ភ្នំពេញ/តាកែវៈ ប្រជាពលរដ្ឋដែលស្រឡាញ់យុត្តិធម៌ ដែលគណៈកម្មារៀបចំបុណ្យសព បានប៉ាន់ប្រមាណថាអាចមានរហូតដល់ ២ លាននាក់ ដោយក្បួនដង្ហែមានប្រវែងរហូតដល់ ៣០ គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ ៣ បានចូលរួមជូនដំណើរសព លោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើត របស់លោក នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងជម្រាបលា «វីរបុរស» រូបនេះជារៀងរហូត ជាមួយនឹងអារម្មណ៍ក្តុកក្តួល និងសោកស្តាយអាឡោះអាល័យជាទីបំផុត។
សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ៧ ព្រឹកម្សិលមិញ ទៅតាមការគ្រោងទុក ដោយភ្ជាប់នឹងមឈូសទឹកកក ត្រូវដឹកយកទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ បន្ទាប់ពីសពនេះត្រូវបានតម្កល់ទុកនៅវត្តចាស់អស់រយៈពេល ១៤ ថ្ងៃមកគិតចាប់តាំងពីថ្ងៃដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់រូបលោកកាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។
ក្បួនរថយន្តដង្ហែសពចេញពីវត្តចាស់ត្រូវបានគេរៀបចំឡើងយ៉ាងមានរបៀបដោយគេឃើញមានម៉ូតូ ស៊ីរ៉ែនមួយគ្រឿង និងរថយន្ត ស៊ីរ៉ែន នាំផ្លូវមួយគ្រឿងរបស់អាជ្ញាធរ បន្ទាប់មកមានរថយន្តដឹកព្រះសង្ឃ រថយន្តដឹកក្រុមគ្រួសារសពរថយន្តដឹកវង់ភ្លេងពិណពាទ្យ រថយន្តដឹកសព និងរថយន្តផ្សេងៗទៀត ខណៈដែលអ្នកថ្មើរជើងនិងអ្នកជិះម៉ូតូបានដើរនិងជិះអមពីក្រោយ។

ចាប់តាំងពីព្រឹកព្រលឹម គេឃើញមានព្រះសង្ឃ ប្រជាពលរដ្ឋប្រុស ស្រី ចាស់ក្មេងជាច្រើន សកម្មជនអង្គការសង្គមស៊ីវិល តំណាងរាស្ត្រគណបក្សប្រឆាំង កម្មករនិងអ្នកកាសែតជាតិ និងអន្តរជាតិ បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ទៅកាន់វត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ដែលជាទីកន្លែងតម្កល់សព លោក បណ្ឌិត កែម ឡី និងមានពលរដ្ឋជាច្រើនទៀត បាននាំគ្នានៅឈររង់ចាំនៅតាមដងផ្លូវដែលក្បួនដង្ហែសពរបស់ «វីរបុរស» ដែលហ៊ាននិយាយការពិតពីបញ្ហាក្នុងសង្គមរូបនេះ ត្រូវហែឆ្លងកាត់ ដូចជាកំណាត់ផ្លូវពីវត្តចាស់ រហូតដល់ស្ពានជ្រោយចង្វារ កំណាត់ផ្លូវព្រះមុនីវង្សពីគល់ស្ពានជ្រោយចង្វារ ដល់ស្តុបផ្លូវបំបែកសហព័ន្ធរុស្ស៊ី និងនៅអមសងខាងផ្លូវសហព័ន្ធរុស្ស៊ី រហូតដល់ផ្លូវបំបែកចោមចៅគឺសុទ្ធតែមានមនុស្សយ៉ាងច្រើនកកកុញ។
