ៏កម្រ​ និង​ជិត​ផុត​ពូជ​ត្រូវ​បាន​រកឃើញ​ ១៧៥ ​ក្បាល​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ និង​អន្លង់ព្រីង​ក្នុង​ខេត្ត​តាកែវ និង​កំពត​។

លោក​ ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៥ មករា ថា​សត្វ​ក្រៀល​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ និង ជិត​ផុត​ពូជ​។ នៅក្នុង​ពិភពលោក​​នាពេល​បច្ចុប្បន្ន​សត្វ​ក្រៀល​មាន​ចំនួន​ចន្លោះ​ពី​ ១៣ ០០០ ​ក្បាល​ទៅ​ ១៥ ០០០ ​ក្បាល និង​មានតែ​នៅក្នុង​ប្រទេស​ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ឡាវ វៀតណាម និង​កម្ពុជា​ប៉ុណ្ណោះ​។

លោក​បន្តថា​ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ថ្ងៃទី​ ៣០ ខែធ្នូ ដល់​ថ្ងៃទី​ ៣០ ខែមេសា គឺជា​ពេលវេលា​នៃ​ការធ្វើជំរឿន​សត្វ​ក្រៀល​ប្រចាំឆ្នាំ ដើម្បី​ត្រួតពិនិត្យ និង​កត់ត្រា​ទុក​នូវ​ចំនួន​សត្វ​ក្រៀល​នៅក្នុង​ពិភពលោក​។ ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​នៃ​ការធ្វើ​ជំរឿន​សត្វ​ក្រៀល​សម្រាប់​ឆ្នាំ​នេះ​នៅ​កម្ពុជា​បាន​រកឃើញ​ និង​កត់​ត្រាទុក​សត្វ​ក្រៀល​ចំនួន​ ១០៥ ​ក្បាល​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្ត​តាកែវ និង​ ៧០ ​ក្បាល​ទៀត​ត្រូវបាន​កត់ត្រា​នៅក្នុង​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​ក្នុង​ខេត្តកំពត​។ រីឯ​តំបន់​ការពារ​ទេសភាព​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ក្នុង​ភាគ​ពាយ័ព្យ​ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​មិនទាន់​ផ្ដល់​របាយការណ៍​បឋម​នៅឡើយ​ទេ​។

លោក​ វរសក្ស បញ្ជាក់ថា​៖ «​កំណត់ត្រា​សត្វ​ក្រៀល​នៅ​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​ក្នុង​ឆ្នាំនេះ​មាន​ការកើនឡើង តិចតួច​បំផុត​បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន ដែល​បាន​កត់ត្រា​ទុក​ចំនួន​ ១០០ ​ក្បាល​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូចគ្នានេះ​»​។

លោក​បន្ថែមថា​៖ «​ទន្ទឹម​នឹង​នេះ​យើង​បាន​កត់សម្គាល់​ឃើញ​តំបន់ការពារ​ទេសភាព​មួយ​នេះ​មាន​បញ្ហា​ប្រឈម​ដ៏ចម្បង​មួយ គឺ​កង្វះ​ទឹក​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ដែល​ជា​ប្រភព​ចំណីអាហារ​សម្រាប់​សត្វ​ស្លាប ពិសេស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ និង​ជិត​ផុត​ពូជ​នេះ​»​។

ជុំវិញ​ករណី​នេះ​លោក​ លឹម វ៉ាត នាយក​ស្ដីទី​នៃ​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការកើនឡើង​នៃ​កំដៅ​ភពផែនដី និង ការស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជាកសិករ​បាន​ធ្វើឲ្យ​ទឹក​ក្នុង​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​មាន​ការស្រកចុះ​យ៉ាង​ឆាប់រហ័ស និង​ស្ទើរតែ​រីងស្ងួត​អស់​ទៅហើយ​។

លោក​ វ៉ាត បាន​ថ្លែងថា​៖ «​នៅពេល​នេះ​ទឹក​ក្នុង​បឹង​ព្រែកល្ពៅ​នៅ​សេសសល់​តិចតួច​បំផុត ខណៈ​ទឹក​ក្នុង​អាង​ពិសោធ​គ្រប់គ្រង​ទឹក​លើ​ផ្ទៃដី​ ១៦ ​ហិកតា​បាន​រីងស្ងួត​អស់ហើយ​»​។

បើ​តាម​លោក​ វ៉ាត នៅពេល​នេះ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​តាកែវ​កំពុង​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ ដែល​រួមមាន អង្គការ​ BirdLife អង្គការ​ WWT និង​អង្គការ Nature Life សិក្សា​រិះរក​មធ្យោបាយ​ក្នុង​ការជីក​ស្ដារ​បឹងព្រែកល្ពៅ ឬ​ជីក​កាយ​ធ្វើ​ប្រព័ន្ធ​អាង​ពិសោធ​គ្រប់គ្រង​ទឹក​ឲ្យ​មាន​ជម្រៅ​ជ្រៅ​ជាង​នេះ ដើម្បី​រក្សា​ទឹក​ទុក​ឲ្យ​បាន​ច្រើន សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង ជីវចម្រុះ​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​នេះ​។

