ភ្នំពេញៈ សត្វប្រវឹក​ចំនួន​ ៣៨២ ​ក្បាល​ ក្នុងចំណោម​ ៥៥៣ ​ក្បាល ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដោះលែង​ចូលទៅ​ក្នុងព្រៃ​ក្បែរ​បឹង​ធម្មជាតិ​មួយ​ក្នុង​សហគមន៍​បឹងឈូក​នៃ​ស្រុក​បន្ទាយស្រី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ក្រោយពី​ពួកវា​ត្រូវ​បាន​រំដោះ​ចេញពី​ដៃ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ២ ​នាក់​។

លោក លឹម សម្បត្តិ អធិការស្រុក​ប្រាសាទបាគង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​វេលា​ម៉ោងជាង​ ១២ ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៦ ខែ​ កញ្ញា ឆ្នាំ​ ២០២០ កម្លាំង​របស់លោក​បាន​ចាប់​ឃាត់ខ្លួន​បុរស ២​ នាក់​ រួមមាន​ឈ្មោះ យ៉េង ឈុនហេង អាយុ​ ៣៣ ​ឆ្នាំ និង​គូកន​ម្នាក់ទៀត​ឈ្មោះ ឆាត រស្មី ដែល​អ្នក​ទាំង​ ២ ​មាន​លំនៅ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

ការចាប់ខ្លួន​បុរស​ទាំង​ ២ ​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​កណ្ដែក​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប បន្ទាប់ពី​សមត្ថកិច្ច​បាន​ឆែកឆេរ​រថយន្ត​ទំនើប​ពណ៌​ត្រេអ៊ី​របស់​ពួកគេ​ ១ ​គ្រឿង​ ដែល​មាន​ពាក់​ស្លាក​លេខ​ (​ខ.ម) ហើយ​បាន​រកឃើញ សត្វ​ប្រវឹក​ចំនួន​ ៥៥៣ ​ក្បាល​ក្នុង​នោះ​ ១៧១ ​ក្បាល​បាន​ងាប់ ដែល​ពួកគេ​បាន​ដឹកជញ្ជូន​ដោយ​គ្មាន​លិខិតអនុញ្ញាត​។ លោក​ថ្លែងថា​៖ «​បុរស​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ដឹកជញ្ជូន​សត្វ​ព្រៃ​ខុសច្បាប់​ទាំង​ ២ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​បន្ត​ទៅ​តាមផ្លូវ​ច្បាប់​»​។

លោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សត្វប្រវឹក​ដែល​នៅមាន​ជីវិត​រស់​ចំនួន​ ៣៨២ ​ក្បាល ​ត្រូវបាន​ដោះលែង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នៅក្នុង​ព្រៃ​ក្បែរ​បឹង​ធម្មជាតិ​ ១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សហគមន៍​បឹងឈូក​នៃ​ស្រុក​បន្ទាយស្រី​។

ចំណែក​ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​តាម​មាត្រា​ ៩៦ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ បន្ទាប់ពី​ពួកគេ​អះអាងថា សត្វ​ស្លាប​ទាំងនេះ​បាន​នាំចូល​ពី​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ដើម្បី​នាំយក​ទៅ​លក់​បន្ត​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​សត្វប្រវឹក​ជា​សត្វ​មាន​ដោយ​បង្គួរ ប៉ុន្តែ​ពួកគេ​ធ្វើការ​ដឹកជញ្ជូន​នាំចូល​ឬ ធ្វើ​ពាណិជ្ជកម្ម ដោយ​គ្មាន​លិខិតអនុញ្ញាត​ដែល​យោងតាម​មាត្រា​ ៩៦ ​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ពួកគេ​ត្រូវធ្វើ​ការផ្ដន្ទាទោស​ដោយ​ផាកពិន័យ​អន្តរការណ៍​គិត​ជា​ប្រាក់​ចំនួន​ពី ២ ​ទៅ​ ៣ ​ដង​នៃ​តម្លៃ​វត្ថុតាង​ពិតប្រាកដ​នៃ​ទីផ្សារ​»​។

បើ​តាម​លោក ប៊ុនលីម ជនសង្ស័យ​ត្រូវបាន​ដោះលែង​វិញ​ហើយ​ក្រោយពី​មន្ត្រី​ជំនាញ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​យល់ព្រម​ទទួល​ការបង់​ផាកពិន័យ​ទៅតាម​ការកំណត់​នៃ​ច្បាប់​៕

វីដេអូ៖