ភ្នំពេញៈ មន្ត្រី​បាន​អះអាង​ថា សាកសព​ស្ដ្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ​​ ២១ ​ឆ្នាំ​ ដែល​បាន​រកឃើញ​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​ ៣១ ខែ​តុលា​នោះ​ គឺ​មិន​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស ​អង់គ្លេស ​វិញ​ឡើយ ដោយសារ​គ្រួសារ​បាន​សម្រេច​យក​ទៅ​បូជា​នៅ​វត្ត​ទឹកថ្លា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២ ​វិច្ឆិកា ហើយ​គ្រោង​យក​អដិ្ឋធាតុ​ទៅ​ធ្វើ​បុណ្យ​នៅ​អង់គ្លេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​។

លោក អ៊ិន បូរ៉ា អគ្គស្នងការរង​នគរបាល​ជាតិ​ទទួល​ផែន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មូលហេតុ​នៃ​ការសម្រេច​បូជា​នៅ​កម្ពុជា​នេះ ដោយសារ​ក្រុម​គ្រួសារ​បាន​ពិនិត្យ​ឃើញ​ថា ស្ដ្រី​រងគ្រោះ​ឈ្មោះ Amelia Bambridge គឺ​បាន​ស្លាប់​ដោយសារ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ព្រហ្មទណ្ឌ​។

លោក​ថា​៖ «​ដំបូង​គាត់​ (​គ្រួសារ​) ​ថា​ប្រុង​យក​ (​សាកសព​) ​ទៅ​ប្រទេស​ អង់គ្លេស​ វិញ ដោយ​មាន​ទាំង​ការឯកភាព​ពី​ខាង​ស្ថានទូត​ផង​ (​អង់គ្លេស​នៅ​កម្ពុជា​)​។ ប៉ុន្តែ​ដល់​ពេល​គាត់​ពិនិត្យ​ឃើញ​ថា សាកសព​ហ្នឹង​មិន​ពាក់ព័ន្ធ​អី​​នឹង​បទល្មើស​ព្រហ្មទណ្ឌ អ៊ីចឹងទៅ​! គាត់​ក៏​សម្រេចចិត្ត​បូជា​នៅ​ភ្នំពេញ ហើយ​យក​តែ​ធាតុ​ទៅ​ទេ​»​។

ស្ដ្រី​ទេសចរណ៍​ឈ្មោះ Amelia Bambridge បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៤ ​តុលា​ ក្រោយពី​នាង​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុងក្រោយ​ក្នុង​ពិធីជប់លៀង​មួយ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ​ Police Beach នៅ​ម៉ោង​ប្រហែល​ ២ ​ទៀបភ្លឺ​។

ក្រោយពី​បាត់​ខ្លួន​ភ្លាមៗ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​កាបូប​របស់​នាង​នៅ​​លើ​ផ្ទាំងថ្ម​ជាប់​មាត់ទឹក​ដែល​ក្នុង​នោះ​មានដូចជា ថ្នាំពេទ្យ កាបូប​លុយ ទូរស័ព្ទ និង​កាត​ធនាគារ​ជាដើម ខណៈ​សម្លៀកបំពាក់ និង​លិខិតឆ្លងដែន​ត្រូវ​បាន​រកឃើញ​នៅ​សណ្ឋាគារ​ស្នាក់នៅ​របស់​នាង​។

លុះ​មកដល់​ថ្ងៃទី​ ៣១ ខែ​តុលា សាកសព​គាត់​ត្រូវ​អ្នកនេសាទ​ប្រទះឃើញ​អណ្ដែត​ទៅ​ដល់​ក្បែរ​ព្រំ​ដែនទឹក​កម្ពុជា-ថៃ ដែល​មាន​ចម្ងាយ​ពី​កន្លែង​បាត់​ខ្លួន​ជិត​ ៩២ ​គីឡូម៉ែត្រ ក្រោយពី​ក្រុម​សមត្ថកិច្ច អ្នកស្ម័គ្រចិត្ត និង​ក្រុម​អ្នក​មុជទឹក​រាប់រយ​នាក់​បាន​បើក​ប្រតិបត្តិការ​រុករក​អស់​ពេល​ ១ ​សប្ដាហ៍​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ដឹក​សាកសព​របស់ Amelia ដើម្បី​យក​ទៅ​ពិនិត្យ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​លោក ឆាយ គឹមខឿន មន្ត្រី​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៣ ​វិច្ឆិកា ​ថា លទ្ធផល​កោសល្យវិច័យ​បង្ហាញថា ស្ដ្រី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក ពីព្រោះ​នៅលើ​សាកសព​រក​មិនឃើញ​មាន​ចំណុច​សង្ស័យ​ទេ ។

លោក ឃាង ភារម្យ មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា សាកសព​របស់​ស្ត្រី Amelia Bambridge គឺ​ត្រូវ​បាន​​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​តាំងពី​ថ្ងៃទី​ ១ ​ខែ​វិច្ឆិកា ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​ដើម្បី​ដឹក​មកកាន់​ទីក្រុង​ភ្នំពេញ​។

លោក​ថា​៖ «​ក្រុមគ្រួសារ​បានស្នើ​សុំ​សព​យក​ទៅ​កាន់​ទៅ​ក្រុងភ្នំពេញ​។ ដល់​អ៊ីចឹង​! ការចាត់ចែង​យ៉ាងណា​គឺ​ស្ថិត​លើ​ក្រុមគ្រួសារ​របស់គាត់​»​។

បងប្រុស​របស់ Amelia Bambridge ឈ្មោះ Harry Bambridge បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ៤ ​វិច្ឆិកា​ថា ពិធីបុណ្យ Amelia នឹង​​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ក្នុង​ទីក្រុង Worthing ប្រទេស​អង់គ្លេស​។

ជាមួយ​គ្នា​នេះ​នៅក្នុង​ជំនួប​ជាមួយ​លោកស្រី Tina Redshaw អគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ ​វិច្ឆិកា​ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បង្ហាញ​ការសោកស្ដាយ និង​ប្រកាស​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​របស់​ស្ដ្រី​ទេសចរណ៍​អង់គ្លេស​រូបនេះ​។ រីឯ​លោកស្រី Tina Redshaw ក៏​បាន​សម្ដែង​ការអរគុណ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ផងដែរ​ដែល​បាន​ខិតខំ​ស្វែងរក​សាកសព​របស់ Amelia ឃើញ​នោះ ៕