ភ្នំពេញ៖ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន ព្រម​ទាំង​ម្ចាស់​អាជីវកម្ម​អន្តរជាតិ​នៅ​កម្ពុជា បាន​កៀរគរ​គ្នា​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​កម្ពុជា​ដែល​ជំហាន​ដំបូង​មាន​រថយន្ត FORD RANGER ចំនួន ២ គ្រឿង ព្រម​ទាំង​ឧបករណ៍ និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​បម្រើ​ដល់​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អ្នក​សម្របសម្រួល​ជាមួយ​តំណាង​សមាគម​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនួញ​បរទេស​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា ចង់​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ទើប​ពួក​គេ​នាំ​គ្នា​កៀរគរ​ប្រាក់ ដើម្បី​ផ្តល់​ជា​ជំនួយ​មនុស្ស​ធម៌​ជូន​ក្រសួងសុខាភិបាល​នូវ​អ្វី​ដែល​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​បម្រើ​ដល់​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ពេល​បច្ចុប្បន្ន។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ពួក​គេ​ជា​អ្នក​នៅ​ស្រុក​ខ្មែរ​រស់នៅ ធ្វើ​ការងារ និង​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ស្រលាញ់​ស្រុក​ខ្មែរ គេ​មាន​ចិត្ត​ចង់​ចូលរួម ជួយ​ដល់​រដ្ឋាភិបាល​ ទើប​កៀរគរ​គ្នា​ប្រមែប្រមូល ជួយ​បាន​ជំហាន​ដំបូង ដែល​មាន​កុំព្យូទ័រ​យួដៃ ម៉ាស៊ីន​ព្រីន និង​សម្ភារ​មួយ​ចំនួន​ដែល​ចាំបាច់​ដូច​ជា​ម៉ាស់ ទឹក​អាល់កុល​លាង​ដៃ និង​រថយន្ត FORD RANGER ដែល​នឹង​មក​ដល់​ឆាប់ៗ​នេះ»។

បើ​តាម​លោក លី ធុជ ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទាំង​នេះ មិនមែន​មាន​តែ​ក្រុមហ៊ុន​បរទេស​ធ្វើ​ការ​នៅ​កម្ពុជា​នោះ​ទេ​ ក៏​មាន​ក្រុមហ៊ុន​ឯកជន​ខ្មែរ​មួយ​ចំនួន​ទៀត បាន​ចូលរួម​ជួយ​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជាដើម។

លោក​បញ្ជាក់​ថា៖ «យើង​អរគុណ​គេ​ដែល​មិន​ត្រឹមតែ​មក​វិនិយោគ​នៅ​កម្ពុជា បង្កើត​ការងារ​ឲ្យ​កូន​ខ្មែរ​បាន​ធ្វើ​នោះ​ទេ ថែម​ទាំង​ជួយ​គាំទ្រ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ព្រម​ទាំង​ចូលរួម​ដល់​វិស័យ​មនុស្ស​ធម៌​នេះ​ផង​ដែរ។ យ៉ាងណា នេះ​ជា​វគ្គ​ដំបូង​ទេ ហើយ​នឹង​មាន​ប្រមែប្រមូល​ថែម​ជា​បន្តបន្ទាប់​ទៀត»។

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិម អេ ខេមបូឌា ថ្លែង​ថា ដោយ​មើល​ឃើញ​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្រុមហ៊ុន អ អិម អេ សូម​ប្រគល់​ជូន​នូវ​រថយន្តម៉ាក FORD RANGER ចំនួន ២ គ្រឿង ដែល​កែច្នៃ​ជា​រថយន្ត​ដឹក​វ៉ាក់សាំង ដល់​ក្រសួង​សុខាភិបាល ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវីដ ១៩ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​តាម​អនុសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បញ្ជាក់​ថា៖ «រថយន្ត​ទាំង ២ គ្រឿង​នេះ នឹង​មក​ដល់​ប្រទេស​កម្ពុជា មួយ​គ្រឿង​នៅ​ចុង​ខែ​មេសា និង​មួយ​គ្រឿង​ទៀត នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​នេះ។ ហេតុ​នេះ ខ្ញុំ​បាទ​សូម​គោរព​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដើម្បី​ឲ្យ​ក្រុមហ៊ុន​យើង​ខ្ញុំ​បាន​នាំចូល​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាង​លើ​ដោយ​រួច​ពន្ធអាករ»។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​អរគុណ​ដល់​ក្រុម​អ្នក​វិនិយោគទុន​នៅ​កម្ពុជា​ទាំង​អស់​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ចាត់ចែង​ខ្នះខ្នែង​ប្រមែប្រមូល​វត្ថុ​អំណោយ​មក​ប្រគល់​ជូន​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ហើយ​វត្ថុ​ទាំង​អស់​នេះ សុទ្ធ​តែ​ជា​សម្ភារៈ​ចាំបាច់​សម្រាប់​ក្រុម​ការងារ​គ្រូពេទ្យ​ដែល​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង​ផ្សេងៗ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ជឿជាក់​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ នឹង​រួម​ចំណែក​បន្ថែម​ទៀត​ដល់​កិច្ចការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បំពេញ​តម្រូវការ​ក្នុង​ដំណើរ​ទៅ​តាម​ខេត្ត។ តាមរយៈ​ការ​ចូលរួម​នេះ គឺ​បាន​បង្ហាញ​ច្បាស់​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​ថា​តែ​ប្រជាជន​កម្ពុជា​ទេ គឺ​មាន​ទាំង​អ្នក​វិនិយោគ​ទុន​ទាំង​ខ្មែរ​ទាំង​បរទេស គឺ​គាត់​បាន​រួម​សាមគ្គី​គ្នា ដើម្បី​ជួយ​ជ្រោមជ្រែង​ទៅ​ដល់​ការ​ឆ្លើយតប​វិធានការ និង​ការ​អនុវត្ត​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូវីដ ១៩»៕