ភ្នំពេញៈ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សំណង់​ដែល​មាន​ ២២ ​ជំពូក និង​ ១១១ មាត្រា​ដោយ​ច្បាប់​នេះ​ក៏មាន​ចែង​ពី​ការដាក់​ទោសទណ្ឌ ចំពោះ​អ្នកគ្រប់គ្រង​សំណង់​ផងដែរ ខណៈ​ដែល​វិស័យ​សំណង់​បាន​និង​កំពុងតែ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​សំណង់​ដែល​ត្រូវបាន​តាក់តែង​ឡើង​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៧ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ផ្ដល់​មតិយោបល់ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី ហេដ្ឋា រចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​ និង​ដែល​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័តកាលពី​ចុង​ខែ​សីហា ឆ្នាំ​ ២០១៩ ថ្មីៗ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​មាន​សំឡេងគាំទ្រ​ពី​សមាជិក​រដ្ឋសភា​ចំនួន ១០៦ ​លើ​ ១០៦ ​សំឡេង​កាលពី​ព្រឹក​ម្សិលមិញ​។

លោក​ ជា សុផារ៉ា ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​មុន​ពេល​ដែល​រដ្ឋសភា​ធ្វើការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ចែង​អំពី​គោលការណ៍ វិធានការ នីតិវិធី និង​យន្តការ​គឺ​ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ការការពារ​ផលប្រយោជន៍ ម្ចាស់​សំណង់ អ្នកប្រើប្រាស់ និង​សាធារណជន​ដោយ​ពង្រឹង​ការគ្រប់គ្រង​រាល់​ភាគី​ពាក់ព័ន្ធ និង​ប្រតិបត្តិការ ការងារ​សំណង់​។

លោក​បញ្ជាក់​ថា​៖ «​ដើម្បី​ធានា​ការអភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកប​ដោយ​ចីរភាព សំដៅ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ បង្កើន​គណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុង​ការប្រកបការងារ និង​ការប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​តាមរយៈ​យន្តការ​ត្រួតពិនិត្យ និង​យន្តការ​ទទួល​ខុសត្រូវ​របស់​អ្នកពាក់ព័ន្ធ​»​។

លោក​បន្ថែម​ថា​ច្បាប់​នេះ​ធ្វើឡើង​ក៏​ដើម្បី​បង្កើន​ការជឿ​ទុកចិត្ត​របស់​អ្នកវិនិយោគ​នៅក្នុង​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដោយ​កំណត់​នូវ​វិធានការ​ និង​យន្តការ​សម្រាប់​បង្កើន​គុណភាព សុវតិ្ថភាព និង​ភាពស្របច្បាប់​នៃ​សំណង់​។

លោក​បាន​ឲ្យ​ដឹងថា សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​សំណង់​ក្នុង​ការដាក់លក់ ដាក់​ជួល​ឲ្យ​ទេសចរ​ស្នាក់នៅ​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​ប្រមូល​ពន្ធ​កាន់តែ​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​បញ្ចៀស​គ្រោះថ្នាក់​ទាន់​ពេលវេលា ហើយ​ក៏​ជួយ​បង្កើន​ការទទួល​ខុសត្រូវ​របស់​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​ដែល​រួមទាំង​ការទទួល​ខុសត្រូវ​ផ្នែក​រដ្ឋបាល ផ្នែក​រដ្ឋប្បវេណី និង​ផ្នែក​ព្រហ្មទណ្ឌ​ផងដែរ​។

