
កិច្ចប្រជុំទ្វេភាគីរវាងសភាកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ កាលពីម្សិលមិញ។ រូបថត NAC
ភ្នំពេញៈ ប្រធានស្ថាប័នសភាប្រទេសកម្ពុជា និងចិនបានប្រកាសពីការត្រៀមជាស្រេចក្នុងការពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំង ២ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតល្មួត និងស្ថិតស្ថេរយូរអង្វែង ហើយបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ន សភាទាំង ២ នៅលើបញ្ហាតំបន់ និងអន្តរជាតិ។
ក្នុងកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ក៏បានគាំទ្រចំពោះសមិទ្ធផលជាច្រើនដែលកើតចេញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៦៣ ឆ្នាំនៃចំណងការទូតនៃប្រទេសទាំង២។
លោក ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាមរបស់រដ្ឋសភាថា ៦៣ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំង ២ បានចាក់ឫសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជនទាំងសងខាង និងបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកទៀតផង។
លោក ហេង សំរិន ក៏បានថ្លែងដោយសម្តែងការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំង ២ ក្នុងការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្សេងៗទៀតជាច្រើន។
លោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេសចិនឱ្យដឹងថា ឆ្នាំ ២០២០ ដែលពិភពលោកជួបការលំបាកដោយសារជំងឺកូវីដ១៩ កម្ពុជា និងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំង ២ កាន់តែរឹងមាំឡើងតាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក។
កិច្ចសហប្រតិបត្តិការសភាប្រទេសទាំង ២ មានសារៈសំខាន់នៅក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំឡើង។ សភាប្រជាជនចិនបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា។ កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនតែមួយ» និងគាំទ្រចំពោះកិច្ចការពារបូរណភាពដែនដី៕