មន្រ្ដី​ជាន់​ខ្ពស់​នៃក្រសួង​យុត្ដិធម៌​បញ្ជាក់​ថា​ សន្ធិសញ្ញាស្តីពី​កិច្ច​សហ​ប្រតិ​បត្ដិការ​ផ្នែក​ច្បាប់​ ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​រវាង​កម្ពុជាជាមួយ​ប្រទេស​ជាមិត្ដ​ មាន​សារៈ​សំខាន់​ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ ​ទប់​ស្កាត់​បទ​ល្មើស ​ឬឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ប៉ុន្ដែ​សង្គម​ស៊ីវិល​បារម្ភ​សន្ធិ​សញ្ញា​នេះ​អាច​ក្លាយ​ជា​ឧបករណ៍​នយោ​បាយ​ទប់​ស្កាត់​ចលនា​ប្រឆាំង​រាជ​រដ្ឋាភិបាល​ពីក្រៅ​ប្រទេស។

ក្រសួង​យុត្ដិធម៌​នៅថ្ងៃនេះបាន​ជូន​ដំណឹង​ស្ដី​សន្ធិ​សញ្ញា​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​បាន​ចូល​ជា​ធរមាន​មាន​នៅ​ថ្ងៃ​ទី​ ២៤ ​ខែ ​កុម្ភៈ ​ឆ្នាំ​ ២០២១​នេះ។

លោក ​ជិន​ ម៉ាលីន ​រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្ដិ​ធម៌​ថ្លែង​នៅថ្ងៃនេះ​ថា ​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ដែល​គ្រប់​ជ្រុង​ជ្រោយ​មាន​ ៣​ គឺ​ទី១​ សន្ធិ​សញ្ញា​ស្ដីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ ​២ ​សន្ធិ​សញ្ញា​ស្ដី​ពី​ការ​ផ្ទេរ​ទណ្ឌិត ​និង ​៣​ សន្ធិ​សញ្ញា​ស្ដី​ពីបត្យា​ប័ន។

លោក​ថ្លែងថា​៖ «​សន្ធិ​សញ្ញា​ គឺជា​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ក្នុង​ការ​ទប់​ស្កាត់ ក៏ដូច​ជា​បង្ក្រាបនូវ​បទ​ល្មើស​ឬក៏​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន។ តាម​រយៈ​សន្ធិ​សញ្ញានេះ​ យើង​មាន​ការ​ផ្លាស់​ប្ដូរ​ព័ត៌មានកិច្ច​សហការ​ក្នុង​ការ​អនុវត្ដ​ដីកា​តាម​ចាប់​ខ្លួន កិច្ច​សហការ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឯកសារ​ផ្នែក​ច្បាប់ ​លើ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​តាម​ប្រទេស​នីមួយៗ»។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​រូបនេះ ​សន្ធិសញ្ញា​នៃ​ការ​ជួយ​គ្នាទៅ​វិញ​ទៅមក​នេះ ​គឺ​មាន​សារៈ​សំខាន់​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិ​បត្ដិ​ការ​រវាង​ប្រទេ​ស​ហត្ថ​លេខី​ក្នុង​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​នូវ​បទ​ល្មើស ​ឬ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន។

លោក​ ជិន ម៉ាលីន ​បញ្ជាក់ថា​៖ «កន្លង​មក​កម្ពុជា​យើង​មាន​កិច្ច​ព្រម​ព្រៀង​ស្ដីពីការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​នេះ​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​និង​ប្រទេស​ជាមិត្ដ​មួយ​ចំនួន។ យើង​នឹង​ខិត​ខំ​ចរចា ​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្ដិ​ការ​លើ​សន្ធិសញ្ញា​ទាំងនេះ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ជាមិត្ដ​ទាំង​អស់​ដែល​យើង​មាន​កិច្ច​សហប្រតិបត្ដិការ​នឹង​គ្នា»។

លោក​ ប៉ា ចន្ទរឿន  ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាយល់​ស្រប​ថា​ កិច្ច​សហប្រតិបត្ដិការ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​រវាង​កម្ពុជា​ ជាមួយ​ប្រទេស​ជាមិត្ដ​នេះ​ គឺ​ជា​រឿង​ល្អ ​ដើម្បី​លើក​កម្ពស់​ និង​បង្កើន​ទាំង​លទ្ធភាព ​និង​ប្រសិទ្ធភាព​នៃ​ការ​ងារ​ផ្នែក​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្ដែ​បើ​សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ ​វា​ជាការ​រំលោភ​សិទ្ធិ​ សេរី​ភាព​ក្នុង​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​៖ «បើ​សន្ធិ​សញ្ញានេះ ​ត្រូវ​បាន​ប្រើ​ប្រាស់​ជាឧបករណ៍​នយោបាយ​ក្នុង​ការ​ទប់​ស្កាត់​ចលនា​នយោបាយ​ណាមួយ​ ដែល​ជា​ចលនា​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ឬក៏​គណបក្ស​កាន់​អំណាច​ កិច្ច​ព្រម​ព្រៀង​នេះ​វា​នឹង​ក្លាយ​ទៅជា​ឧបករណ៍​ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ និង​អាច​ឈាន​ទៅដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ប៉ះពាល់​ទៅដល់​ដំណើការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ជាពិសេស​ចំពោះ​សកម្មជន​នយោ​បាយ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​នាពេល​បច្ចុប្បន្ន»។

ព្រះ​ករុណា ​ព្រះ​បាទ​សម្តេច​ ព្រះបរម​នាថ ​នរោត្តម ​សីហមុនី ​ព្រះ​មហាក្ស​ត្រ​នៃ​កម្ពុជា ​បាន​ចេញ​ព្រះរាជ​ក្រម ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តីពី​ការ​អនុ​ម័ត​យល់​ព្រម​លើ​សន្ធិស​ញ្ញា ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់ ​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ ​រវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​កូរ៉េ ​(កូរ៉េ​ខាង​ត្បូង)​ កាល​ពីថ្ងៃ​ទី ១៤ ​ខែ វិច្ឆិកា ​ឆ្នាំ ​២០២០។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​នេះ​ មាន​គោល​បំណង​កំណត់​អំពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់ ​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ ​រវាង​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​និង​រដ្ឋ​បរទេស ​ទាក់​ទង​នឹង​ដំណើរ​ការ​នីតិ​វិធី​នានា​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ​ព្រម​ទាំង​ការ​បង្កក ​ការ​ចាប់​យក ​និង​ការរឹប​អូស​ទ្រព្យ​ក្នុង​គោល​បំណង​ ដើម្បី​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ៕