បើ​តាម​សេចក្ដី​ថ្លែងហេតុ​អំពី​សេចក្ដីព្រាងច្បាប់​នេះ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​ ៣០ ខែ​ សីហា​ បាន​បង្ហាញ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏បាន​ចែង​អំពី​ការគ្រប់គ្រង​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ដែល​កំណត់​កាតព្វកិច្ច​ក្នុង​ការចុះបញ្ជី​នៅ​គណៈ​វិជ្ជាជីវៈ ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈវិជ្ជាជីវៈ កាតព្វកិច្ច​ត្រូវមាន​អាជ្ញាប័ណ្ណ កាតព្វកិច្ច បំពេញ​មុខងារ​ដោយ​ឯករាជ្យ និង​ចុះកិច្ចសន្យា​ធានារ៉ាប់រង ដើម្បី​ប្រកប​វិជ្ជាជីវៈ និង​នីតិវិធី​នៃ​ការផ្តល់​ការព្យួរ និង​ការដកហូត​អាជ្ញាប័ណ្ណ និង​ការបាត់បង់​នីតិសម្បទា​ក្នុង​ការប្រកប​វិជ្ជាជីវៈ ឬ​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​។

សេចក្តី​ថ្លែងហេតុ​បញ្ជាក់ថា​៖ «​ជំពូក​ទី​ ៨ ​នេះ​កំណត់​អំពី​កាតព្វកិច្ច​តម្រូវ​ឱ្យ​មាន​លិខិតអនុញ្ញាត និង​កាតព្វកិច្ច​ជូន​ដំណឹង​មុននឹង​ធ្វើការ​សាងសង់ ឬ​ប្រភេទ​សំណង់​ដែល​មិន​តម្រូវ​ឱ្យ​មាន​លិខិតអនុញ្ញាត និង​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការផ្តល់​ការព្យួរ និង​ការដកហូត​លិខិតអនុញ្ញាត​»​។

ជំពូក​ទី​ ៨ ​នេះ​ក៏បាន​កំណត់​ពី​កាតព្វកិច្ច​តម្រូវ​ឲ្យ​មាន​លិខិត​អនុញាត និង​កាតព្វកិច្ច​ជូនដំណឹង​មុន​នឹង​ធ្វើការ​សាងសង់ ឬ​រុះរើ​ប្រភេទ​សំណង់​ដែល​មិន​តម្រូវ​ឲ្យ​មាន​លិខិត​អនុញ្ញាត និង​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការផ្តល់ ការព្យួរ និង​ការដកហូត​លិខិត​អនុញ្ញាត​ផងដែរ​។

លោកស្រី និន សាផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ដែល​បាន​បង្ហាញ​នូវ​របាយការណ៍​នៃ​ការពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​សំណង់​នេះ​បាន​លើកឡើង​ថា សេចក្ដីព្រាងច្បាប់​នេះ​មាន​គោលដៅ​កំណត់​គោលការណ៍​បទប្បញ្ញត្តិ​បច្ចេកទេស សំណង់ វិធាន និង​នីតិវិធី​ក្នុង​ការគ្រប់គ្រង​វិស័យ​សំណង់​។

លោកស្រី​បន្ថែម​ថា បើ​យោងតាម​ជំពូក​ទី​ ២០ មាត្រា​ ៩៨ អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​អាច​សម្រេច​ដាក់​ពន្ធនាគារ​ពី ១ ​ឆ្នាំ​ទៅ​​ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២០ ​លាន​រៀល​ទៅ ៤០ ​លាន​រៀល​ចំពោះ​ជន​ណា​ដែល​បាន​ប្រើ​ ឬ​បំពាក់​ការដ្ឋាន​សាងសង់​នូវ​សម្ភារ​សំណង់ បរិក្ខារ​សំណង់ និង​ផលិតផល​សំណង់​ដែល​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស សំណង់ ឬ​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​តាម​សម្ភារ​សំណង់​បរិក្ខារ​សំណង់ និង​ផលិតផល​សំណង់​ដែល​តម្រូវ​ឲ្យ​អនុវត្ត​តាម​ស្តង់ដា​ណាមួយ​ដែល​បាន​កំណត់ ហើយ​បណ្តាល​ឲ្យ​មាន​របួស​ ឬ​បណ្តាល​ឲ្យ​ខូចខាត​ដល់​សុខភាព​របស់​អ្នកដទៃ​។

