ភ្នំពេញៈ សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន ២ រូប​គឺ​លោកស្រី ជា ច័ន្ទទេវី និង​លោក សួន មាន ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឱ្យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី ៤ នៅ​ក្នុង​កិច្ចប្រជុំពេញ​អង្គ​កាលពី​ម្សិលមិញ ហើយ​សមាជិក​ទាំង​ ២ ​រូប​នេះ​នឹង​ត្រូវ​ចូល​កាន់​តំណែង​នៅ​ព្រឹទ្ធសភា​នាពេល​ខាង​មុខ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ចំនួន ៦០ រូប​ផ្សេង​ទៀត​។

តាម​ច្បាប់​សមាជិក​ព្រឹទ្ធសភា​ត្រូវ​មាន​ចំនួន​ពាក់​កណ្តាល​នៃ​សមាជិក​រដ្ឋសភា ពោល​គឺ​មាន​ចំនួន ៦២ រូប​សម្រាប់​អាណត្តិ​ថ្មី​នេះ​ក្នុង​នោះ​មាន​ ២ ​រូប​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ព្រះមហាក្សត្រ ២ រូប​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង ៥៨ រូប​ទៀត​ត្រូវ​ដាក់​ឱ្យ​បោះឆ្នោត​ដោយ​សមាជិក​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សមាជិក​រដ្ឋសភា​ដែល​ជា​អង្គ​បោះឆ្នោត​។

ដោយសារ​តែ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៤ នេះ​ពុំ​មាន​វត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ប្រជែង​ដ៏ខ្លាំងក្លា​ជាមួយ​គណបក្ស​កាន់​អំណាច​ដោយសារ​តែ​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​រំលាយ​បាន​ធ្វើឲ្យ​គណបក្ស​ប្រជាជន​បាន​ឈ្នះ​អាសនៈ​ទាំងអស់ នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី ៤ នេះ​។

សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី ១០ នីតិកាល​ទី ៥ កាលពី​ម្សិលមិញ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដោយ​មាន​សមាជិក​រដ្ឋ​សភា​ចំនួន ១១៤ រូប​ចូលរួម​។

បន្ទាប់ពី​ការបោះឆ្នោត​លោក ហេង សំរិន បាន​ថ្លែង​ថា​សន្លឹក​ឆ្នោត​សរុប​មាន​ចំនួន​ ១១៤ សន្លឹក​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល​ដោយ​បាន​បោះ​ជូន​លោកស្រី ជា ច័ន្ទទេវី ចំនួន ១០៤ សំឡេង សន្លឹកឆ្នោត​មិន​ព្រម​មាន​ចំនួន ៩ សំឡេង សន្លឹកឆ្នោត​អនុបវាទ​ចំនួន ១ សំឡេង​។ ចំណែក​លោក សួន មាន ទទួល​បាន​ការគាំទ្រ​ចំនួន ១០៤ ​​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​សន្លឹកឆ្នោត​មិន​ព្រម​ចំនួន ៧ សំឡេង សន្លឹកឆ្នោត​អនុបវាទ​ ៣ សំឡេង​។

លោក​ ហេង សំរិន បាន​ប្រកាស​ថា​៖ «​តាម​លទ្ធផល​នៃ​ការបោះឆ្នោត នាពេល​នេះ​ខ្ញុំ​សូម​ប្រកាស​ថា​លោក​ជំទាវ ជា ច័ន្ទទេវី និង​ឯកឧត្តម សួន មាន ត្រូវ​បាន​អង្គសភា​ជាតិ​បោះឆ្នោត​ជាប់​ជា​សមាជិក សមាជិកា​ព្រឹទ្ធសភា​នីតិកាល​ទី ៤ ជ្រើសតាំង​ដោយ​សភាជាតិ​»​។

លោក​ ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា លោក​សាទរ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋសភា​ដែល​បាន​បោះឆ្នោត​ផ្ដល់​ឱកាស​ដល់​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចូល​បម្រើ​ការងារ​ជូន​ជាតិ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព និង​បទពិសោធ​សមាជិក​ថ្មី​ទាំង​ ២ ​រូប​នេះ​ព្រោះ​កន្លង​មក​ពួកគាត់​ក៏​ធ្លាប់​ធ្វើ​ជា​មន្ត្រី​រាជការ​ជាន់​ខ្ពស់​ដែរ ហើយ​នៅ​ពេល​ពួកគាត់​ចូល​ធ្វើការ​ក្នុង​ព្រឹទ្ធសភា ពួកគាត់​នឹង​ដក​ស្រង់​បទពិសោធ​ការងារ​នៅ​ទី​នោះ​បន្ថែម​ដោយ​ផ្អែក​លើ​ចំណេះដឹង​របស់​ពួកគាត់​ដែល​មាន​ស្រាប់​»​។

លោកស្រី ជា ច័ន្ទទេវី និង​លោក សួន មាន មិន​បាន​ផ្ដល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ​។

លោក យឿង សុធារ៉ា អតីតមន្ត្រី​ផ្នែក​ច្បាប់ និង​ឃ្លាំ​មើល​នៅ​អង្គការ​ខុមហ្វ្រែល​យល់​ថា​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដោយ​សមាជិក​រដ្ឋសភា​នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​រក្សា​ការ​បំភាន់​នៃ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ក៏​ដូចជា​ការធានា​ស្ថិរភាព​នៅក្នុង​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​។

លោក សុធារ៉ា បាន​និយាយ​ថា​៖ «​ការតែងតាំង​ដោយ​រដ្ឋសភា គឺ​...​ដើម្បី​ចៀសវាង​ការរិះគន់​»​។

នៅក្នុង​ឱកាស​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី ១០ នីតិកាល​ទី ៥ កាលពី​ម្សិលមិញ​លោក ហេង សំរិន ក៏​បាន​អាន​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ផង​ដែរ​ ដែល​មាន​ខ្លឹមសារ​ថា​៖ «​ខ្ញុំ ព្រះ​ករុណា​ខ្ញុំ សូម​សាទរ​ដល់​រាជរដ្ឋាភិបាល​ដែល​តែងតែ​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​រួបរួម ពួត​ដៃ​គ្នា​រវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស​លើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​នយោបាយ​ដើម្បី​កសាង និង​ការពារជាតិ សមិទ្ធផល​សង្គម និង​ការធានា​ឲ្យ​មាន​ឯកភាព​ជាតិ បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ សន្តិភាព លទ្ធិ​ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​»​។

ក្រៅពី​ការបោះឆ្នោត​គាំទ្រ​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា និង​ការអាន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ រដ្ឋសភា ក៏​បាន​អាន​របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី ៩ និង​លើក​ទី ១០ នីតិកាល​ទី ៤ និង​ក៏​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អាជ្ញាប័ណ្ណ​បញ្ជា សម្រាប់​សុខភាព​សាធារណៈ​ផង​ដែរ​៕