ព្រៃវែងៈ ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់​ និង​នេសាទ បានប្រកាស​ថា​ សត្វ​ស្លាប​ព្រៃ​រាប់​រយ​ក្បាល ដែល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី​ ក្នុងស្រុក​បាភ្នំ​ ខេត្តព្រៃវែង​នាពេលថ្មីៗ​នេះ ​គឺ​បង្កឡើង​ដោយ​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​ប្រភេទ H5N1។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ​​២៤ ​ខែ​មីនា ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ដែល​បាន​​ផ្ញើ​​ជូន​ទៅ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​បាន​សរសេរ​​ថា​ យោងតាម​លទ្ធផល​ពិសោធន៍​លើ​សំណាក​សពសត្វ​ចង្កៀល​ខ្យង​ចំនួន ​៥​ ក្បាល ដែល​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​នាំ​មកពី​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​នោះ គឺ «មាន​វត្តមាន​វីរុស​គ្រុនផ្ដាសាយ​បក្សី ដែល​បង្កឡើង​ដោយ​វីរុស​ក្នុង​អនុ​ក្រុម​ A|H5N1»។

នៅក្នុង​លិខិត​នោះ លោក វេ​ង សាខុន ក៏បាន​អំពាវ​នាវ ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ឱ្យចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺឆ្លង​សត្វ​ ដោយ​ត្រូវ​ចាត់វិធានការ​បន្ទាន់​មួយ​ចំនួន ដូចជា​បំផ្លាញចោល​ ចំពោះ​បក្សី​ដែល​សង្ស័យ​មាន​ជំងឺ សាកសព​បក្សី និង​ផលិតផល​បក្សី​ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ និង ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការចូល-ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង ៣ (បី) គីឡូ​ម៉ែត្រ ពី​ចំណុច​ផ្ចិត នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួត​ពិនិត្យ និង​តាមដាន សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺផ្ដា​សាយ​បក្សី​ ក្នុង​រយៈពេល​ ៣០ ថ្ងៃ និង​ត្រួត​ពិនិត្យមើល​ចលនា​បក្សី​ជាប្រចាំ​ ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង ១០ (ដប់) ​គីឡូ​ម៉ែត្រ ពី​ចំណុច​ផ្ចិត​តនៃ​តំបន់​ផ្ទុះ​ជំងឺ និង ត្រូវ​រាយការណ៍​ពី​កន្លែង​បក្សី​ងាប់​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃ​វែង ដើម្បី​អនុវត្ត​វិធាន​បច្ចេក​ទេស​បសុពេទ្យ។

ជាមួយគ្នា​នោះ រដ្ឋបាលខេត្ត​ព្រៃវែង ក៏បាន​ចេញ​សេចក្ដីជូន​ដំណឹង​យ៉ាង​បន្ទាន់​ផងដែរ ដោយបាន​ហាមឃាត់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ ​សូម​កុំ​​រើស​សត្វ​ដែល​ងាប់​យកទៅ​ធ្វើ​ម្ហូបអាហារ ដែល​នាំ​ឲ្យ​មាន​ការឆ្លង​ជំងឺផ្ដាសាយបក្សី H5N1 នេះ​ពីស​ត្វ​ស្លាប​ព្រៃ​ ទៅ​សត្វ​ស្លាប​ស្រុក និង ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត ដល់​សុខភាព​មនុស្ស ។

កាលពី​ព្រឹក​ថ្ងៃទី​ ២៥​ ខែ មីនា ឆ្នាំ ២០២១ ប្រជា​សហគមន៍​និង​មន្ត្រី​ជំនាញ បាន​ប្រមូល​និង​ដុត​កម្ទេចចោល​សពសត្វ​ចំនួន ​១៣៥​ ក្បាល​ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​ស្លាប​ ដែល​ងាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី​កើន​ឡើង​ជិត​​ដល់​ ១​ ពាន់​ក្បាល បើ​គិត​ចាប់ពី​ថ្ងៃទី ១៧ ខែ មីនា ​ឆ្នាំ ២០២១។ នេះ​បើតាម ​លោក ពុទ្ធ បូ ប្រធាន​សហគមន៍​អភិរក្ស​​បឹង​ស្នេហ៍​ទួល​ពាន់​តា​ឡី។

លោក ពុទ្ធ បូ បាន​ថ្លែង​ថា៖«នៅពេល​នេះ អ្នកភូមិ​យើង ខ្ញុំ​មាន​ការ​ភ័យព្រួយ​ជាខ្លាំង បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បានប្រកាស​ពី​លទ្ធផល​ពិសោធ​​ន៍​សំណាក​សត្វ​ដែល​ងាប់​នៅក្នុង​តំបន់​នេះ​ថា មាន​វត្តមាន​មេរោគ​គ្រុនផ្ដាសាយ​បក្សី H5N1»។

លោក ពុទ្ធ បូ បន្តថា យោង​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ អ្នកភូមិ​របស់​លោក​​ទាំង​អស់ អាច​នឹង​ប្រឈម​ការ​ជម្លៀស​ចេញ​ជា​បណ្ដោះ​អាសន្ន ពី​តំបន់​ដែល​មានផ្ទុះ​​ជំងឺផ្ដាសាយបក្សី H5N1 នេះ​រយៈពេល ​៣០​ ថ្ងៃ ព្រោះ​ភូមិ​ដែល​ពួកគាត់​កំពុង​​រស់នៅ មាន​ចម្ងាយ​ប្រមាណ​ត្រឹមតែ​ជាង ១ ​គីឡូម៉ែត្រ ពី​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី​ប៉ុណ្ណោះ៕