កំពង់ស្ពឺៈ សត្វ​ទន្សោង​ ១ ​ក្បាល ​ត្រូវបាន​ប្រជាសហគមន៍​ប្រាំបី​មុំ ប្រទះ​ឃើញ​ងាប់​ដោយ​ជាប់​អន្ទាក់​កាលពី​សប្តាហ៍​មុន នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​ករណីនេះ​បង្ហាញថា បទល្មើស​សត្វព្រៃ​នៅតែ​ជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វព្រៃ ជាពិសេស​ប្រភេទ​សត្វ​ទន្សោង​ដ៏កម្រ និង​ជិត​ផុត​ពូជ​ពី​ផែនដី​នេះ​។

លោក​ សឿន ឡាយ ប្រធាន​សហគមន៍​ប្រាំបីមុំ នៅ​ភូមិ​ត្រពាំងក្រើញ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ ៣ ​ថ្ងៃមុន គាត់ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្រាំបីមុំ​បាន​នាំគ្នា​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ៣ ​ថ្ងៃ​ គឺ​ពីថ្ងៃ​ ២៥-២៧ ខែ​មករា ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​។

លោក​និយាយ​ថា​៖ «​ក្នុងអំឡុង​ពេល​នៃ​ការចុះ​ល្បាត​ព្រៃ​នោះ​ក្រុមការងារ​យើង​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ជំទង់​ ១ ​ក្បាល​ ដែល​មាន​អាយុប្រមាណ ១ ​ឆ្នាំ និង​មាន​ទម្ងន់​ប្រមាណ​ជាង​ ១០០ ​គីឡូក្រាម ងាប់​ដោយ​មាន​ជាប់​ខ្សែ​អន្ទាក់​នៅ​ជើង​ខាងក្រោយ​ផ្នែក​ខាងស្ដាំ​របស់​វា​។ ខ្មោច​របស់​វា​មាន​សភាព​ហើម​ស្អុយ ដែល​ទំនង​ជា​ត្រូវ​ងាប់​ក្នុង​អំឡុង​ពេល​ ២-៣ ​ថ្ងៃ​មកហើយ​»​។

លោក​បន្តថា ក្រុមការងារ​របស់​លោក​បាន​ប្រទះឃើញ​ខ្មោចសត្វ​ទន្សោង​នោះ​ថ្ងៃទី​ ២៥ ខែមករា នៅ​ព្រៃរបោះ​មួយ​ខាងត្បូង​ភូមិ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​ ១០០ ​ម៉ែត្រ​ ពី​ចម្ការ​អំពៅ​របស់​ឯកជន​មួយ​ឈ្មោះ​ ណា ឆា​។

លោក​ ឡាយ បាន​បញ្ជាក់​ថា​៖ «​ក្រោយ​ប្រទះឃើញ​ខ្មោចសត្វ​ទន្សោង​នោះ ពួកយើង​បាន​នាំគ្នា​សម្រាក​នៅក្នុង​ព្រៃ​ចំនួន​ ២ ​ថ្ងៃ​ ដើម្បី​ចាំ​ឃ្លាំមើល និង​ចាប់ខ្លួន​ជន​ដែល​បានដាក់​អន្ទាក់​បង្ក​ឲ្យ​សត្វ​ទន្សោង​ដ៏កម្រ​នេះ​ស្លាប់ ដើម្បី​នាំខ្លួន​ឲ្យ​មន្ត្រី​ជំនាញ ធ្វើការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​»​។

លោក​បន្ថែម​ថា បន្ទាប់ពី​រង់ចាំ​ឃ្លាំមើល​អស់​រយៈពេល​ ២ ​ថ្ងៃ ហើយ​មិនឃើញ​មាន​ជន​ប្រមាញ់​សត្វព្រៃ​ណា​ម្នាក់​ចូល​ទៅក្នុង​ព្រៃ​នោះ ពួកគាត់​បាន​សម្រេច​ដុត​កម្ទេច​ខ្មោចសត្វ​ទន្សោង​នោះ​ចោល រួច​បន្ត​ស្រាវជ្រាវ​រកឃើញ​ និង​ដោះអន្ទាក់​ដែល​ត្រូវបាន​គេ​បង្កៃ​សម្រាប់​ចាប់​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​លោក​បាន​ចំនួន​ ២៣៧ ​អន្ទាក់​។

