ភ្នំពេញៈ សពអ្នកម្នាង អ៊ុក ផល្លា រណប្ញទ្ធិ ត្រូវបានរៀបចំពិធីបូជាកាលពីព្រឹកថ្ងៃទី២០ខែមិថុនានេះនៅក្នុងបរិវេណវត្តបទុមវត្តីរាជធានីភ្នំពេញខណៈដែលសម្ដេចក្រុមព្រះមិនទាន់បានជ្រាបដោយសារមន្ត្រីខ្លាចប៉ះពីសុខភាពព្រះអង្គដែលកំពុងព្យាបាលរបួសនៅប្រទេសថៃ។
ពិធីបូជានេះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំគណបក្ស សមាជិក ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងពលរដ្ឋជាច្រើនផងដែរ ដោយមានសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រតំណាងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ជាអ្នកថ្វាយព្រះភ្លើងបូជា។
យ៉ាងណាក្ដី ពិធីបូជាសពនេះសម្ដេចក្រុមព្រះមិនបានជ្រាបនោះទេ ខណៈដែលស្ថានភាពរបួសមិនទាន់បានប្រសើរ។ នេះបើតាមអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញេប ប៊ុនជិន កាលពីព្រឹកមិញ។
លោក ប៊ុនជិន បានថ្លែងទាំងអួលដើមកជាមួយនឹងទឹកភ្នែករលីងរលោងនៅឯពិធីនោះថា សម្ដេចក្រុមព្រះ រណឫទ្ធិ មិនទាន់បានជ្រាបថា អ្នកម្នាង អ៊ុក ផល្លា ត្រូវបានបូជានៅឡើយទេ ដោយសារតែគណបក្សនិងការព្រួយបារម្ភ ពីសុខភាពរបស់ទ្រង់។
លោកបានបញ្ជាក់ថា៖ «ដោយសារលោកមានព្រះជន្មប៉ុណ្ណឹងយើងបារម្ភខ្លាំង ដូច្នេះយើងមិនចង់ឲ្យលោកជ្រាបពីសពអ្នកម្នាងដែលបានបូជាទេរហូតដល់ម៉ោងនេះ។ សូមជំរាប ពលរដ្ឋប្រជានុរាស្ត្រជនរួមជាតិទាំងអស់ក៏ដូចជាបងប្អូនដែលជាសមាជិកសមាជិកកាដែលលោកតាមដានព្រឹត្តិការណ៍នេះថាយើងអត់មានទូលថ្វាយសម្តេចព្រះប្រធានអំពីមរណភាពរបស់អ្នកម្នាងជាដាច់ខាតដោយសារយើងយល់ថាទុកឲ្យព្រះអង្គលោកថែព្រះសុខភាពដោយយកចិត្តទុកដាក់ឆាប់បានជាសះស្បើយ»។
លោកបានបន្ដថា៖ «ម្យ៉ាងទៀតយើងបារម្ភក្រោយពីលោកជាសះស្បើយ ហើយលោកយាងត្រឡប់មកវិញ ហើយនៅសួររកព្រះជាយារបស់លោកយើងទាំងអស់គ្នាកំពុងគិតហើយគិតទៀតថាតើយើងគួរទូលថ្វាយនៅក្នុងពេលណាឬស្ថានភាពណាមួយនេះដែលយើងមានការព្រួយបារម្ភ»។…យើងសូមជម្រាបជូនដោយត្រង់ថា ដំណាក់របស់លោកនៅពេលឥឡូវនេះអត់មានអ្នកណានៅទេ មានតែព្រះរាជបុត្រាតូចមួយ ហើយអ្នកមើល ព្រះរាជបុត្រា ហើយពេលខ្ញុំទៅដំណាក់គាត់ខ្ញុំខ្លោចផ្សាណាស់»។
ទាក់ទងនឹងព្រះសុខភាព សម្ដេចក្រុមព្រះ លោក ញេប ប៊ុនជិន បានឲ្យដឹងថា លោកអាចមានបន្ទូលបានហើយដោយលោកចង់ទូរស័ព្ទមកអ្នកម្នាងតែយើងទូលថ្វាយលោកថាអ្នកម្នាងមិនអីទេដោយសារចង់ឲ្យព្រះអង្គថែព្រះកាយឲ្យស្រួល ។
ទន្ទឹមនឹងនេះ លោក ប៊ុនជិន ក៏បានស្នើឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យស៊ីជម្រៅចំពោះឧបទ្ទវហេតុគ្រោះថ្នាក់នេះផងដែរ។
លោកបានបន្តថា៖«…ក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ច សមត្ថកិច្ចនិងភារកិច្ចស៊ើបអង្កេតឲ្យស៊ីជម្រៅដើម្បីឲ្យជនរងគ្រោះនិងគណបក្សហ៊ុនស៊ីនប៉ិច អាចទទួលយកបានដោយអស់ចិត្ត»។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពនៅមន្ទីរពេទ្យខេត្តព្រះសីហនុ នៅវេលាម៉ោងជាង ១២ ថ្ងៃទី ១៧ ខែមិថុនា គឺប្រមាណជា ៣ ម៉ោង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកព្រៃនប់ ខណៈសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងមនុស្ស ៦ នាក់ផ្សេងទៀតរងរបួសធ្ងន់៕