ភ្នំពេញៈ អាជ្ញាធរអប្សរានឹងត្រូវកោះហៅដោយរដ្ឋសភានាខែក្រោយ ពាក់ព័ន្ធនឹងបញ្ហាប្រាក់ចំណូលពីការលក់សំបុត្រនៅតំបន់ប្រាសាទអង្គរវត្ត។ នេះបើតាមសម្ដីតំណាងរាស្រ្ត គណបក្សប្រឆាំង។
លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភា បាននិយាយថា អាជ្ញាធរអប្សរានឹងត្រូវសុំឲ្យឆ្លើយអំពីភាពមិនប្រក្រតីនិងការរាយការណ៍មិនត្រឹមត្រូវនៃការលក់សំបុត្រឲ្យភ្ញៀវទេសចរចូលទស្សនាអង្គរវត្ត។
លោក ហូរ វ៉ាន់ បានបន្ថែមថា ប្រសិនបើអាជ្ញាធរអប្សរាមិនមករាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺទេ នោះលោកនឹងដឹកនាំគណៈកម្មការដែលមានសមាជិក ១០ រូបនេះទៅខេត្តសៀមរាប។
លោកបន្តថា៖ «នៅពេលមានបញ្ហាមិនសមស្របយើងត្រូវតែទៅពិនិត្យឲ្យច្បាស់។ យើងមិនអាចទុកនៅស្ងៀមបានទេ។ យើងគឺជាគណៈកម្មការប្រឆាំងអំពើពុករលួយ»។
នាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ហើយមន្រ្តីថ្នាក់ក្រោមរបស់លោកបានបដិសេធធ្វើអត្ថាធិប្បាយអំពីការកោះហៅនេះ។
អាជ្ញាធរអប្សរា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានផ្តល់ការលក់សំបុត្រសម្រាប់តំបន់ប្រាសាទអង្គរវត្តទៅឲ្យក្រុមហ៊ុនសូគីម៉ិចចាប់តាំងពីឆ្នាំ ១៩៩៩ មក។
បើតាមគណបក្សប្រឆាំង កិច្ចសន្យារយៈពេលវែងនេះវានាំឲ្យមានការកេងប្រវ័ញ្ច ដែលបណ្តាលឲ្យបាត់បង់ចំណូលជាតិយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង ដែលតែងតែធ្វើការរិះគន់លើបញ្ហានេះតាំងពីយូរមកហើយ បានថ្លែងថា៖ «ការគ្រាន់តែហៅពួកគេមកនិយាយជាមួយគណៈកម្មការគឺមិនគ្រប់គ្រាន់ទេ។ វាត្រូវការឲ្យមានការស៊ើបអង្កេតទៅដល់ទីកន្លែងដើម្បីមើលថា តើការលក់សំបុត្រនេះត្រូវបានប្រមូលជាក់ស្តែងដូចម្តេច»។
បើតាមការិយាល័យទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា កាលឆ្នាំមុន ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរទៅលេងចំនួន ៥,០២ លាននាក់។ ប៉ុន្តែអាជ្ញាធរអប្សរាបានរាយការណ៍ពីការលក់សំបុត្រត្រឹមតែ ២,០៥ លានសំបុត្រ ជាមួយនឹងចំណូលចំនួន ៥៩,៣ លានដុល្លារ។
លោក ខៀវ ធី ប្រធានសមាគមអ្នកនាំភ្ញៀវទេសចរអង្គរវត្ត បានថ្លែងថា៖ «ខ្ញុំគិតថា ស្ទើរតែភ្ញៀវទេសចរទាំងអស់ដែលមកកម្ពុជា បានទៅមើលប្រាសាទអង្គរវត្ត»។
តាមតួលេខរបស់អាជ្ញាធរអប្សរាឆ្នាំ ២០១៤ ភ្ញៀវទេសចរ មានតែជាង ៥០០០ នាក់ប៉ុណ្ណោះទៅលេងតំបន់ប្រាសាទអង្គរនេះជាមធ្យមក្នុងមួយថ្ងៃ។ ប៉ុន្តែលោក ធី បានថ្លែងថា អ្នកនាំភ្ញៀវទេសចរនៅកន្លែងផ្ទាល់ប៉ាន់ប្រមាណថា មានច្រើនជាងនេះ។
លោកបន្តថា ក្នុងអំឡុងរដូវមានភ្ញៀវទេសចរច្រើនចន្លោះពីខែវិច្ឆិកា និងមីនា មានភ្ញៀវយ៉ាងហោចណាស់ ១ ម៉ឺននាក់ចូលទៅប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃហើយក្នុងអំឡុងមិនសូវមានភ្ញៀវគឺមានប្រមាណ ៤០០០ នាក់ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
លោកបន្តថា៖ «វាជាបញ្ហារសើបណាស់។ ប៉ុន្តែវានឹងងាយស្រួលពិនិត្យថា តើនរណាត្រូវ នរណាខុសប្រសិនបើមានអង្គការឯករាជ្យមួយជាអ្នករាប់»៕