រតនគិរី: អង្គការជីវិតសត្វស្លាបអន្តរជាតិបានបង្ហាញក្ដីបារម្ភពីសត្វត្រដក់តូចដែលមានវត្តមាន និងពងកូននៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កំពុងរងការគំរាមកំហែងខ្លាំង ដោយសារការបាត់បង់ទីជម្រក និងការរំខានពីសកម្មភាពមនុស្ស។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិបានឱ្យដឹងពីម្សិលមិញថា សត្វត្រដក់តូចជាប្រភេទបក្សីកំពុងរងគ្រោះដែលមានវត្តមាន និងពងកូនជាប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ក្នុងរដូវកាលពងកូនឆ្នាំ ២០២០ នេះក្រុមការងារបានរកឃើញចំនួន ៥ សម្បុកនៅដែនជម្រកសត្វព្រៃក្នុងនោះមាន ២ សម្បុកត្រូវបានបំផ្លាញដោយកត្តាធម្មជាតិ។
លោកបន្តថា បើប្រៀបធៀបនឹងឆ្នាំ ២០១៩ សម្បុកសត្វនេះមានការថយចុះគួរឱ្យព្រួយបារម្ភ ដោយសារកត្តាជាច្រើនដូចជា ការបាត់បង់ទីជម្រកដែលមានមនុស្សចេញចូលច្រើន ហើយទីតាំងនោះចាប់ផ្ដើមមានអាជីវកម្មរ៉ែថ្មដែលធ្វើឱ្យមានការរំខានអារម្មណ៍ពួកវា។ ដូច្នេះអ្នកជំនាញកំពុងតាមដានការបំផ្លាស់ទីរបស់ពួកវា ដោយគេមិនទាន់ដឹងថា ពួកវាបានផ្លាស់ទីទៅកន្លែងណាខ្លះទេ។
លោក ប៊ូ សវរក្ស បានថ្លែងថា៖ «យើងមិនទាន់មានវិធីសាស្ត្រក្នុងការធ្វើជំរឿនសត្វត្រដក់តូចនេះនៅឡើយទេ អ៊ីចឹងខ្ញុំមិនទាន់ដឹងពីស្ថិតិសរុបសត្វត្រដក់តូចនេះដែរ ប៉ុន្ដែគ្រាន់តែយើងរកឃើញតាមការប្រៀបធៀបសម្បុកប្រចាំឆ្នាំប៉ុណ្ណោះ»។
លោកបញ្ជាក់ថា៖ «យើងនឹងព្យាយាមស្តារទីជម្រកវាដែលបានបាត់បង់ឡើងវិញ ពួកយើងនឹងធ្វើការរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងអស់នេះ ដើម្បីការពារដែនជម្រកសត្វព្រៃដែលជាមរតកមិនអាចកាត់ថ្លៃឱ្យបានគង់វង្ស»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា សត្វត្រដក់តូចជាប្រភេទសត្វស្លាបកម្រដែលស្ថិតក្រោមការអភិរក្សពីក្រសួងបរិស្ថាន និងមានការចូលរួមពីអង្គការសង្គមស៊ីវិលនានាដែលស្រឡាញ់ធនធានធម្មជាតិទាំងនេះ។ ដោយភាគីពាក់ព័ន្ធនឹងបន្តព្យាយាមអភិរក្សសត្វកម្រទាំងអស់តាមរយៈការដោះស្រាយបញ្ហានានាដែលកំពុងប្រឈម។
លោកបញ្ជាក់ថា៖ «យើងក៏យល់ឃើញដូចអង្គការជីវិតសត្វស្លាបអន្តរជាតិគឺសត្វត្រដក់តូចនេះពិតជាមានការប្រឈមខ្លាំងមែន។ អ៊ីចឹងបានជាយើងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានាតាមជំហានៗ ដើម្បីការពារ និងអភិរក្សបន្ថែមតាមរយៈការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយឱ្យបានដល់សហគមន៍ ឬពលរដ្ឋឱ្យបានយល់ដឹងទាំងអស់គ្នាពីកិច្ចអភិរក្សសត្វកម្រទាំងអស់នេះ»។
លោក ភក្ត្រា ថ្លែងថា ទន្ទឹមនឹងការអប់រំផ្សព្វផ្សាយនេះ សមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តជំរុញការបង្ក្រាបបទល្មើសព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ព្រោះការបង្ក្រាបជាការងារចាំបាច់បំផុតក្នុងចំណោមវិធានការជាច្រើនទៀត៕