លោក​បញ្ជាក់ថា​៖ «​យ៉ាងណា​ក៏ដោយ​ការពិភាក្សា​លើ​បច្ចេកទេស​នៃ​ការជីក​ស្ដារបឹង ឬ ការជីក​កាយ​ធ្វើជា​ប្រព័ន្ធ​នៅក្នុង​តំបន់​អាង​ពិសោធ​គ្រប់គ្រង​ទឹក​នោះ​នៅ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ​ទេ ខណៈ​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន បារម្ភ​ការជីក​ស្ដារ​បឹង​ ឬ​ប្រឡាយ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វាលស្មៅ និង​ជីវចម្រុះ​នៅក្នុង​តំបន់​នេះ​»​។

ដោយឡែក​លោក​ ឈឹម ម៉េង នាយក​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដែល​មាន​ទីតាំងនៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​ ៥ ខែ​មករា ក្រុម​ការងារ​របស់លោក​បាន​រាប់​ និង​កត់ត្រា​សត្វ​ក្រៀល​ចំនួន​ ៧០ ​ក្បាល​ដែល​ចំនួន​នេះ​អាច​នឹង​បន្ត​កើនឡើង​ថែមទៀត​នៅ​ថ្ងៃ​បន្ទាប់​។

លោក​ ម៉េង បាន​បញ្ជាក់ថា​៖ «​សម្រាប់​តំបន់​ការពារទេសភាព​អន្លង់ព្រីង​មិនមែន​ជា​ទីជម្រក​ពង​កូន​របស់​សត្វ​ក្រៀល​នោះទេ​តែ​ជា​តំបន់​សំចត​របស់​សត្វ​ក្រៀល​ដែល​មក​ស្នាក់អាស្រ័យ​សម្រាប់​ការស្វែងរក​ចំណីអាហារ​នា​រដូវប្រាំង​ប៉ុណ្ណោះ​»​។

លោក​បាន​បន្តថា ជាទូទៅ​ក្នុង​អំឡុង​ពាក់កណ្ដាល​ខែធ្នូ​ដល់​ពាក់កណ្ដាល​ខែមិថុនា សត្វ​ក្រៀល​បាន​នាំ​គ្នា​មក​ប្រមូលផ្ដុំ​រក​ចំណី​នៅក្នុង​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​។ ចំនួន​របស់​វា​ដែល​ត្រូវបាន​កត់សម្គាល់​ឃើញ​មាន​ច្រើន​បំផុត​ក្នុង​តំបន់​នេះ​គឺ​នៅក្នុង​ខែ​កុម្ភៈ​ដែល​មាន​ចំនួន​រហូត​ដល់​ ១២៧ ​ក្បាល​ក្នុង​ឆ្នាំ​ ២០១៩ និង ​១៥០ ​ក្បាល​ក្នុង​ឆ្នាំ ​២០១៨​។

លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​ការមក​ដល់​របស់​សត្វ​ក្រៀល​ក្នុង​ខែធ្នូ​នេះ ខ្ញុំ​ជឿថា​នៅក្នុង​ខែកុម្ភៈ​ខាងមុខ​នេះ​សត្វ​ក្រៀល​នឹង​នាំគ្នា​មក​កាន់​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​ច្រើន​ជាង​ឆ្នាំមុនៗ ព្រោះ​នៅទីនេះ​មាន​ទឹក​នៅ​សល់​ច្រើន និង​សម្បូរ​ទៅ​ដោយ​ចំណីអាហារ​សម្រាប់​ពពួក​សត្វ​ស្លាប​គ្រប់​ប្រភេទ​»​។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ សត្វក្រៀល​មិន​ចូលចិត្ត​រស់នៅ​ ឬ​កាច់​សំបុក​ពង​កូន​នៅលើ​ដើមឈើ​នោះទេ ហើយក៏​មិន​ចូលចិត្ត​រស់នៅ​ក្នុង​តំបន់​ដែលមាន​ទឹក​ជ្រៅ​ខ្លាំងពេក​នោះដែរ​។ សត្វ​ក្រៀល​ចូលចិត្ត​រស់នៅ​ និង​ធ្វើ​សំបុក​ពង​កូន​នៅលើ​វាលស្មៅ​ដែល​ជា​តំបន់ដីសើម និង​ចូលចិត្ត​ចឹក​ស៊ី​មើម​រុក្ខជាតិ និង​ស្លឹក​រុក្ខជាតិ​ខ្ចីៗ​ដែល​ដុះ​នៅតាម​វាលស្មៅ​ក្នុង​តំបន់ដីសើម​។ សត្វ​ក្រៀល​មាន​ការហោះហើរ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ សត្វក្រៀល​ពេញវ័យ​មាន​កម្ពស់​ ១៧៦ ​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​រហូត​ដល់​ជាង​ ៦ ​គីឡូក្រាម​៕