កោះកុងៈ សត្វ​ខ្លាឃ្មុំ​កម្រ​ ១ ​ក្បាល ​ត្រូវបាន​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​ឆាយអារ៉ែង និង​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance) ​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​ ២២ មករា បន្ទាប់ពី​បានជាប់​អន្ទាក់​របស់​ព្រានព្រៃ ដែល​លួច​ដាក់​នៅក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង ហើយ​ក៏​បាន​ដោះលែង​ឱ្យ​ចូលក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

លោក​ ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៤ មករា ថា​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​ឆាយអារ៉ែង និង​មន្ត្រី​អង្គការ Wildlife Alliance បាន​ជួយសង្គ្រោះ​សត្វ​ខ្លាឃ្មុំ​ ១ ​ក្បាល​ ទម្ងន់​ប្រហែល​ ៤០ ​គីឡូក្រាម ចេញពី​អន្ទាក់​របស់​ព្រានព្រៃ​ដែល​បាន​លួច​ដាក់​នៅក្នុង​ដែនឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​។

លោក​ថា សត្វ​ខ្លាឃ្មុំ​នេះ​មាន​ស្លាកស្នាម​របួស​ជើង​ខាងក្រោយ​បន្ដិចបន្ដួច​ដោយសារ​ជាប់អន្ទាក់ ប៉ុន្ដែ​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​អង្គការ​បាន​ជួយ​ព្យាបាល​ទាន់ពេលវេលា និង​បាន​ដោះលែង​វា​ឱ្យចូល​ក្នុងព្រៃ​ធម្មជាតិ​ដែល​វា​កំពុង​រស់នៅ​វិញ​។ ព្រានព្រៃ​បាន​ដាក់ពង្រាយ​អន្ទាក់​ជាច្រើន​ប្រភេទ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ប៉ុន្ដែ​ក្រុមមន្ត្រី​ជំនាញ​ក៏​បាន​ដើរ​ដោះចេញ​វិញ​ជា​បន្តបន្ទាប់​ដែរ​។

លោក​ ម៉ន ផល្លា បញ្ជាក់ថា​៖ «​អន្ទាក់​ត្រូវបាន​ដាក់​ដោយ​ព្រាន​ព្រៃ​គឺ​មាន​ច្រើន​ប្រភេទ រួមមាន​ខ្សែនីឡុង ឬ​ខ្សែ​គោ មាន​លួស​សរសៃ​តូចៗ មាន​អន្ទាក់​ប្រើ​ភ្លើង​ឆក់ និង​អន្ទាក់​ផ្សេងៗ​ទៀត​។ បើទោះបីជា​យ៉ាងនេះ​ក្ដី យើង​នៅតែ​បន្ត​ចុះ​ល្បាត​ជា​រៀងរាល់​ថ្ងៃ​សហការ​ជាមួយ​អង្គការ Wildlife Alliance ហើយ​យើង​ក៏​បង្ក្រាប​បាន​ជា​ហូរហែ​ដែរ​»​។

លោក Nick Marx ប្រធាន​គម្រោង​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ថ្លែង​ពីថ្ងៃ​ទី​ ២៤ មករា ថា ក្រុមមន្ត្រី​ជំនាញ Wildlife Alliance បាន​ពិនិត្យ និង​ព្យាបាល​ឱ្យ​វា​រួចរាល់ ដោយសារ​វា​មាន​របួស​ជើង​តិចតួច​។ ដូច្នេះ​អ្នកជំនាញ​បាន​ដោះលែង​ឱ្យទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ពី​ល្ងាច​ថ្ងៃទី​ ២២ ខែមករា​។

ក្រោយពី​ដោះលែង​ឱ្យចូល​ក្នុងព្រៃ​វិញ លោក​សម្តែង​ក្តីបារម្ភ​ខ្លាំង ដោយ​ខ្លាច​វា​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ម្ដងទៀត ប៉ុន្ដែ​ដោយសារ​តែ​គ្មាន​ជម្រើស​។ លោក​ថា សត្វ​ដែល​ធ្លាប់​រស់នៅ​ក្នុងព្រៃ​មិនអាច​យកមក​ដាក់​ក្នុង​ទ្រុង​ដូច​សត្វ​ចិញ្ចឹម​ដោយ​ដៃ​មនុស្ស​បានទេ​គឺ​ពិតជា​មាន​ផល​អាក្រក់​សម្រាប់​សត្វព្រៃ​នោះ​។ កាលពី​សប្ដាហ៍​មុន មន្ត្រី​លោក​បាន​ប្រមូល​អន្ទាក់​ចំនួន​ជាង ៤០០ ​អន្ទាក់ ប៉ុន្ដែ​ចំនួន​នេះ​នៅ​មិនទាន់​ប្រមូល​ចេញពី​ព្រៃ​អស់​នៅឡើយ​។

