ឧត្តរមានជ័យៈ សត្វទន្សោងឈ្មោល ១ ក្បាល ដែលមានទម្ងន់ជាង ៥០០ គីឡូក្រាម ត្រូវបានប្រជាសហគមន៍សង្ឃរុក្ខវ័ន និងមន្ត្រីបរិស្ថាននៃស្នាក់ការភ្នំរូងដែក ប្រទះឃើញងាប់នៅក្នុងតំបន់ព្រៃការពារ និងអភិរក្ស នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីសប្ដាហ៍កន្លងមកនេះ ដោយសង្ស័យថាមានគេលួចប្រមាញ់ ដោយប្រើប្រាស់អន្ទាក់។
ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធានសហគមន៍សង្ឃរុក្ខវ័ន បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា ខ្មោចសត្វទន្សោង ១ ក្បាលនោះ ទំនងជាត្រូវពួកក្រុមប្រមាញ់សត្វព្រៃ លួចប្រមាញ់ដោយប្រើអន្ទាក់ ព្រោះជើងខាងឆ្វេងរបស់វា មានស្នាមរបួសធ្ងន់ធ្ងរ និងមានរឹតជាប់ដោយខ្សែអន្ទាក់ហ្វ្រាំងកង់។
ព្រះអង្គមានសង្ឃដីកាថា៖ «បើតាមការពិនិត្យលើស្នាមរបួសរបស់វានោះ អាត្មាយល់ថា វាមិនមែនងាប់ដោយសារតែវ័យចំណាស់របស់វានោះទេ តែបណ្ដាលមកពីការឈឺចាប់នឹងមុខរបួសរបស់វាខ្លាំងពេក»។
ព្រះអង្គមានសង្ឃដីកាបន្តថា ក្រៅពីប្រភេទសត្វដែលនៅរស់សេសសល់មានចំនួនមធ្យមដូចជា ប្រើស រមាំង ទន្សង ត្រកួត ពស់ និងសត្វស្លាបទឹកជាច្រើនប្រភេទទៀតនោះ ព្រៃសហគមន៍សង្ឃរុក្ខវ័ន ក៏មានប្រភេទសត្វកម្រជាច្រើនប្រភេទរស់នៅផងដែរ ក្នុងនោះសត្វទន្សោងមាន ចន្លោះពី ៧០ ក្បាល ទៅ ១២០ ក្បាល និងសត្វខ្ទីងមានជាង ១០ ក្បាល។ ការនៅគង់វង្សនៃប្រភេទសត្វកម្រទាំងនេះ គឺអាស្រ័យដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងកិច្ចការពារ និងអភិរក្សសត្វព្រៃ និងព្រៃឈើ ដែលជាទីជម្រករបស់វា។
នៅកម្ពុជា សត្វទន្សោងត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់បញ្ចូលទៅក្នុងបញ្ជីក្រហម នៃប្រភេទសត្វកម្រ និងជិតផុតពូជ។ យោងតាមទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ប្រមូលបានពីបណ្ដាក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការទាក់ទងការងារអភិរក្សសត្វព្រៃនៅកម្ពុជាបានបង្ហាញថា នៅទូទាំងប្រទេស កម្ពុជា មាននៅសេសសល់សត្វទន្សោងក្នុងចន្លោះពី ៣៥០ ក្បាល ទៅ ៥០០ ក្បាល។
លោក បេត គឹមហេង ប្រធានស្នាក់ការបរិស្ថានភ្នំរូងដែក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បទល្មើសសត្វព្រៃ និងព្រៃឈើ នៅតែបន្តកើតមានឥតឈប់ឈរ បើទោះជាមានការបង្ក្រាប ចាប់ផាកពិន័យ និងបញ្ជូនខ្លួនជនប្រព្រឹត្តបទល្មើសទៅឲ្យតុលាការផ្ដន្ទាទោសជាបន្តបន្ទាប់ក្ដី។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ក្រុមល្បាតបានប្រទះឃើញសត្វទន្សោង ១ ក្បាលងាប់ ដោយមានស្នាមរបួសជើងយ៉ាងធ្ងន់ធ្ងរសង្ស័យជាប់អន្ទាក់របស់ក្រុមជនប្រមាញ់សត្វព្រៃខុសច្បាប់។
លោកបានថ្លែងថា៖ «យើងមានការសោកស្ដាយខ្លាំងណាស់ នៅពេលចុះល្បាតហើយប្រទះឃើញខ្មោចសត្វទន្សោង ១ ក្បាលនោះ កំពុងដេកងាប់នៅក្នុងព្រៃ ដោយមានស្នាមរបួសជើងធ្ងន់ធ្ងរ។ បទល្មើសដាក់អន្ទាក់សត្វព្រៃ គឺជាវិនាសកម្មសត្វព្រៃដ៏ស្ងៀមស្ងាត់បំផុត»។
បើតាមលោក គឹមហេង ចាប់តាំងពីដើមខែមករា រហូតមកទល់ថ្ងៃអាទិត្យម្សិលម្ង៉ៃនេះ ក្រុមការងារចុះល្បាតនៃស្នាក់ការបរិស្ថានភ្នំរូងដែក បានរុះរើ និងប្រមូលអន្ទាក់សត្វព្រៃបានជាង ២០០ ខ្សែ និងបានបង្ក្រាបចាប់គោយន្តដឹកជញ្ជូនបទល្មើសព្រៃឈើបានចំនួន ៣ គ្រឿង។
លោកបានថ្លែងបន្តថា នៅពេលនេះក្រុមការងារចុះល្បាតកំពុងបន្តចុះស្រាវជ្រាវនៅក្នុងទីតាំងមួយចំនួនទៀតនៃព្រៃសង្ឃរុក្ខវ័ន៕