កំពតៈ សពបុរសជនជាតិអង់គ្លេសម្នាក់ ដែលលោតពីលើស្ពានលង់ទឹកព្រែកស្លាប់ ក្នុងភូមិកំពង់ទ្រាស ឃុំជុំក្រៀល ស្រុកទឹកឈូ កាលពីថ្ងៃទី ១៤ ខែមីនា សមត្ថកិច្ចនគរបាលក្រុងកំពតបានប្រគល់ទៅឲ្យមន្ត្រីស្ថានទូតអង់គ្លេស ប្រចាំនៅភ្នំពេញ កាលពីថ្ងៃសៅរ៍។
លោក ញឹម វេត អធិការក្រុងកំពតកាលពីម្សិលមិញបានប្រាប់ថា បុរសអង់គ្លេសឈ្មោះ Thomas Colby Spenser លង់ទឹកស្លាប់ អាយុ២៥ឆ្នាំ ក្នុងពេលរួមដំណើរកម្សាន្តជាមួយនឹងមិត្តស្រីរបស់គាត់ដែលជាអ្នកទេសចរដូចគ្នា។
លោក យិន ថារិទ្ធ នាយកគ្រប់គ្រងផ្ទះសំណាក់ Bodhi Villa Travelers Retreat ប្រាប់ថា មិត្តស្ត្រីរបស់ជនរងគ្រោះនោះឈ្មោះ Gessie អាយុ២៣ឆ្នាំ «ពួកគេមិនមែនជាសង្សារនឹងគ្នាទេ»។ ពួកគេមកកក់បន្ទប់ស្នាក់ក្នុងថ្ងៃតែមួយ ហើយដើរកម្សាន្តជាមួយគ្នា»។
លោក ថា ពួកគេមកដល់ខេត្តកំពតនៅរសៀលថ្ងៃទី១៣ ខែមីនា ហើយបានជួលបន្ទប់ផ្ទះសំណាក់បូឌីវីឡាស្នាក់។ នៅរសៀល ថ្ងៃទី១៤ ខែមីនា ពួកគេបាននាំគ្នាដើរកម្សាន្ត ឆ្ពោះទៅកាន់ស្ពានផ្លូវរទេះភ្លើងឆ្លងកាត់ដៃព្រែក ស្ថិតនៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ជាទីដែលនាង Gessie ប្រាប់ថាគាត់បានលោតទឹកពីលើស្ពានលិចបាត់ខ្លួន។
លោក ញឹម វេត បន្តថា តាមសម្ដីមិត្តស្រីជនរងគ្រោះប្រាប់ថា ពួកគេដើរកម្សាន្តនៅលើស្ពានដែក និងថតរូបទេសភាពជាមួយគ្នា។ ក្រោយមកគាត់ប្រាប់ឲ្យនាងចាំថតរូប គាត់នឹងលោតចុះពីលើស្ពាន គាត់លោតម្ដងហើយម្ដងទៀតរហូតលិចបាត់លែងងើប។
លោកអធិការបន្តថា ជំហានដំបូងយើងសន្និដ្ឋានថា ការលង់ទឹកស្លាប់នេះអាចមកពីជនរងគ្រោះរមួលសាច់ដុំដោយអស់កម្លាំង ក្នុងការហែលទឹកច្រើនឬអាចមកពីស្រវឹងស្រា ព្រោះបើតាមខ្សែវីដេអូ ដែលមិត្តស្រីជនរងគ្រោះបានបង្ហាញពីសកម្មភាពលោតទឹកនោះ ជនរងគ្រោះបានលោតទឹកពីលើស្ពានដែក ចំនួនបីដងផ្ទួនៗគ្នា។
នៅថ្ងៃបាត់ ខ្លួននោះ ក្រុមសមត្ថកិច្ចព្យាយាមរាវរកសពដែរ តែរកមិនឃើញទេ រហូតមកនៅយប់ថ្ងៃសុក្រអ្នកនេសាទបង្គា ប្រទះឃើញសពជនរងគ្រោះអណ្ដែតនៅក្នុងទឹកព្រែក ក្នុងភូមិកំពង់ទ្រាស ឃុំជុំក្រៀល ស្រុកទឹកឈូហើយបានរាយការណ៍មកសមត្ថកិច្ច។ ក្រុមសមត្ថកិច្ចក៏បាននាំយកសាកសពជនរងគ្រោះទៅតម្កល់នៅមន្ទីរពេទ្យ ខេត្ត ហើយបានប្រគល់ជូនមន្ត្រីមកពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពីរសៀលថ្ងៃសៅរ៍។ មន្ត្រីទូតអង់គ្លេសមិនអាចទាក់ទងសុំការបញ្ជាក់បានទេ៕