សប្បុរជន​មួយ​ចំនួន​ ដែល​ភាគច្រើនជា​ឧញ៉ា​ បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ហ៊ុន សែន​ ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​រីករាល​នៃ​ជំងឺកូវីដ ១៩​ ដែល​កំពុង​មាន​ការ​រីក​រាល​ដាល​ក្នុង​សហគមន៍។​ ការ​បរិច្ចាគ​នេះ​ ស្រប​ពេល​ប្រទេស​អាល្លឺម៉ង់​ ក៏​បាន​ប្រកាស​ផ្តល់​ថវិកា​ចំនួន ​៤,៨ លាន​អឺរ៉ូ​ ដើម្បី​គាំ​ទ្រដល់​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​ ១៩​ ក្នុង​ប្រទេស​កម្ពុជា ​ផង​ដែរ។

សប្បុរជន​ដែល​បានប្រកាស​ផ្តល់​ថវិកា​ដើម្បី​ជួយ​ដល់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​នេះ​មាន​ដូចជា ​លោក ​ឡេង ណាវ៉ាត្រា ​អគ្គនាយក​ក្រុម​ហ៊ុន​បុរី ​ឡេង ណាវ៉ាត្រា ​ចំនួន​ ៣ លាន​ដុល្លារ ​លោក ​គិត ម៉េង ​អគ្គនាយក​ក្រុមហ៊ុន ​Royal Group ​ចំនួន​ ៣ លាន​ដុល្លារ ​ក្រុម​ហ៊ុន​ជីព​ម៉ុង​ចំនួន​ ៣ លាន​ដុល្លារ ​លោក​ ហុង ពីវ ​អគ្គនាយក​ក្រុមហ៊ុន ​បុរី​ពិភព​ថ្មី​ចំនួន​ ៣ លាន​ដុល្លារ ​លោក ​ចេន​ ហ្ស៊ី​ ស្ថាបនិក​និង​ជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ធនាគារ​ ព្រីនស៍​ចំនួន​ ៣ លាន​ដុល្លារ ​និង​លោក​ ថោង សារ៉ាត់ ​ចំនួន​ ១០ ម៉ឺន​ដុល្លារ ​រួមនឹង​សប្បុរជន​មួយ​ចំនួន​ទៀត។

លោក ឡេង​ ណាវ៉ាត្រា ​អគ្គនាយក​ក្រុមហ៊ុន​បុរី ​ឡេង ណាវ៉ាត្រា ​បាន​ប្រកាស​នៅ​លើបណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី ១១ ​មីនា ​ថា ​លោក​បាន​បរិច្ចាគ​ថវិកា​តាមរយ:​លោក​នាយក​រដ្ឋមន្រ្តី​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩​ ចំនួន​៣លាន​ដុល្លារ។​

លោក​សរសេរថា​៖ «ខ្ញុំ​មិនអាច​រស់​នៅ​តែ​ឯង ​បើ​ប្រទេស​ជាតិ​មាន​ចលាចល ​គ្មាន​ស្ថិរភាព​ គ្មាន​សុខសន្តិភាព​ ខ្ញុំ​ក៏មិន​ដឹង​យក​លុយ​ទាំងនេះ​ទៅ​ចាយ​ឯណា​ដែរ។ ខ្ញុំ​កើត​នៅ​កម្ពុជា​ស្លាប់​នៅ​កម្ពុជា ​ជួយ​ប្រជាជន​កម្ពុជា ​ជា​តួនាទី​របស់​យើង​ទាំង​អស់​គ្នា។ សាមគ្គី​ភាព​ទើប​មានភាព​រឹងមាំ ​ពេលនេះ​មិនមែន​ជាពេល​បន្ទោស​អ្នកណា​ម្នាក់​ទេ ​តែ​ជាពេល​យើង​ត្រូវ​សាមគ្គី​គ្នា»។

