តាកែវ: សពលោក កែម ឡី ត្រូវបានបញ្ចុះតាមគម្រោង និងមានការចូលរួមដោយលោកបណ្ឌិត សុខ ទូច ដែលយកនាទីចុងក្រោយនៃការបញ្ចុះសពស្នើឲ្យរដ្ឋាភិបាលតាមរកឧក្រិដ្ឋជននៅពីក្រោយឃាតកម្ម និងអំពាវនាវឲ្យខ្មែរកុំបែកបាក់គ្នាហើយបន្តបេសកកម្មលោក កែម ឡី បន្តទៀត។
ក្នុងរយៈពេលតម្កល់សពកន្លះខែមកនេះទឹកភ្នែកកូនប្រពន្ធ និងសាច់ញាតិរបស់បណ្ឌិត កែម ឡី ហាក់ហូរមិនចេះរីងស្ងួត។ ពួកគាត់បានទ្រហោយំនៅពេលសពលោក កែម ឡី ត្រូវបានផ្ទេរចេញពីមឈូសកញ្ចក់ទឹកកកទៅមឈូសឈើដែលមានរចនាក្បាច់ពីខាងក្រៅហើយតុបតែងក្រាលដោយក្រដាសមាសប្រាក់នៅខាងក្នុង។ គ្រួសារបាននាំគ្នាមើលមុខលោក កែម ឡី ជាលើកចុងក្រោយមុនពេលមឈូសត្រូវបានបិទ និងមានគ្របទង់ជាតិខ្មែរពីលើ។
ទោះបីជាគ្មានការអញ្ជើញពលរដ្ឋជិតឆ្ងាយបានមកចូលរួមបុណ្យសពជាបន្តបន្ទាប់រហូតដល់រាប់រយនាក់ពិសេសគឺនៅពេលពិធីបញ្ចុះសពជិតចូលមកដល់កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។ គ្រួសារសព និងអ្នកចូលរួមកាន់តែមានអារម្មណ៍ក្តុកក្តួលដោយក្តីអាឡោះអាល័យនៅពេលវិយោគកថារយៈពេលជាង ១១ នាទីត្រូវបានសូត្រ។ អ្នកទាំងអស់គ្នាឈរលើកដៃសំពះដែលខ្លះមានកាន់ផ្កាឈូកនៅក្នុងដៃហើយស្មិងស្មាធិ៍យ៉ាងស្ងៀមស្ងាត់ស្តាប់វិយោគកថាដែលរៀបរៀងដោយគណៈកម្មការបុណ្យសព។
វិយោគកថាបន្លឺឡើងថា៖ «ជាច្រើនជំនាន់មកហើយដែលខ្មែរបានទទួលនូវការជិះជាន់សង្កត់សង្កិនបំបិទមាត់ឲ្យខ្លបខ្លាច និងបាក់ស្បាតតែលោកបណ្ឌិតបានមកទាន់ពេល និងបានដាស់យើងគ្រប់គ្នាឲ្យងើបឡើងអ្វីដែលធ្វើឲ្យយើងខ្សឹកខ្សួល ខ្លោចផ្សា អាណោចអាធ័ម និងរំជួលចិត្តជាខ្លាំងនោះគឺនៅពេលយើងនឹកឃើញបណ្តាំលោកបណ្ឌិតដល់យើងគ្រប់គ្នាថាប្រសិនបើខ្ញុំស្លាប់សូមជូតទឹកភ្នែក រួចបន្តដំណើរទៅមុខសូម្បីតែមនុស្សដែលចង់បំផ្លាញយើងក៏យើងត្រូវជួយគេដែរ គឺជួយគេឲ្យទៅរកផ្លូវត្រូវវិញ»។
ពិធីបុណ្យដែលត្រូវបានធ្វើឡើងតាមលក្ខណៈប្រពៃណីខ្មែរ និងចិនបានដំណើរការទៅមុខរហូតដល់ម៉ោងជិត ១១ ព្រឹកហើយសំឡេងខ្លងខែកបានបន្លឺឡើងដែលជាសញ្ញាប្រាប់ថាពិធីហែសពទៅបញ្ចុះបានឈានមកដល់។
សពត្រូវបានបញ្ចុះនៅក្នុងផ្នូរចាក់ស៊ីម៉ងត៍ក្នុងបរិវេណដីផ្នែកខាងកើតភាគខាងត្បូងនៃផ្ទះរបស់លោកហើយវិស្វករនឹងបន្តសង់ជាចេតិយបន្ថែមទៀត។