ចំនួនមនុស្សដ៏ច្រើនសម្បើម ដែលគេពុំធ្លាប់ដែលឃើញនៅក្នុងប្រទេស កម្ពុជា ពីមុនមកនេះ ត្រូវបានគណៈកម្មការរៀបចំបុណ្យសពបានគណនាថា អាចមានរហូតដល់ ២ លាននាក់។
អ្នកចូលរួមហែក្បួនមានពាក់អាវយឺតពណ៌ស ដែលមានរូបថត និងសាររបស់លោក កែម ឡី ដែលសរសេរថា «ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត»និងសារផ្សេងទៀត និងមានអ្នកខ្លះ កាន់រូបថត លោក កែម ឡី កាន់ទង់ជាតិ និងទង់សាសនាជាដើម ។ល។ អ្នកចូលរួមភាគច្រើនជិះម៉ូតូផ្ទាល់ខ្លួន ម៉ូតូកង់បី រថយន្តឈ្នួល រថយន្តទ្រុងដឹកកម្មករ និងរថយន្តគ្រួសារជាដើម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលបានដឹកនាំក្បួន នៅខាងមុខថ្លែងថា បើរាប់អ្នកចូលរួមដង្ហែសព និងអ្នកឈរមើលនៅតាមផ្លូវ គឺមានជាង ១ លាននាក់។
លោកយល់ឃើញថា ចំនួនមនុស្សចូលរួមដង្ហែសពដ៏ច្រើនសម្បើមបែបនេះ បង្ហាញថា ខ្មែរចេះសាមគ្គីគ្នា និងឱ្យតម្លៃទៅលើអ្នកចេះដឹងដូចជាលោក កែម ឡី។
លោកថា៖«តាំងពីក្បួនចេញពីវត្តចាស់មកដល់វត្តជម្ពូវ័នឃើញថា ប្រជាពលរដ្ឋមកឈរចាំត្រៀបត្រា ក្នុងដៃកាន់រូបថតលោក កែម ឡី ក្រៅពីនោះ ប្រជាពលរដ្ឋយកទឹកសុទ្ធ នំប៉័ង អ្វីដែលអាចហូបបានត្រៀមទុកចែកជូនដល់អ្នកធ្វើដំណើរ ហើយពួកគេនិយាយភាសាដូចៗគ្នាថា យើងត្រូវតែចេះស្រឡាញ់គ្នា ត្រូវឱ្យតម្លៃអ្នកចេះដឹង»។
លោកថា៖«អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង គឺប្រជាពលរដ្ឋហាក់បីដូចជា ឱ្យតម្លៃខ្ពស់ទៅលើទង្វើល្អរបស់បុគ្គលម្នាក់ ដែលគ្មានងារ គ្មានបុណ្យស័ក្ដិទាល់តែសោះក្នុងជួរសាធារណៈ ឬតំណែងនយោបាយឡើយមិនត្រឹមតែមនុស្សចាស់ ឬយុវជនទេ សូម្បីកុមារក៏នាំគ្នារង់ចាំជាក្រុមហើយកាន់រូបថតលោកបណ្ឌិត កែម ឡី ដែរ»។

ទាហានជើងទឹកមួយរូប សុំមិនបញ្ចេញឈ្មោះ ដែលចូលរួមដង្ហែសពនេះដែរថ្លែងថា លោកចូលចិត្តការវិភាគ និងការស្រាវជ្រាវរបស់លោកបណ្ឌិត កែម ឡី ដែលហ៊ាននិយាយអ្វីដែលពិតនិងមិនលម្អៀងទៅគណបក្សណាមួយឡើយ។
លោកថា៖«គាត់វិភាគស្មើ គឺនៅកណ្តាល ព្រោះគាត់អត់មានកាន់ជើងគណបក្សណាមួយទេ និយាយរួមគាត់វិភាគម្តងៗ សូម្បីកូនក្មេងក៏ស្តាប់បានមនុស្សអត់ចេះអក្សរក៏ស្តាប់យល់ដែរ ហើយរាល់ការវិភាគរបស់គាត់គឺសមទៅនឹងសង្គមយើងសព្វថ្ងៃ»។ «ដូចយើងឃើញសព្វថ្ងៃ ការកាន់អំណាចមានភាពលម្អៀងជាមួយអ្នកមាន និងអ្នកក្រ ប្រព័ន្ធយុត្តិធម៌អត់មានសម្រាប់អ្នកក្រ បើអត់លុយអត់ទ្រព្យសម្បត្តិអត់បុណ្យស័ក្ដិ គឺអត់មានយុត្តិធម៌សម្រាប់អ្នកក្រហ្មង»។
