The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​ខ្ទីង​នៅ​ភ្នំ​តាម៉ៅ ​កើត​បាន​កូន​មួយទៀត បន្ទាប់ពី​នាំ​បា​ពី​ប្រទេស​បារាំង​មក​បង្កាត់

សត្វ​ខ្ទីង​នៅ​ភ្នំ​តាម៉ៅ ​កើត​បាន​កូន​មួយទៀត បន្ទាប់ពី​នាំ​បា​ពី​ប្រទេស​បារាំង​មក​បង្កាត់

Content image - Phnom Penh Post
កូន​ខ្ទីង​ទើប​កើត និង​មេ​វា​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ​។ រូបថត រដ្ឋបាល​ព្រៃឈើ

សត្វ​ខ្ទីង​នៅ​ភ្នំ​តាម៉ៅ ​កើត​បាន​កូន​មួយទៀត បន្ទាប់ពី​នាំ​បា​ពី​ប្រទេស​បារាំង​មក​បង្កាត់

តាកែវៈ មេខ្ទីង​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​បាន​កើត​កូនឈ្មោល​ ១ ​ក្បាល​ទៀត បន្ទាប់ពី​ត្រូវ​បាន​នាំ​មកពី​ភូមិភាគ​ឦសាន​នៃ​កម្ពុជា​កាលពី​ ៧ ​ឆ្នាំ​មុន​ដើម្បី​បង្កាត់​ពូជ​ជាមួយ​ខ្ទីង​ឈ្មោល​នាំ​មក​ពី​សួនសត្វ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​សម្រាប់​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​នៃ​ឧទ្យាន សួន​សត្វ​ភ្នំ​តាម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​។

លោក ញឹក រតនៈពេជ្រ ប្រធាន​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា កូន​ខ្ទីង​ឈ្មោល​ ១ ​ក្បាល​ថ្មី​នេះ​បាន​កើត​នៅ​​ដើម​ខែ​តុលា​នេះ​ហើយ​វា​កំពុង​​ស្ថិត​ក្រោម​ការថែទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​ក្រុម​បសុពេទ្យ​នៃ​ឧទ្យាន​សួនសត្វ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​កាលពី​ ២ ​ឆ្នាំ​មុន​មេខ្ទីង​អាយុ​ជិត​ ១០ ​ឆ្នាំ​ ១ ​ក្បាល​នេះ​បាន​បង្កើត​កូនញី​ ១ ​ក្បាល ហើយ​ពេល​នេះ​​វា​បាន​បង្កើត​កូនឈ្មោល​ ១ ​ក្បាល​ទៀត​ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​កម្មវិធី​បង្កាត់​ពូជ​»​។

បើ​តាម​លោក រតនៈពេជ្រ គិត​មក​ទល់​ពេល​នេះ​សត្វ​ខ្ទីង​ក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ និង​​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​មាន​ចំនួន​ ៥ ​ក្បាល​ក្នុង​នោះ​មាន​ឈ្មោល​ ៣ ​ក្បាល​ដែល​មួយ​ក្បាល​ជា​បា​នាំ​មកពី​បារាំង និង​ ១ ​ក្បាល​ទៀត​បាន​នាំ​មកពី​ខេត្ត​បាត់ដំបង ខណៈ​ ១ ​ក្បាល​ចុងក្រោយ​ទើប​នឹង​កើត​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។

ទោះ​ជា​យ៉ាង​ណា​ពុំ​មាន​ការចុះ​ស្រាវជ្រាវ​ពី​ចំនួន​សត្វ​ខ្ទីង​នៅ​កម្ពុជា​ទេ ប៉ុន្តែ​តាម​ការបំពាក់​កាមេរ៉ា​តាមដាន​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កន្លង​មក​គេ​បាន​ប្រទះ​ឃើញ​វត្តមាន​សត្វ​ខ្ទីង​មាន​នៅ​សល់​តិចតួច​។ នេះ​បើ​តាម​លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ WWF–Cambodia​។

លោក ទៀក បាន​ថ្លែង​ថា​៖ «​រហូត​មក​ទល់​ពេល​នេះ ពុំ​​ទាន់​មាន​ការចុះ​សិក្សា​ស្រាវជ្រាវ​​ពី​ចំនួន​សត្វ​ខ្ទីង​នៅ​កម្ពុជា​ទេ ប៉ុន្តែ​វត្តមាន​របស់​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​នៅ​សេសសល់​​តិចតួច​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ និង​ខ្ពង់រាប​ភាគ​និរតី ពាយព្យ​​ និង​ភាគ​ឦសាន​នៃ​ប្រទេស​នេះ​។

វា​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ និង​ដោយ​កម្រ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ (International Union for Conservation of Nature)»​។