បើ​តាម​លោក ឡាយ កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩ ប្រជាសហគមន៍​បាន​ចុះ​ល្បាត​ព្រៃ ហើយ​ក៏​បាន​ប្រទះឃើញ​សត្វ​ឈ្លូស​ ២ ​ក្បាល មាន់ព្រៃ​ ១ ​ក្បាល និង​សត្វ​កាំប្រមា ១ ​ក្បាល​ ងាប់​ដោយ​ជាប់អន្ទាក់​។ លោក​ឲ្យ​ដឹងថា​កាលពី​ដើម​ខែ​មីនា ២០១៩ ក្រុម​ការងារ​របស់​លោក​បាន​ជួយសង្គ្រោះ​សត្វ​ទន្សោង​ញី​ឈ្មោល​ ២ ​ក្បាល​ពី​ការជាប់​អន្ទាក់​របស់​អ្នកប្រមាញ់​សត្វព្រៃ​ខុសច្បាប់​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​គ្រប់​អន្ទាក់​ទាំងអស់​សុទ្ធតែ​អាច​សម្លាប់​ជីវិត​សត្វ និង​មនុស្ស​បាន​គ្រប់ពេល ប្រសិន​បើ​មិន​ប្រយ័ត្ន​ដើរ​ជាន់​ចំ​ពីលើ​វា​។ ការបន្ត​ប្រើ​អន្ទាក់​ដើម្បី​ប្រមាញ់​សត្វព្រៃ​នឹង​បង្ក​ឲ្យ​មាន​វិនាសកម្ម​សត្វព្រៃ​ធ្ងន់ធ្ងរ និង​ឈាន​ទៅ​ដល់​ការបាត់បង់​ពូជ​សត្វ​កម្រ​ដូចជា​សត្វ​ទន្សោង ខ្ទីង ជាដើម​នេះ​យ៉ាង​ឆាប់រហ័ស​»​។

ករណី​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​នេះ​ផងដែរ​នៅឯ​ខេត្តមណ្ឌលគិរី​កាលពី​សប្ដាហ៍​មុន បុរស​ម្នាក់​ត្រូវបាន​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ​ដាក់​អន្ទាក់​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​។ បុរស​នោះ​ត្រូវ​បាន​ក្រុម​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​ចាប់​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្ដែង​ជាមួយ​វត្ថុតាង​អន្ទាក់ និង​ឧបករណ៍​ឆក់​ជា​ជំនួយ​ក្នុង​ការឆក់​សម្លាប់​សត្វព្រៃ ព្រមទាំង​គ្រឿង​រំសេវ​ដែល​ជា​សារធាតុ​គីមី​ពុល​មួយ​ចំនួន​ទៀត​។

យ៉ាងណា​ក៏ដោយ​ការប្រមាញ់​សត្វព្រៃ និង​ការជួញដូរ​សាច់​សត្វព្រៃ​នៅតែ​បន្ត​កើតមាន ល្គឹកណា​អ្នក​បរិភោគ​សាច់សត្វ​ព្រៃ​មិន​ភ្ញាក់រឭក​ក្នុងការ​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ​ទេនោះ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ២៩ ខែ​មករា កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​វ៉ើនសៃ រួម​សហការ​ជាមួយ​កម្លាំង​ទីស្នាក់ការ​ឧទ្យាន​ជាតិ​វិរជ័យ​បាន​ចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ​នៅ​ភូមិ​កំពង់ចាម ឃុំ​ប៉ាក់កាឡាន ស្រុក​វ៉ើនសៃ ខេត្ត​រតនគិរី ដោយបាន​ចាប់យក​សាច់សត្វ​ជ្រូកព្រៃ​ទម្ងន់​ ២៨ ​គីឡូក្រាម​។ នេះ​បើ​តាម​សម្ដី​របស់​លោក​ ស៊ូ ខុន អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​វិរជ័យ​កាលពី​សប្តាហ៍​មុន​។ លោក​ ខុន ​ថ្លែង​ថា​៖ «​បទល្មើស​សត្វព្រៃ​នឹង​នៅ​តែ​បន្ត​កើតមាន ប្រសិន​បើ​អ្នកបរិភោគ​មិន​នាំគ្នា​បញ្ឈប់​»​។

លោក​ថា​៖ «​ការការពារ​ព្រៃឈើ និង​សត្វព្រៃ​មិនមែន​ជា​តួនាទី​ផ្ដាច់មុខ​របស់​ក្រុម​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន ឬ​របស់​ស្ថាប័ន​ជំនាញ​ណាមួយ​ឡើយ តែ​វា​ជា​តួនាទី និង​ការទទួល​ខុសត្រូវ​រួមគ្នា​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​រដ្ឋាភិបាល​»៕