លោក​ ឡេង ណាវ៉ាត្រា ​បញ្ជាក់ថា ​លោក​មិនមែន​ជាអ្នក​មាន​លុយ​ច្រើន​នោះ​ទេ ​តែ​លោក​មាន​បេះដូង​ស្រឡាញ់​ប្រទេស​ជាតិ​ ហើយ​ក៏មិន​អាច​ឱប​ដៃ​ឈរ​មើល​ថ្នាក់​ដឹកនាំ​ទទួល​អំរែក​តែឯង​នោះ​ដែរ។

ចំណែក​លោក ​ហុង ពីវ ​អគ្គនាយក​ក្រុមហ៊ុនបុរីពិភព​ថ្មី ​បាន​ប្រកាស​ដែរ​ថា​៖ «សូម​អរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​បុរី​ពិភព​ថ្មី​ ដែល​នាំឱ្យ​យើង​ទាំងអស់​គ្នា​មាន​ថវិកា​ចំនួន​ ៣ លាន​ដុល្លារ​ បរិច្ចាគ​ចូលរួម​សកម្មភាព​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩​ ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ»។

ទាក់​ទង​នឹងការ​បរិច្ចាគ​ថវិកា​ជាបន្ត​បន្ទាប់​ពី​សប្បុរជន​ដែល​ភាគច្រើន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នេះ ​លោក​ប៉ា ចន្ទរឿន ​ប្រ​ធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លើក​ឡើង​នៅថ្ងៃ​នេះថា ​ការបរិច្ចាគ​នេះ ​ជាកាយ​វិការ​របស់​អ្នក​មាន​ចិត្ត​សប្បុ​រស​ធម៌​របស់​អ្នក​មាន​ទ្រព្យ​សម្បត្តិ ​ឬអ្នក​មាន​ក្នុង​ប្រទេស​កម្ពុជា។ ពួក​គាត់​មានលុយ​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​រដ្ឋាភិបាល​ ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​នូវ​ការរីក​រាល​ដាល ​នៃ​ជំងឺ​កូវីដ ១៩ ​នេះ ​ហើយ​ក៏ដូចជា​ការឆ្លើយ​តបនឹង​ស្ថាន​ភាព​ ដែល​រាជ​រដ្ឋា​ភិ​បាល​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ថវិកា​ផង​ដែរ។

លោក ​ប៉ា ចន្ទរឿន ​ថ្លែងថា​៖«សម្រាប់​មហាជន​ពួក​គាត់​ចង់​ឃើញ​នូវ​ការ​បង្ហាញ​ក៏​ដូចជាការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការផ្តល់​ព័ត៌មាន​នៃការ​ចាត់ចែង​ថវិកា​ដែល​បាន​មក​ពី​សប្បុរសជន​ទាំងអស់​នេះ​ប្រកប​ដោយ​តម្លាភាព ​គណនេយ្យភាព​ផង​ដែរ​ ក្នុង​ការប្រើ​ប្រាស់​ទប់​ស្កាត់​នូវ​ការរីករាល​ដាល​នៃ​ជំងឺ​នេះ»។

ទន្ទឹម​នឹងនេះ​ដែរ ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​ភ្នំពេញ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី១១ ​ខែមីនា ​ថា ​ប្រទេស​អាល្លឺម៉ង់​បាន​សន្យាផ្តល់​ថវិកា​ចំនួន​៤,៨​លានអឺ​រ៉ូ​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​ការឆ្លើយ​តប​ទៅនឹង​កូវីដ ១៩ ​របស់​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា។ ​

ថវិកា​បន្ថែម​នេះ​នឹង​ត្រូវ​អនុវត្ត​ដោយ​កម្ម​វិធី​ចំនួន​៣​ផ្សេង​គ្នា​នៃកិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍​អាល្លឺម៉ង់​រហូត​ដល់​ដំណាច់​ឆ្នាំ ​២០២១ ក្នុង​នោះ​មាន​ ១,៨ លាន​អឺរ៉ូ​ ដើម្បី​បង្កើន​សមត្ថភាព​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការឃ្លាំមើល​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

