តាកែវៈ មន្ត្រីការពារទេសភាពបឹងព្រែកល្ពៅឱ្យដឹងថា សម្បុកសត្វចង្កៀលខ្យងជាង ២ ០០០ សម្បុក បានបង្ហាញវត្តមានជាលើកដំបូងក្នុងរយៈពេលជាង ១៥ ឆ្នាំ ដែលនេះជាកំណត់ត្រាថ្មីដែលពុំធ្លាប់មាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ។
លោក លឹម វ៉ាត នាយករង តំបន់ការពារទេសភាពបឹងព្រែកល្ពៅប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា សម្បុកពងកូនសត្វចង្កៀលខ្យងចំនួន ២១៨៦ សម្បុកបានរកឃើញនៅលើដើមរាំងចំនួន ២៧០ ដើម។ សត្វទាំងនេះមានវត្តមាននៅតំបន់ការពារធម្មជាតិព្រែកទាល់ ខេត្តបាត់ដំបង ប៉ុន្តែនៅឆ្នាំនេះ វាមកបន្តពូជនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលវាជារឿងមួយចម្លែក ហើយយើងខ្សត់ព្រៃលិចទឹកមានតែគុម្ពោធស្មៅធម្មជាតិទាបៗ។ វាធ្លាប់មានតែមករកចំណី តែមិនបានធ្វើសម្បុកបន្តពូជទេ។
លោក លឹម វ៉ាត ថ្លែងថាមកដល់ពេលនេះវត្តមានសត្វចង្កៀលខ្យងមានប្រមាណជាង ១ ម៉ឺនក្បាលមករស់នៅតំបន់នេះ ដែលទាំងនេះដោយសារតែសន្តិសុខទីជម្រកសម្រាប់ពួកវា ហើយពេលនេះមន្ត្រីការពារទេសភាពបឹងព្រែកល្ពៅ ខិតខំធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីអត្ថប្រយោជន៍នៃសក្ដានុពលសត្វស្លាបទាំងនេះ។
លោកបញ្ជាក់ថា៖ «យើងធ្វើការយាមល្បាតជារៀងរាល់យប់-ថ្ងៃ បង្ការទប់ស្កាត់បទល្មើសមិនឱ្យកើតមានឡើយ និងខិតខំស្តារទីជម្រកដោយធ្វើការដាំដើមឈើជាព្រៃលិចទឹកឡើងវិញ ដែលសហគមន៍យើងកំពុងធ្វើការផ្សាំកូនឈើប្រមាណជាង ៤ ០០០ ដើម។ បើយើងបណ្តែតបណ្តោយមិនយកចិត្តទុកដាក់ទេវានឹងវិនាសអស់ហើយ»។
ជាមួយគ្នានេះដែរលោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវឱ្យដឹងដែរថា ការធ្វើសម្បុកពងកូនរបស់សត្វចង្កៀលខ្យងនៅតំបន់នេះមានន័យថា ភូមិសាស្ត្រនេះបានផ្តល់នូវទីជម្រកសុវត្ថិភាពដល់ពួកវា។ លោកថា៖ «មន្ទីរបរិស្ថានដែលជាអង្គភាពគ្រប់គ្រងតំបន់ការពារទេសភាពនេះដោយផ្ទាល់មានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះកំណើនសត្វ និងកំណត់ត្រាថ្មីនេះ។ យើងនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ សហគមន៍ និងអង្គការដៃគូ ដើម្បីការពារទីជម្រកព្រៃលិចទឹកនេះមិនឱ្យបាត់បង់»។
បឹងព្រែកល្ពៅ ជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ ដែលមានភូមិសាស្ត្រក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗដែលក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ។
នាយកកម្មវិធីប្រចាំនៅកម្ពុជានៃអង្គការសត្វស្លាបអន្តរជាតិលោក ប៊ូ វរសក្ស បានលើកឡើងនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ថា ទីជម្រកព្រៃលិចទឹកវាលស្មៅ និងតំបន់ដីសើមនេះផ្តល់ប្រយោជន៍មិនអាចកាត់ថ្លៃបានក្នុងការគាំទ្រជីវភាពប្រជាសហគមន៍ សត្វព្រៃ និងធនធានជីវចម្រុះ។
លោកថា៖ «ការរកឃើញសំបុកពងកូនសត្វចង្កៀលខ្យងនេះ ជាភ័ស្តុតាងយ៉ាងច្បាស់ថា តំបន់ដីសើមនេះមិនត្រឹមតែសំខាន់សម្រាប់សត្វក្រៀលប៉ុណ្ណោះទេ តែវាក៏មានសក្តានុពលសម្រាប់សត្វស្លាបជាច្រើនប្រភេទទៀត»។
លោក ប៊ូ វរសក្ស បន្តថា ដើម្បីរក្សាតម្លៃជាសកលនៃតំបន់ដីសើមនេះអង្គការ BirdLife សុំឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗដូចជាការទន្ទ្រានយកដី ការរំខាន និងការបំពុលជាដើម ហើយជាពិសេសពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រង។
ក្នុងនោះដែរលោក Saber Masoomi អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា នៃអង្គការ WWT បានឱ្យដឹងដែរថា តំបន់ដីសើមនេះមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន ៥ ០០០ គ្រួសារ ក្នុងភូមិចំនួន ២២ ក្នុងតំបន់នោះតាមរយៈការផ្តល់ជាទឹកសាប ត្រី និងរុក្ខជាតិឱសថ។ លោកថា ក្នុងនាមជាដៃគូ WWT នឹងបន្តជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនៅតំបន់នេះបន្តទៀត។
ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្រសួងបរិស្ថានលោក ស្រី ស៊ុនលាង ឱ្យដឹងថា ការកើនឡើងនូវចំនួនសត្វចង្កៀលខ្យងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ។
លោកប្រាប់ថា៖ «ពិតណាស់ ការងារការពារ និងអភិរក្សធនធានធម្មជាតិ វាមិនមែនជាបន្ទុករបស់ក្រសួងបរិស្ថានតែម្នាក់នោះទេគឺវាទាមទារឱ្យការចូលរួមសហការគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់ ទើបការអនុវត្តការងារនេះប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់»។
សត្វចង្កៀលខ្យងត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ ២០០៣ មកម្ល៉េះដែលកាលនោះមានប្រហែលជាង ១០០ ក្បាលប៉ុណ្ណោះ ហើយចំនួនសត្វនេះបាននិងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់៕