ដោយ​មាន​គំនិត​សុទិដ្ឋិនិយម​​លើ​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​របស់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​លោក ទៀក បាន​កោត​សរសើរ​កម្មវិធី​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ថែរក្សា ការពារ និង អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​​ជំនឿ​ថា​ពេល​សត្វ​ខ្ទីង​ទាំងនេះ​ធំ​ពេញ​វ័យ ពួកវា​នឹង​ត្រូវ​បាន​នាំ​ទៅ​លែង​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​វិញ​​ហើយ​ត្រូវ​ធានា​ថា​វា​មិន​ត្រូវ​បាន​គេ​បរបាញ់ ដាក់​អន្ទាក់​ចាប់ ឬ បំពុល​ឲ្យ​ស្លាប់​នោះ​ទេ​»​។

យោង​តាម​ឯកសារ​របស់ International Union for Con-servation of Nature សត្វ​ខ្ទីង​មាន​មាឌធំ​ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់​​កណ្តាល​ខ្នង​។ ​ឯក​របស់​វា​រាង​ខ្លី​បន្តិច​តែ​មាំ និង​មាន​បូក​នៅ​ផ្នែក​ខាង​លើ​។ ​ជើង​ទាំង​ ៤ ​របស់​វា​ចាប់ពី​ជង្គង់​ចុះក្រោម​មាន​​ពណ៌​ប្រផេះ​។ ​នៅ​លើ​ថ្ងាស​មាន​រោម​វែង​ពណ៌​ប្រផេះ​ ឬ​ពណ៌​លឿង​មាស​ស្រាល​។ កូន​របស់​វា​មាន​ពណ៌​ត្នោត​រហូត​ដល់​វា​មាន​អាយុ​ពី​ ៤ ​ទៅ​ ៥ ​ខែ​ទើប​ក្លាយ​ជា​ពណ៌​ខ្មៅ​។ ​ខ្ទីង​ញី​មាន​មាឌធំ​ និង​ស្នែង​តូច​ជាង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ទេ​។

ស្នែង​របស់​វា​មាន​រាង​សំប៉ែត​ជាង​ស្នែង​ទន្សោង​ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ​ផ្នែក​គល់ និង​មាន​រាង​កោង​ឡើង​ទៅ​លើ​ស្រដៀង​នឹង​សត្វ​ទន្សោង​។ ជាទូទៅ​ខ្ទីង​មាន​ទម្ងន់​ចាប់ពី​ ៥០០ ​ទៅ​ ១០០០ ​គីឡូក្រាម​។ ខ្ទីង​​ឈ្មោល​ពេញ​វ័យ​មាន​កម្ពស់​ ១,៨៥ ​ម៉ែត្រ​ និង​ញី​ ១,៦០ ​ម៉ែត្រ​។

ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់​​បំផុត​រហូត​ដល់ ២ ​ម៉ែត្រ​។

សត្វ​ខ្ទីង​ចូលចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​​ និង​ខ្ពង់រាប​ដែល​មាន​រយៈកម្ពស់​រហូត​ដល់​ ២០០០ ​ម៉ែត្រ ពោល​​គឺ​អាច​រស់នៅ​តំបន់​ទី​ខ្ពស់​ជាង​សត្វ​ទន្សោង​។ ជាធម្មតា​វា​តែង​​ចេញ​រកស៊ី​ពេល​ព្រឹក និង​ពេល​ល្ងាច​។ ​វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​​ និង​ស៊ី​ល្បាស់​ខ្ចី ទំពាំង ស្មៅ និង​វល្លិ​ជា​អាហារ​។ ខ្ទីងញី​អាច​បង្កើត​កូន​បាន​ ១ បន្ទាប់ពី​ពពោះ​រយៈពេល​ ៩ ​ខែ​។

បច្ចុប្បន្ន​សត្វ​ខ្ទីង​ស្ថិត​ក្នុង​ក្រុម​​ប្រភេទ​សត្វ​មាន​ដោយ​កម្រ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​។ ​គេ​កម្រ​ឃើញ​វា​នៅ​តាម​វាលទំនាប​ណាស់ ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​កម្តៅ​ថ្ងៃ​យូរ​​ពេក​ទេ​។ ​

សត្វ​ខ្ទីង​កំពុង​ប្រឈម​គ្រោះថ្នាក់ និង​ឈាន​ទៅ​រក​ការជិត​ផុត​ពូជ ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។

ខ្ទីង​ប្រភេទ​នេះ​ត្រូវ​បាន​ចុះ​នៅក្នុង​បញ្ជី​​ក្រហម IUCN (VU) ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សកល​។ សត្វ​ខ្ទីង ស្ថិត​នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី​ ១ ​នៃ​អនុសញ្ញា​សាយតេស​ (CITES)៕

អត្ថបទគួរចាប់អារម្មណ៍