នៅពេលដែលគ្រួសារសពកំពុងតែយកខ្សាច់រោយ និងចាក់ពីលើមឈូសនោះស្ត្រីជាកសិករអាយុ ៦០ ឆ្នាំម្នាក់សុំមិនប្រាប់ឈ្មោះបានយំខ្សឹកខ្សួល និងសូមឲ្យលោក កែម ឡី កើតជាខ្មែរម្តងទៀតក្នុងរយៈពេលតែ ៩ ខែ ១០ ថ្ងៃដើម្បីបន្តសកម្មភាព និងផ្តល់ជាការវិភាគជួយសង្គមខ្មែរ។ ប្រពន្ធសពបណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ដែលកំពុងតែពពោះប្រមាណជា ៧ ខែគឺស្ថិតក្នុងសភាពទន់ខ្សោយក្នុងពិធីបុណ្យសពអស់រយៈពេលកន្លះខែ។
ទោះបីយ៉ាងណាក្នុងសម្លៀកបំពាក់កាន់ទុក្ខពណ៌ស លោកស្រីហាក់មានអារម្មណ៍ស្ងប់បន្តិចបន្ទាប់ពីសពប្តីត្រូវបានបញ្ចុះចប់សព្វគ្រប់តាមពេលកំណត់។

លោកស្រីបានថ្លែងដោយសំឡេងខ្សោយថា៖ «យើងដាក់សពគាត់រួចហើយអ៊ីចឹងអារម្មណ៍យើងស្ងប់។ កាលមិនទាន់ដាក់យើងពិបាកចិត្តពេលយើងធ្វើឲ្យគាត់តាមប្រពៃណីអ៊ីចឹងទៅយើងបានសុខចិត្តពីព្រោះគាត់បានទៅឋានសុខហើយ»។
លោកបណ្ឌិត សុខ ទូច ដែលជាមន្រ្តីរដ្ឋាភិបាលបានចូលរួមបុណ្យសពឆ្លៀតក្នុងឱកាសនោះបានស្នើឲ្យរដ្ឋាភិបាលរកអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី ឬ ត្រូវមានការបកស្រាយឲ្យបានច្បាស់លាស់ដើម្បីឲ្យពលរដ្ឋអស់ចិត្តព្រោះថាពលរដ្ឋជាម្ចាស់អំណាចជាអ្នកសម្រេចចុងក្រោយ និងជាតុលាការកាត់ក្តីតាមរយៈការបោះឆ្នោត ៥ ឆ្នាំម្តង។
លោកថ្លែងថា៖ «បន្ទុកនេះត្រូវធ្លាក់ទៅលើរដ្ឋាភិបាល។ រដ្ឋាភិបាលត្រូវរកឲ្យឃើញជននៅពីក្រោយខ្នង»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងថារាជរដ្ឋាភិបាលបាននិងកំពុងតែយកកាតព្វកិច្ចនេះដើម្បីស្វែងរកជនដៃដល់ និងបក្ខពួកនៅពីក្រោយនេះបន្ថែមទៀតខណៈសមត្ថកិច្ចបានចាប់ជនដៃដល់មកផ្តន្ទាទោសរួចហើយ។
លោកថា៖ «យើងសួរ តើអ្នកណាបានចំណេញពីការស្លាប់របស់ កែម ឡី។ កែម ឡី មិនអាចឈ្នះ ហ៊ុន សែន ទេដូច្នេះមិនមែនជាឧបសគ្គជាមួយសម្តេច ហ៊ុន សែន ទេ»។
អ្នកនាំពាក្យរូបនេះបានដាក់មន្ទិល កែម ឡី អាចជាឧបសគ្គរបស់លោក សម រង្ស៊ី និង កឹម សុខា។ លោកថ្លែងថា៖ «រឿងនេះទោះរកឃើញ ឬមិនឃើញប្រជាពលរដ្ឋនៅតែកាត់ក្ដីប៉ុន្តែពួកគាត់គាំទ្រថ្នាក់ដឹកនាំណាធ្វើឲ្យគាត់មានសន្តិភាព ខ្ញុំអត់ជឿថាគាត់គាំទ្រមេដឹកនាំឲ្យផ្ដាច់ជំនួយខ្មែរនោះទេ។
តាមព័ត៌មានចុងក្រោយបានឲ្យដឹងថារហូតមកទល់នឹងម៉ោងជិត ៨ យប់មិញក៏នៅមានអ្នកចូលទៅអុជធូបនៅនឹងផ្នូរលោក កែម ឡី ជាហូរហែផងដែរ៕