ភ្នំពេញៈ សពនាយទាហានមួកខៀវកម្ពុជាម្នាក់ដែលបានស្លាប់ដោយសារការឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសម៉ាលី នឹងត្រូវប្រារព្ធពិធីគោរពវិញ្ញាណក្ខខន្ធ នៅក្នុងបន្ទាយកងទ័ពមួកខៀវរបស់ UN ប្រចាំប្រទេសម៉ាលីនៅថ្ងៃទី ០៣-០៤ ខែមិថុនា ខាងមុខ ខណៈដែលកងទ័ពមួកខៀវកម្ពុជាចំនួន ៥ នាក់ផ្សេងទៀត ដែលបានឆ្លងជំងឺនេះដែរនោះបានជាសះស្បើយ។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា លោក ស សាវី អាយុ ៦៣ ឆ្នាំ ជានាយទាហានថ្នាក់ជាតិ និងជាយោធិនដ៏ឆ្នើមរបស់កម្ពុជាដែលបានចូលរួមក្នុងបេសកកម្មការងារមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ ដោយសារការឆ្លងជំងឺកូវីដ ១៩។
លោក សុវណ្ណនី ថ្លែងថា៖ «នៅពេលនេះសពលោក ស សាវី កំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺឆ្លងនៃសាធារណរដ្ឋម៉ាលី រៀបចំបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ និងធ្វើការវេចខ្ចប់ទៅតាមស្តង់ដាបច្ចេកទេស និងកំពុងតម្កល់ទុកក្នុងបន្ទប់ក្លាស្សេសព ដើម្បីត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធដ៏ធំមួយក្នុងបន្ទាយកងទ័ពមួកខៀវរបស់ UN ប្រចាំប្រទេសម៉ាលី ដែលនឹងធ្វើឡើងនៅថ្ងៃទី ០៣-០៤ ខែមិថុនា ខាងមុខ»។
បើតាមលោក សុវណ្ណនី ក្រុមកងទ័ពមួកខៀវនៃបណ្ដាប្រទេសទាំងអស់ដែលស្ថិតក្រោមឆត្រ UN និងដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងប្រទេសម៉ាលី កំពុងត្រៀមខ្លួនចូលរួមនៅក្នុងពិធីនេះ។ មរណភាពរបស់លោក ស សាវី «គឺជាការបាត់បង់ធនធានកងទ័ពមួកខៀវដ៏មានបទពិសោធម្នាក់ក្នុងការបោសសម្អាតមីន ដើម្បីស្ដារសុខសន្តិភាពជូនប្រជាជនក្នុងពិភពលោក»។
លោក ស សាវី បានដឹកនាំកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលីកាលពីអំឡុងខែមេសា ឆ្នាំ ២០១៩ ហើយត្រូវបញ្ចប់បេសកកម្មវិលត្រឡប់មកមាតុប្រទេសវិញនៅខែមេសា ឆ្នាំ ២០២០ កន្លងទៅ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកទើបធ្វើឲ្យការវិលត្រឡប់ត្រូវពន្យារពេល។
លោក សុវណ្ណនី ថ្លែងថា៖ «ដោយសារលោក ស សាវី ស្លាប់ក្នុងករណីឆ្លងជំងឺកូវីដ១៩ ដូច្នេះយើងមិនដឹងថា ខាងក្រុមគ្រូពេទ្យជំនាញ និងក្រុមជំនាញ UN ប្រចាំប្រទេសម៉ាលី នឹងសម្រេចបែបណាចំពោះសំណើរបស់យើងក្នុងការនាំសពគាត់ត្រឡប់មកកម្ពុជាវិញនោះទេ។ ប៉ុន្តែខាង UN ថានឹងផ្ដល់ដំណឹងមកយើងនៅក្រោយថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ»។
បើតាមលោក សុវណ្ណនី កងទ័ពមួកខៀវកម្ពុជានៅសាធារណរដ្ឋម៉ាលីមានចំនួន ៦ នាក់រួមទាំងលោក ស សាវី បានឆ្លងជំងឺកូវីដ ១៩ ប៉ុន្តែពួកគេបានជាសះស្បើយធម្មតាឡើងវិញអស់ហើយ លើកលែងតែលោក ស សាវី ម្នាក់គត់ ដែលមានសភាពឈឺធ្ងន់ធ្ងរជាងគេដែលត្រូវបានទទួលមរណភាព។
បច្ចុប្បន្នកងកម្លាំងមួកខៀវរបស់កម្ពុជាចំនួន ៥ កងធំៗ សរុបជិត ៨០០ នាក់ ក្នុងនោះនារីជិត ៨០ នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសចំនួន ៤ រួមមាន លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ជាមួយគ្នានេះលោកស្រី Pauline Tamesis តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបញ្ជាក់នៅក្នុងសារលិខិតរបស់លោកស្រីថា៖ «ចាប់តាំងពីឆ្នាំ ១៩៤៨ មកមានទ័ពមួកខៀវចំនួន ៣ ៩០០ នាក់ បានបាត់បង់ជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពក្នុងនោះរាប់ទាំងកងទ័ពមួកខៀវកម្ពុជាចំនួន ៩ នាក់ផងដែរ»៕