បើ​តា​មសេចក្តី​ប្រកាស​នេះ ​១ លាន​អឺរ៉ូ​ ជួយ​ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ស្ថាន​ភាព​ចំណូល​នៃ​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​កម្ពុជា​វិញ​និង​កំពុង​គ្មាន​ការងារ​ធ្វើ ​និង​ថវិកា​២លានអឺរ៉ូ​ទៀត ​គឺ​ដើម្បី​ពង្រឹង​ការ​កំណត់​អត្តសញ្ញាណ​តាម​ការ​ស្នើសុំ​ថ្មី ​ដែល​ចាំ​បាច់​ក្នុង​ការកំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​ធ្លាក់ចូល​ក្នុង​ភាព​ក្រី​ក្រ​ដោយ​សារ​ជំងឺ​រាត​ត្បាត​។

យោង​តាម​សេចក្តី​ប្រកាស​នេះ​គិត​មកដល់​ពេល​នេះ ​ប្រទេស​អាល្លឺម៉ង់​បាន​គ្រាំទ្រ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ ១៩​ របស់​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ទឹក​ប្រាក់​ជាង​ ១៧ ​លាន​ដុល្លារ ​ជាចំនួន​បន្ថែម​ពី​លើ​ការ​ងារ​សហប្រតិបត្តិការ​អភិវឌ្ឍ​ដែល​កំពុង​ដំណើរការ​កន្លង​មក។

ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃនេះ​ ក៏បាន​ប្រកាស​ពី​ការផ្អាក​ចាក់​វ៉ាក់សាំង​កូវី ១៩​ ស៊ីណូហ្វាម ​ដែលជា​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​សម្រាប់​អ្នក​ចាក់​លើកទី១​ ជាបណ្តោះ​អាសន្ន​សិន​ ដោយ​ក្រសួង​មាន​ភាព​ចំាបាច់​ដែល​ត្រូវ​រក្សា​ទុក​នូវ​វ៉ាក់​សាំង​នេះ​សម្រាប់​ការ​ចាក់​លើកទី២ ​(ដូស​ទី២)​ ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ពួក​គាត់​បាន​ចាក់​លើក​ទី១ ​រួច​ហើយ។

ក្រសួង​បាន​ប្រកាស​នូវ​ទីតាំង​និង​កាលបរិច្ឆេទ​កំណត់​ពី​ការផ្អាក​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ​នៅ​តាម​មន្ទីរពេទ្យ​រាជធានី​-ខេត្ត​ចំនួន​ ៣០​ ដែល​ការ​ផ្អាកនេះ ​ចាប់​ផ្តើម​ពី​ថ្ងៃទី​ ១០ ​ខែមីនា​ ដល់​ថ្ងៃទី ​៣០ ​ខែ មីនា ឆ្នាំ ​២០២១។

ក្រសួងនឹង​បន្ត​ជម្រាប​ជូនដំណឹង​ឡើង​វិញ​នូវការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​សម្រាប់​លើកទី១ ​(ដូសទី១) ​នៅ​ពេល​ដែល​មាន​វ៉ាក់​សាំង​មក​ដល់​ជាបន្ត​បន្ទាប់​នាពេល​ខាង​មុខ​នេះ។

ចំណែក​ការ​ចាក់​វ៉ាក់សាំង​កូវីសែល ​(Civisheld)​ ដែល​ទទួល​អាជ្ញាបណ្ណ​ផលិត​ដោយ​ក្រុម​ហ៊ុន​ AstrZeneca ​សម្រាប់​ក្រុម​មនុស្ស​អាយុ​ចាប់​ពី​ ៦០ ឆ្នាំឡើង ​នៅ​បន្ត​ចាក់​ជាធម្ម​តា​ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ដដែល៕