លោកស្រី​បន្ត​ថា​មាត្រា​ទី ៩៩ អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​អាច​សម្រេច​ដាក់ពន្ធនាគារ​ពី​ ១ ឆ្នាំទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២០ ​លាន ទៅ​ ៤០ ​លាន​រៀល​ចំពោះ​អ្នកសិក្សា​គម្រោង​ប្លង់​ណា​ដែល​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ដែល​បាន​បណ្តាល​ឲ្យ​រងរបួស ឬ​បណ្តាល​ឲ្យ​ខូចសុខភាព​ដល់​អ្នកដទៃ​។

ចំណែក​មាត្រា​ ១០០ ចែងថា​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​អាច​សម្រេច​ដាក់ទោស​ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២០ ​លាន ទៅ​ ៤០ ​លាន​រៀល​ចំពោះ​អ្នកសាងសង់​ដែល​បាន​សាងសង់ ឬ​រុះរើ មិន​អនុលោម​ទៅ​តាម​គម្រោង​ប្លង់ និង​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ហើយ​ដែល​បណ្តាល​ឲ្យ​រងរបួស ឬ​ខូច​សុខភាព​ដល់​អ្នកដទៃ​។

លោកស្រី​បញ្ជាក់ទៀត​ថា​៖ «​មាត្រា​ ១០១ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៣០ ​លាន​ទៅ ៦០ ​លាន​រៀល​ចំពោះ​អ្នក​ដែល​ត្រួតពិនិត្យ​នឹង​បញ្ជាក់​លើ​គម្រោង​ប្លង់ ឬ​ការសាងសង់ ឬ​រុះរើ ថា​ត្រឹមត្រូវ​តែ​តាម​ជាក់ស្តែង​គម្រោង​ប្លង់​ ឬ​ការសាងសង់ ឬ​រុះរើ​បណ្តាល​ឲ្យ​មាន​របួស​ ឬ​បណ្តាល​ឲ្យ​ខូចសុខភាព​ដល់​អ្នកដទៃ​»​។

ជាមួយ​គ្នា​នេះ​លោក​ ម៉ុក ម៉ារ៉េត សមាជិក​រដ្ឋសភា​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​សំណង់​នេះ​ដោយ​លោក​បាន​ចាត់​ទុក​សេចក្តី​ព្រាងច្បាប់​នេះ​ថា អាច​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​នៅក្នុង​វិស័យ​សំណង់​ដោយសារ​តែ​ច្បាប់​នេះ​បាន​ចែង​យ៉ាងច្បាស់​អំពី​ការទទួលខុសត្រូវ​របស់​អ្នក​សាងសង់ ម្ចាស់​សំណង់ ហើយ​អ្នកផ្សេងៗ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការទទួលខុស​ត្រូវ​មាន​កម្រិត​ខ្ពស់​មែនទែន​នៅក្នុង​ច្បាប់​សំណង់​របស់​យើង ហើយ​ម្ចាស់​សាងសង់​ម្ចាស់​សំណង់​គឺ​លោក​មាន​ទំនុកចិត្ត​លើ​សំណង់​របស់​ខ្លួន ហើយ​អ្នកស្នាក់នៅ​ក៏​ធានាបាន​នូវ​សុវត្ថិភាព ដោយសារ​តែ​នៅក្នុង​នេះ​ច្បាប់​បាន​លើកឡើង​យ៉ាងច្បាស់​»​។

បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​រួច​ភ្លាមៗ​លោក​ ជា សុផារ៉ា ​បាន​ឡើង​ថ្លែងអំណរគុណ​ដល់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន និង​សមាជិក​រដ្ឋសភា​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ដល់​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​លោក​ថា ក្រសួង​នឹង​ខិតខំ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​សំណង់​កាន់តែ​មាន​សក្តានុពល ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​សុខ​ដុមរមនា​ក្នុង​សង្គម​ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពេល​ច្បាប់​ស្តីពី​សំណង់​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ស្តីពី​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ឲ្យ​បាន​កាន់តែ​ជ្រួតជ្រាប​នៅក្នុង​ជួរ​មន្ត្រី​របស់​ក្រសួង រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អ្នក​វិជ្ជាជីវៈ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម និស្សិត និង​ប្រជាពលរដ្ឋ​»៕