ទាហានរូបនេះ បានសម្តែងការសោកស្តាយដែលបាត់បង់មនុស្សចេះដឹង និងអ្នកស្នេហាជាតិនៅកម្ពុជា។
លោកថា៖ «ខ្ញុំស្តាយណាស់កម្រមានអ្នកមានមនសិការដូចគាត់ទាំងការបញ្ចេញមតិ ព្រោះអីស្រុកខ្មែរ រាល់ថ្ងៃអត់មានអ្នកហ៊ានបញ្ចេញមតិត្រង់ៗដូចគាត់ទេ តែខ្ញុំគិតថា ទោះជាបាត់បង់គាត់ ក៏នឹងមានអ្នកក្លាហានដូចគាត់ព្រោះអីកូនសិស្សគាត់មានច្រើន អ៊ីចឹងអ្នកតតំណែងពីគាត់មានច្រើនក្នុងការបញ្ចេញមតិ គេលែងខ្លាចហើយសម័យនេះហើយ ដូចគាត់អ៊ីចឹង គេដឹងថា គេសម្លាប់គាត់ហើយ តែគាត់អត់រត់ទៅណាទេ»។

ក្រៅពីការដាក់កងកម្លាំងពង្រាយនៅតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ អាជ្ញាធរ ក៏បានដាក់កម្លាំងពង្រាយ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី និងដាក់បារ៉ាស់បិទផ្លូវ នៅខាងមុខក្រសួងការពារជាតិ ដេអិន ផងដែរ។
លោក ចែវ ឡា អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ តែបានមកប្រកបមុខរបររត់ម៉ូតូកង់បីនៅភ្នំពេញ បានថ្លែងថា លោកបានទៅចូលរួមរៀបចំពិធីបុណ្យនៅវត្តចាស់តាំងពីម៉ោងបីទៀបភ្លឺយប់ម្សិលមិញមកម្ល៉េះ ដើម្បីជូនដំណើរបុរសដែលលោកបានហៅថា ជាវីរបុរសកម្ពុជា ឱ្យបានទៅកាន់សុគតិភព។
លោកថា៖«ខ្ញុំស្គាល់លោក កែម ឡី ពេលគាត់ធ្វើការជាមួយអង្គការ និងឮតាមវិទ្យុអាស៊ីសេរី គាត់និយាយទៅគឺចង់ការពារជាតិឱ្យរុងរឿង គាត់និយាយល្អ គាត់សមជាអ្នក ដឹកនាំមួយរូប ពេលគាត់ស្លាប់អ៊ីចឹងទៅសោកស្តាយណាស់ ដូចបាត់ជាតិយើងអ៊ីចឹង ព្រោះអ្នកចេះដឹងកម្រមានណាស់ ចេះដែរ តែអត់ហ៊ានលះបង់ស្នេហាជាតិដូចគាត់អ៊ីចឹងទេ»។
បើតាមលោក ចែវ ឡា កូនរបស់លោកជាពលករធ្វើការនៅកូរ៉េបានទូរស័ព្ទមកថា ពលករមួយចំនួននៅកូរ៉េ បានសុំច្បាប់ថៅកែ ឈប់ធ្វើការមួយថ្ងៃ ដើម្បីចូលរួមមរណទុក្ខលោក កែម ឡី។

លោកណា រិន អាយុ ៥៤ ឆ្នាំ មកពីស្រុកកៀនស្វាយ ខេត្តកណ្តាលបានថ្លែងទាំងសំឡេងក្តុកក្តួលថា លោកនិងអ្នកជិតខាងប្រមាណ ២០ នាក់ បានជួលរថយន្តឈ្នួលមួយគ្រឿង ដោយចំណាយថវិកាម្នាក់ ៧ ពាន់រៀល ដើម្បីមកបានឃើញសពលោក កែម ឡី និងជូនដំណើរជាចុងក្រោយ។ លោកស្រឡាញ់និងចូលចិត្តលោក កែម ឡី រឿងនិយាយត្រង់។
