
ភ្នំពេញៈ សពឪពុកលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មហាឧបាសក ហ៊ុន នាង នឹងត្រូវដង្ហែយកទៅបញ្ចុះក្បែរចេតិយមហាឧបាសក ឌី ប៉ុក ភរិយារបស់លោក នៅថ្ងៃទី១៧ ខែកក្កដា នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្តុស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។
លោក កឹម គុណវឌ្ឍន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា សពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នឹងត្រូវដង្ហែចេញពីភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីយកទៅបញ្ចុះនៅក្នុងមហាចេតិយមួយក្បែរមហាចេតិយរបស់មហាឧបាសិកា ឌី ប៉ុក ដែលជាភរិយារបស់លោក។ លោកថ្លែងថា៖«តាមទំនៀមទម្លាប់និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមដងទន្លេ សពរបស់អ្នកដែលបានធ្វើមរណទុក្ខទៅកាន់បរិលោក ភាគច្រើនត្រូវបានគេនិយមបញ្ចុះ...»។
អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតីហ៊ុន នាង បានទទួលមរណភាព កាលពីវេលាម៉ោង ៤ និង១០ នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។ លោកបានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈកាលជិត១ឆ្នាំមកហើយ។
ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់ទុក្ខ ប៉ុន្មានថ្ងៃនេះមានវត្តមានមន្ត្រីជាន់ខ្ពស់សំខាន់ៗ មកពីគ្រប់ក្រសួង មន្ទីរ និងស្ថាប័នជាតិ រួមទាំងមេដឹកនាំនៃបណ្ដាប្រទេសសហគមន៍អាស៊ាន និងអង្គទូតមួយចំនួនបានផ្ញើសារ និងចូលរួមរំលែកទុក្ខដោយផ្ទាល់។ ជាពិសេសកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ ព្រះករុណាព្រះបាទនរោត្តម សីហមុនី និង សម្តេចម៉ែ បានយាងចូលរួមរំលែកមរណទុក្ខ។ ហើយនៅថ្ងៃទី១៤ ខែកក្កដា លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងលោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានមកចូលរួមរំលែកទុក្ខ នេះផងដែរ។
លោកឧកញ៉ា មហាភក្តី ហ៊ុន នាង កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩២៣ នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកបានរៀបការជាមួយឧបាសិកា ឌី ប៉ុក នៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០។ ឧបាសិកា ឌី ប៉ុក ទទួលមរណភាពនៅឆ្នាំ១៩៩៨ ក្នុងជន្មាយុ៧៩ឆ្នាំ។
លោកឧកញ៉ា មហាភក្តី ហ៊ុន នាង និងឧបាសិកា ឌីប៉ុក មានកូនប្រុសស្រីចំនួន៦នាក់ និង ចៅប្រុសស្រីចំនួន ៣០ នាក់ និងចៅទួតប្រុសស្រីចំនួន៦០នាក់។
ដោយសារការចូលរួមកសាងនិងអភិវឌ្ឍនូវសមិទ្ធផលជូនជាតិជាច្រើនរួមទាំង សាលារៀន វត្តអារាម និងសហគមន៍ក្រីក្រនៅកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០១១ ព្រះមហាក្សត្របានប្រោសព្រះរាជទានគោរមងារ ជាអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតីហ៊ុន នាង៕