កំ​ពង់​ធំ:​ សមត្ថ​កិច្ច​ខេត្ត​កំ​ពង់​ធំ​បាន​លែង​សត្វ​ស្លាប​អម្បូរ​សត្វ​ប្រវឹក​​ជាង​ ១ ពាន់​ក្បាល​ ទៅ​ក្នុង​រមណីយដ្ឋាន​ព្រៃ​ប្រស់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​ក្រោយ​​ពីរឹប​អូស​បាន​ពី​រ​ថ​យន្ត​ ១​ គ្រឿង​ ​​ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​នាំ​ចូល​​ពី​ព្រំ​ដែន​កម្ពុ​ជា​​ថៃ​ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំ​ពេញ។​ ​យោង​តាម​លោក​ ប៊ុន​ សុធី​ នាយ​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​ខេត្ត​កំពង់ធំ។

​លោ​ក​ ប៊ុន​ សុធី​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ ​កាល​ពី​ម្សិល​មិញ​ថា​ បុរស​​ជា​ជន​សង្ស័យ​ចំនួន​ ៣ នាក់​ ត្រូ​វ​បាន​មន្ត្រី​ជំនាញ​កំពុ​ង​សាក​សួរ​តាម​នីតិ​វិធី​ក្រោយ​ពី​ឃាត់​ខ្លួន​ពួក​គេ​ ​ខណៈ​ដែល​ពួក​គេ​កំ​ពុង​ដឹក​ជញ្ជូន​សត្វ​ស្លាប​ប្រភេទ​នេះ​ឆ្លង​កាត់​ខេត្ត​កំ​ពង់​ធំ​ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​បាន​នៅ​ថ្ងៃទី​ ១​៣​ ខែ​កក្កដា​នេះ។

លោក​ ​សុធី​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​សមត្ថ​កិច្ច​បា​ន​ឃាត់​ទាំង​មនុស្ស​ និង​រថ​យន្ត​​ដឹ​កជញ្ជូន​សត្វ​ប្រវឹក​នេះ ​មន្ត្រី​ជំនាញ​បាន​យក​សត្វ​ប្រវឹក​រស់​ទាំង​អស់​នេះ​ ទៅ​ដោះ​លែង​ចូល​ព្រៃ​ធម្ម​ជាតិ​នៅ​រមណី​យ​ដ្ឋាន​ព្រៃប្រស់​ ខេ​ត្ត​កំពង់ធំ។ ចំណែក ​ជន​សង្ស័​យ ​និង​រថ​យន្ត​ដែល​ជា​មធ្យោ​បា​យ​ដឹក​ជញ្ជូន​នោះ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្កាត់រ​ដ្ឋបា​ល​ព្រៃឈើ​​ស្រុក​កំព​ង់​ស្វា​យ​ ដើ​ម្បី​ចា​ត់​ការ​​​តាម​ច្បាប់​​។​

លោក​បញ្ជាក់ថា៖ «ឥឡូវនេះ យើង​កំពុង​សួរនាំ​អ្នក​ដឹកជញ្ជូន​សត្វ​ប្រវឹក​ទាំង ៣ នាក់​នេះ ខ្ញុំ​អត់​ទាន់​ដឹង​ត្រូវ​ពិន័យ ឬ​បញ្ជូនទៅ​តុលាការ​ទេ ព្រោះ​មន្ត្រី​ខ្ញុំ​គាត់​កំពុងធ្វើការ ពេល​បាន​របាយ​ការណ៍​ហើយ យើង​នឹង​កាត់ក្ដី​តាម​ច្បាប់។ ចំណែក​សត្វ​ប្រវឹក​ទាំងនេះ យើង​អត់​អាច​ទុក​វា​យូ​បានទេ ពេល​យើង​ចាប់បានភ្លាមៗ យក​វា​ទៅ​លែង​វិញ​​ហើយ ព្រោះ​បើ​ទុក​យូរ ខ្លាច​វា​ងាប់»។

លោក អិុត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដែល​ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​នេះ​ផ្ទាល់​បាន​ថ្លែងថា រថ​យ​ន្ដ​​ ១ គ្រឿង​ លួច​ដឹក​សត្វ​ប្រវឹក​នេះ ដោយ​សង្ស័យ​ខ្លះ​នាំយក​មកពី​​ព្រំដែន​កម្ពុជា និង​យកមក​ពី​ថៃ​មួយចំនួន ហើយ​សត្វ​ប្រវឹក​​នេះ​ជា​ប្រវឹក​ព្រៃ មិនមែនជា​សត្វ​គេ​ចិញ្ចឹម​ទេ ហើយ​ពួកគេ​ដឹក​ជ​ញ្ជូ​ន​បម្រុង​នាំ យកទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ។

លោក​បន្តថា ករណីនេះ​កន្លង​ទៅសមត្ថកិច្ច​ធ្លាប់បាន​បង្ក្រាប​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​មិនមែន​ទ្រង់ទ្រាយ​ធំ​ដូច​ករណីនេះ​ទេ ពោ​ល​​មាន​សត្វ​ប្រវឹក​បន្ដិចបន្តួច​ប៉ុណ្ណោះ។

លោក​​បញ្ជាក់ថា៖ «យើង​សាកសួរ​គាត់​សិន បើ​ដឹង​លទ្ធផល​យ៉ាង​ណា គឺ​យើង​ឆែក​មើល​ច្បាប់​ទៀត​ថា តើ​ត្រូវ​ពិន័យ​គាត់ ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ? ប៉ុន្ដែ​សត្វ​ប្រវឹក​នេះ យើង​មិនទាន់​ទុក​ថា ជា​សត្វ​កម្រ​ទេ ហើយ​កម្រិត​ទោស​នេះ គឺអាច​ត្រឹម​ពិន័យ និង​ធ្វើ​កិច្ច​សន្យា ​តែ​បើ​សិន​សត្វ​ហ្នឹង​ជា សត្វ​កម្រ​វិញ ​ពួក​គាត់​នឹ​ង​ត្រូវ​មាន​ទោស​ ត្រូវ​បញ្ជូន​ទៅ​តុលាការ»៕​ ​