លោកថា៖«គាត់និយាយសមហេតុសមផល គួរឱ្យស្តាប់បាន គាត់លើកពីសង្គមពុករលួយ យើងដឹងហើយថា សព្វថ្ងៃនេះ ពិតជាពុករលួយមែន ហើយគាត់និយាយជាការពិត អ៊ីចឹងបាត់គាត់មួយហ្នឹង បើយើងគិតមើល រកអ្នកវិភាគប្រហែលគាត់ ពិបាកទៀត អ្នកផ្សេងមិនហ៊ានចេញមុខដូចគាត់ទេ ទោះរដ្ឋាភិបាល និងគណបក្សណាក៏ដោយឱ្យតែខុស គាត់ថាទាំងអស់ហ្នឹង»។
ជាការកត់សម្គាល់ម៉ូតូជាច្រើនដែលចូលរួមដង្ហែសពត្រូវបានចុះបណ្តើរដោយសារអស់សាំង ខណៈប្រេងឥន្ធនៈមួយចំនួនតាមដងផ្លូវនៃក្បួនត្រូវបានបិទ។
អ្នកស្រី សោម ផល្លា អាយុ ៣៦ ឆ្នាំជាកម្មកររោងចក្រកាត់ដេរ នៅស្រុកកៀនស្វាយ ដែលស្គាល់ឈ្មោះលោក កែម ឡី តាមរយៈវិទ្យុថ្លែងថា៖«ពេលឮគេបាញ់សម្លាប់គាត់ចឹង គឺសោកស្តាយអាណិតគាត់បាត់អ្នកចេះដឹងទើបខ្ញុំចូលរួមដើម្បីរំលែកទុក្ខគាត់ឱ្យគាត់ទៅកាន់សុគតិភព»។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងថា អាជ្ញាធរបានជួយសម្រួលក្បួនដោយជោគជ័យ ពុំមានហិង្សាណាមួយកើតឡើងឡើយ ប៉ុន្តែលោកបានសម្តែងការសោកស្តាយ ខណៈដែលមានអ្នកចូលរួមហែដោយថ្មើរជើងដោយចាត់ទុកការចូលរួមហែដោយថ្មើរជើងនេះ ថាជាការកេងចំណេញនយោបាយ។
លោកបន្តថា៖ «អាជ្ញាធរភ្នំពេញមានកាតព្វកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ ដែលចំណុចនេះយើងធ្វើបានជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលថា អ្នកចូលរួមមិនគោរពតាមការអំពាវនាវរបស់សាមីសព គាត់ចង់បានហែក្បួនមិនមានការធ្វើដំណើរថ្មើរជើង ប៉ុន្តែដោយសារមានការចង់ចំណេញនយោបាយ អ៊ីចឹងគាត់ហែដោយថ្មើរជើង ប៉ុន្តែមិនសំខាន់ចំណុចនេះទេ សំខាន់បំផុតអាជ្ញាធររក្សាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
ក្បួនដង្ហែសព បានទៅដល់ភូមិកំណើតរបស់លោក កែម ឡី នៅវេលាម៉ោងប្រមាណជា ៦ និង ៣០ នាទី យប់មិញ គឺយឺតជាងការគ្រោងទុកប្រមាណជា ៤ ម៉ោង ដោយសារតែមានមនុស្សចូលរួមហែច្រើនពេកដែលធ្វើឲ្យមានការកកស្ទះជាច្រើនកន្លែងនៅតាមផ្លូវ។
បើតាមគណៈកម្មការរៀបចំបុណ្យសពអ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី កាលពីម្សិលមិញអាចមានរហូតដល់ប្រមាណ ២ លាននាក់ ដោយក្បួនដង្ហែនៅលើផ្លូវជាតិលេខ ៣ មានប្រវែងប្រមាណ ៣០ គីឡូម៉ែត្រ ដោយមានពលរដ្ឋនៅឈររង់ចាំទទួលនៅអមសងខាងដងផ្លូវ ចាប់តាំងពីរាជធានីភ្នំពេញ រហូតដល់ភូមិកំណើតរបស់លោក កែម ឡី ហើយមានសប្បុរសជនជាច្រើន បានរង់ចាំចែកនំប៉័ង និងទឹកសុទ្ធដល់អ្នកហែក្បួនទៀតផង៕
រាយការណ៍បន្ថែមដោយ សូ វិសាល