The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​ផ្សោត ១ ក្បាល​ ងាប់​នៅ​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង




សត្វ​ផ្សោត ១ ក្បាល​ ងាប់​នៅ​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង

Content image - Phnom Penh Post
សត្វ​ផ្សោត ១ ក្បាល មាន​អាយុ​ប្រមាណ ២០ ឆ្នាំ និង​មាន​ទម្ងន់​ជាង ១០០ គីឡូក្រាម ត្រូវ​បាន​ប្រជានេសាទ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​ទន្លេ​មេគង្គ​ក្នុង​ភូមិសាស្ត្រ​អន្លង់ស្វាយ ឃុំ​ព្រះរំកិល។ រូបថត សហការី

សត្វ​ផ្សោត ១ ក្បាល​ ងាប់​នៅ​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង៖ សត្វ​ផ្សោត ១ ក្បាល មាន​អាយុ​ប្រមាណ ២០ ឆ្នាំ និង​មាន​ទម្ងន់​ជាង ១០០ គីឡូក្រាម ត្រូវ​បាន​ប្រជានេសាទ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​ទន្លេ​មេគង្គ​ក្នុង​ភូមិសាស្ត្រ​អន្លង់ស្វាយ ឃុំ​ព្រះរំកិល ស្រុក​អូរស្វាយសែនជ័យ។ ស្ថានភាព​សត្វ​ផ្សោត​ងាប់​នេះ គឺ​កន្ទុយ​របស់​វា​ទាក់​ជាប់​ក្នុង​គុម្ព​ព្រៃរ៉ៃ (ប្រភេទ​ស្មៅ​ទឹក)។ នេះ​បើ​តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង។

លោកស្រី សម វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី ២៣ មេសា​ថា កាល​ពី​ព្រឹក​ថ្ងៃទី ២២ មេសា ក្រុម​មន្ត្រី​ខណ្ឌ​ជលផល​ស្ទឹងត្រែង សហការ​ជាមួយ​អង្គការ WWF ចុះ​ទៅ​ស្រង់​យក​សាកសព​សត្វ​ផ្សោត​ដ៏​កម្រ​នោះ មក​ពិនិត្យ និង​រក្សា​ទុក​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ឆ្មាំ​ទន្លេ និង​ប្រជា​សហគមន៍​នេសាទ អំពី​សត្វ​ផ្សោត​នេះ​ងាប់។

លោក​បញ្ជាក់​ថា៖ "សត្វ​ផ្សោត ១ ក្បាល​នេះ បាន​ងាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​កន្ទុយ​វា​ទាក់​ជាប់​នឹង​គុម្ព​ព្រៃរ៉ៃ ហើយ​សាច់​របស់​វា​មាន​សភាព​ហើម និង​ស្អុយ​រលួយ ដែល​មិន​អាច​កំណត់​ថា ជា​ផ្សោត​ញី ឬ​ក៏​ឈ្មោល​នោះ​ទេ​"។

លោក​ថា តាមរយៈ​ការ​ពិនិត្យ​អង្កេត​ទៅ​លើ​ធ្មេញ​របស់​វា ដែល​មាន​សភាព​សឹក​រេចរឹល ក្រុម​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ទាំង ២ គឺ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង និង WWF បាន​សន្និដ្ឋាន​ថា ផ្សោត​នោះ​មាន​អាយុ​ប្រមាណ​ជាង ២០ ឆ្នាំ។ ក្រុម​ការងារ​បាន​ថ្លឹង និង​វាស់វែង​ឃើញ​មាន​ទម្ងន់​ជាង ១០០ គីឡូក្រាម និង​មាន​ប្រវែង ២,២៧ ម៉ែត្រ។

Content image - Phnom Penh Post
សត្វ​ផ្សោត ១ ក្បាល មាន​អាយុ​ប្រមាណ ២០ ឆ្នាំ និង​មាន​ទម្ងន់​ជាង ១០០ គីឡូក្រាម ត្រូវ​បាន​ប្រជានេសាទ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​ទន្លេ​មេគង្គ​ក្នុង​ភូមិសាស្ត្រ​អន្លង់ស្វាយ ឃុំ​ព្រះរំកិល។ រូបថត សហការី

ក្រោយ​ពី​ពិនិត្យ​រួច​ហើយ អាជ្ញាធរ​ឃុំ​ព្រះរំកិល បាន​ស្នើ​សុំ​រក្សា​ទុក​ដាក់​តាំង​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា និង​សិក្សា​ស្វែង​យល់​ពី​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដ៏​កម្រ​នេះ។ ឯ​សាច់​របស់​វា​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​បង្គាប់​ឲ្យ​ប្រជាសហគមន៍​នេសាទ​យក​ទៅ​កប់​ចោល។

យោង​តាម​របាយការណ៍​ពី​អង្គកា WWF ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ក្នុង​ឆ្នាំ ២០១៨ មាន​សត្វ​ផ្សោត​ងាប់​ចំនួន ៥ ក្បាល។ ឆ្នាំ ២០១៩ មាន​ផ្សោត​ងាប់​ចំនួន ៨ ក្បាល ឆ្នាំ ២០២០ ផ្សោត​ងាប់​ចំនួន ៩ ក្បាល និង​ឆ្នាំ ២០២១ មាន​ផ្សោត​ងាប់​ចំនួន ៤ ក្បាល។ ចំពោះ​សត្វ​ផ្សោត​ដែល​រស់នៅ​លើ​ទឹក​ដី​ខេត្ត​ស្តឹងត្រែង​មាន​ប្រមាណ​ពី ៣១ ទៅ ៣៦ ក្បាល​សព្វ​ថ្ងៃ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