លោក Nick Marx បញ្ជាក់ថា​៖ «​ខ្ញុំ​ស្អប់​អន្ទាក់​ខ្លាំងណាស់ ហើយ​អន្ទាក់​វា​សម្លាប់​សត្វព្រៃ​យ៉ាង​សាហាវ​។ ច្បាប់​របស់​យើង​មាន​ភាព​ធូរ​លុង​ច្រើនពេក គឺ​មិន​បានដាក់​ទោសទណ្ឌ​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទេ ព្រោះ​បើ​យើង​ចង់​ការពារ​សត្វព្រៃ​យើង គឺ​ត្រូវតែ​ការពារ​កុំឱ្យ​មាន​អន្ទាក់​»​។

លោក​បន្ថែមថា​៖ «​យើង​តែងតែ ចុះ​ល្បាត​រាល់ថ្ងៃ ប៉ុន្ដែ​ពិបាក​ក្នុង​ការចាប់​ជនល្មើស​។ ជួនកាល​ពេល​យើង​ចាប់បាន​ជនល្មើស​ហើយ គឺ​យើង​អត់​មាន​ពិន័យ​អ្វី​ធ្ងន់ធ្ងរ​ទៅលើ​ពួកគេ​ទេ អ៊ីចឹង​ពួកគេ​អត់​ខ្លាច​ច្បាប់​ទេ​»​។

តាម​របាយការណ៍​ដែល​បង្ហាញ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក Wildlife Alliance ពីថ្ងៃ​ទី​ ២៤ មករា គឺ ខ្លាឃ្មុំ​តូច​នេះ​ត្រូវបាន​ប្រទះឃើញ ដោយ​ក្រុម​ឧទ្យានុរក្ស ដែល​កំពុង​ជាប់អន្ទាក់​នៅ​ថ្ងៃទី​ ២២ ខែមករា​។ ក្រុម​ល្បាត​ពុំទាន់​បាន​ដោះ​ភ្លាមៗ​នោះទេ ដោយ​បារម្ភ​ខ្លាចខ្លា​ឃ្មុំ​នេះ​ភ័យ និង​ផ្អើល ហើយ​រើ​កាន់តែខ្លាំង​នាំឱ្យមាន​របួស​កាន់តែ​ធ្ងន់​។ ពេលនោះ ទើប​ក្រុម​ល្បាត​បាន​ទូរស័ព្ទ​ទៅកាន់​ការិយាល័យ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ភ្លាមៗ​ដើម្បី​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បន្ទាន់​ពី​ភ្នំពេញ មកជួយ​​សង្គ្រោះ​សត្វ​ខ្លាឃ្មុំ​នេះ​។

របាយការណ៍​បន្តថា ក្រុម​ជួយសង្គ្រោះ​របស់​អង្គការ​ដឹកនាំ​ដោយ​លោក Nick Marx បាន​ចុះទៅ​កន្លែង​ជាមួយ​ក្រុម​ពេទ្យសត្វ​ជួយសង្គ្រោះ​។ សត្វ​ខ្លាឃ្មុំ​នេះ​ត្រូវបាន​ក្រុម​សង្គ្រោះ​បាញ់ថ្នាំ​សណ្តំ ដោះ​ចេញ​ពី​អន្ទាក់ និង​ព្យាបាល​នៅនឹងកន្លែង​តែម្តង ព្រោះ​វា​មិនមាន​របួស​ធ្ងន់ធ្ងរ​ទេ បន្ទាប់មក​ក៏ត្រូវ​បាន​ដោះលែង​ទៅវិញ​។

គួររំឭកថា ជួរ​ភ្នំក្រវាញ​ខាងត្បូង​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​បង្កើតជា​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​ ២០១៦ ដែលមាន​ផ្ទៃដី​ទំហំ​ ៤១០ ៣៩២ ​ហិកតា​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