សៀមរាបៈ សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី ១៦ ឆ្នាំ ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប បានផ្តោតលើប្រធានបទចំនួន ៤ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំក្នុងយុគសម័យឌីជីថលដោយមានអ្នកចូលរួមប្រមាណជាង ៤០ ប្រទេស ជុំវិញពិភពលោក ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបើកជាផ្លូវការនៅថ្ងៃពុធនេះ។
តាមគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីម្សិលមិញ បានឲ្យដឹងថា គណៈប្រតិភូនិងភ្ញៀវដែលអញ្ជើញចូលរួម បានមកដល់កម្ពុជាលើទឹកដីខេត្តសៀមរាបអស់ហើយ ដូចអ្វីដែលបានរំពឹងទុកដែលមានប្រមាណ ជាង ៤០ ប្រទេស និងមានវាគ្មិនជាថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួន ៥ រូបមកពីប្រទេសចំនួន ៥ រួមមានរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រដ្ឋមន្ត្រីព័ត៌មានឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន កូរ៉េខាងត្បូង និងអនុរដ្ឋមន្ត្រីព័ត៌មានប្រទេសសាម័រ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា ក្នុងរយៈពេលនៃការស្នាក់នៅកម្ពុជារបស់ភ្ញៀវនៃកិច្ចប្រជុំនេះ ក្រសួងព័ត៌មានបានរៀបចំក្រុមមន្ត្រីដើម្បីជួយសម្រួលទាំងការស្នាក់នៅ អាហារ ពេលចូលរួមប្រជុំ និងការដើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពនៃសកម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ និងប្រាសាទអង្គរវត្ត រហូតដល់គណៈប្រតិភូត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។
លោកបានបញ្ជាក់ថា៖ «តាមពិធីការឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននឹងទទួលបដិសណ្ឋារកិច្ចនៅសណ្ឋាគារភ្ញៀវស្នាក់នៅ មុននឹងភ្ញៀវចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី ១៦ ដែលនឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១២ ខែមិថុនា នេះ»។
ដោយឡែក លោកកឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាលពីម្សិលម្សិញថា សន្និសីទនេះ គឺបានលើកយកប្រធានបទចំនួន ៤ មកពិភាក្សាក្នុងនោះមានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ របៀបដឹកនាំក្នុងយុគសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ការបង្កើតកម្មវិធីដ៏មាន ប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា 4K និងឥទ្ធិពលនៃភាពពិតកើននិងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន។
លោកបញ្ជាក់ថា៖ «អ្នកដែលចូលរួមក្នុងសន្និសីទនេះ គឺសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ក្នុងវិស័យព័ត៌មាន ក្នុងវិស័យទូរទស្សន៍ វិទ្យុ សារព័ត៌មាន ជាពិសេសក្នុងយុគសម័យថ្មីនៃព័ត៌មានបែបទំនើប ហើយនិងព័ត៌មានបែបសង្គម ។ ជារួមប្រធានបទទាំងនេះគឺពូតផ្តុំលើការប្រមូលផ្តុំទស្សនៈទៅលើការពិភាក្សារវាងអ្នកឯកទេសជំនាញ រវាងមន្ត្រីគ្រប់គ្រងក្នុងវិស័យព័ត៌មានដើម្បីធ្វើយ៉ាងណាក្នុងកិច្ចប្រជុំនេះរកឲ្យឃើញថា និន្នាការថ្មី និងគំហើញថ្មីសម្រាប់ការអនុវត្តឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកមើល អ្នកអាន អ្នកស្តាប់ ដែលយើងត្រូវបំពេញតួនាទីរបៀបណា?»។
បើតាមគេហទំព័ររបស់ក្រសួងដដែលសន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានមកពី ៥ ប្រទេស នឹងធ្វើជាវាគ្មិនពាក់ព័ន្ធការវិវត្តបច្ចេកវិទ្យា ដើម្បីរួមគ្នាធ្វើឲ្យសោតទស្សន៍ដើរទាន់យុគសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ និងការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ដោយមានអ្នកចូលរួមប្រមាណ ៥០០ នាក់។
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី ១៣ ខែមិថុនា កម្ពុជាដែលជាម្ចាស់ផ្ទះ នឹងចេញសេចក្តីប្រកាសរួមមួយស្តីពីលទ្ធផលដែលសម្រេចបាននៅក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី ១៦ ក្នុងឆ្នាំ ២០១៩ នេះ៕