ភ្នំពេញៈ តំណាងរាស្ត្រពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកាលពីម្សិលមិញ បានអនុម័តច្បាប់ទាក់ទងនឹងការបោះឆ្នោតដ៏ចម្រូងចម្រាស ដោយគ្មានការជជែកពិភាក្សាក្នុងអង្គប្រជុំសភាទេ។
តំណាងរាស្ត្រពីគណបក្សទាំងពីរបានបោះឆ្នោតដើម្បីអនុម័តវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ថ្មីដែលគ្រប់គ្រងលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បើទោះជាមានកិច្ចប្រឹងប្រែងចុងក្រោយពីអង្គការក្រៅរដ្ឋាភិបាលស្នើឲ្យលុបចោលនូវបញ្ញតិ្តដែលរឹតត្បិតខ្លាំងក៏ដោយ។
ច្បាប់ទាំងពីរត្រូវបានព្រាងឡើងដោយក្រុមការងារនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ អស់ពេលច្រើនខែដោយមានកិច្ចពិគ្រោះយោបល់តិចតួច បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយ កាលពី ខែកក្កដា ឆ្នាំ២០១៤។
ក្តីកង្វល់របស់អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការសិទិ្ធមនុស្សគឺទាក់ទងនឹងច្បាប់បោះឆ្នោត ដោយបានរិះគន់បញ្ញតិ្តដែលនឹងរឹតត្បិតលើសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងពេលបោះឆ្នោត ហើយដាក់ពិន័យធ្ងន់ធ្ងរលើអង្គការដែលចាត់ទុកថា បានប្រមាថលើគណបក្សឬអ្នកនយោបាយ។
ចំណុចជាកង្វល់ដទៃទៀត រួមទាំងបញ្ញតិ្តដែលនឹងអនុញ្ញាត ឲ្យគណបក្សបាត់បង់លក្ខណសម្បតិ្ត ដោយសារបទល្មើសដែលប្រព្រឹត្តដោយសមាជិក ហើយការពិតដែលទាហាន និងមន្ត្រីតុលាការ ត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការ។
តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ក្នុងនោះមានលោក កឹម សុខា អនុប្រធាន ដែលកំពុងនៅសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងសម័យប្រជុំនេះទេ។ តំណាងរាស្ត្រគណបក្សប្រជាជនយ៉ាងហោច ៦រូប បានអវត្តមានដែរ។
ច្បាប់ គ.ជ.ប ត្រូវបានអនុម័តដោយសំឡេងឯកច្ឆន្ទក្នុងសំឡេង ១០៣ ដែលមានវត្តមានក្នុងសម័យប្រជុំពេលព្រឹក ហើយច្បាប់បោះឆ្នោត ត្រូវបានអនុម័តដោយសំឡេង ១០១ នៅពេលរសៀលម្សិលមិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានកោតសរសើរក្រុមការងារកំណែទម្រង់ការបោះឆ្នោត ដែលបានព្រាងច្បាប់នេះក្នុងស្មារតីយោគយល់ និងសម្រុះសម្រួល។
លោកថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំសង្ឃឹមថា តំណាងរាស្ត្រ និងពលរដ្ឋខ្មែរទាំងអស់ ពិតជាទទួលស្គាល់សមិទ្ធផលនៃក្រុមការងារ»។
លោក សម រង្ស៊ី បន្ថែមថា ច្បាប់មិនត្រូវជជែកពិភាក្សាក្នុងរដ្ឋសភាទេ ព្រោះគណបក្សបានសម្រេចលើពាក្យពេចន៍រួចអស់ហើយ មុនសម័យប្រជុំ។
នៅពេលសួរថា តើហេតុអ្វីមាត្រាចម្រូងចម្រាសមិនត្រូវដកចេញតាមការស្នើសុំរបស់អង្គការក្រៅរដ្ឋាភិបាល? លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា លោកមិនពេញចិត្តច្បាប់នេះ ១០០ ភាគរយនោះទេ ប៉ុន្តែ គណបក្សរបស់លោកត្រូវតែធ្វើសម្បទាន។
លោក ហ៊ុន សែន មិនបានថ្លែងទៅកាន់អ្នកយកព័ត៌មានទេ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាប្រធានក្រុមការងារគណបក្សប្រជាជន បានថ្លែងថា ច្បាប់នឹងមានសារៈសំខាន់ក្នុងការធានាថា ការបោះឆ្នោតខាងមុខនឹងរៀបចំដោយមានប្រសិទ្ធភាព និងតម្លាភាព។
ការអនុម័តច្បាប់នេះគឺជាចំណុចបញ្ចប់មួយនៃយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិក្នុងការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត បន្ទាប់ពីមានវិវាទបោះឆ្នោតនា ឆ្នាំ២០១៣ ដែលគណបក្សទាំងពីរទទូចថា នឹងធានានូវការបោះឆ្នោតដោយភាពសេរី និងយុតិ្តធម៌ បើទោះជាអ្នកតាមដានអន្តរជាតិយល់ផ្ទុយក្តី។
ក្នុងពេល ២០ ខែ ចាប់ពីការបោះឆ្នោត យុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានប្តូរពីការបដិសេធលទ្ធផលការបោះឆ្នោត ការធ្វើពហិការមិនចូលរដ្ឋសភា និងការធ្វើបាតុកម្មដែលអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ មកចាប់ដៃគូធ្វើការជាមួយគ្នានឹងគណបក្សកាន់អំណាច។
ប៉ុន្តែ បើទោះជាមានវប្បធម៌សន្ទនាក៏ដោយ ក៏លោក ហ៊ុន សែន បានថ្លែងវាយប្រហារជាសាធារណៈមកលើគណបក្សប្រឆាំង ដែលនាំឲ្យមានការចោទថា គណបក្សសង្គ្រោះជាតិទន់ជ្រាយក្នុងការឆ្លើយតប។
ពីថ្ងៃពុធ លោក ហ៊ុន សែន បានជំរុញឲ្យតុលាការចាត់វិធានការប្រឆាំងនឹងលោក កឹម សុខា ព្រោះសំអាងថា គាត់បានសារភាពក្នុងសុន្ទរកថា នៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីសប្តាហ៍មុនថា លោកបានព្យាយាមផ្តួលរលំរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៣។
ក្នុងពេលសម្រាកប្រជុំលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានជួបគ្នាជាឯកជនពិភាក្សាពីករណីបន្តឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួន ៥ នាក់។
លោក សម រង្ស៊ី បដិសេធមិនធ្វើអត្ថាប្បាយអំពីការជជែកនោះទេ ប៉ុន្តែលោកនៅតែគាំទ្រវប្បធម៌នៃការសន្ទនារវាងគណបក្សទាំងពីរ ហើយសង្ឃឹមថា បញ្ហានយោបាយនឹងអាច «ដោះស្រាយបានសមស្របនិងទាន់ពេលវេលា»។
លោកថ្លែងបន្តថា៖ «ការសន្ទនាមានន័យថា ជាការគោរពគ្នាទៅវិញទៅមកនិងជាការដោះស្រាយបញ្ហាដោយមធ្យោបាយសន្តិវិធី។ នេះជាគោលការណ៍ដែលយើងត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់។ បើទោះជាអាចមានស្ថានភាពតានតឹង យើងត្រូវតែរក្សាស្មារតីនេះ និងវប្បធម៌នៃការសន្ទនា»។
អ្នកវិភាគលោក អ៊ូ វីរៈ បានថ្លែងកាលម្សិលមិញថា ខណៈលោក ហ៊ុន សែន បានជួបបញ្ហាដោយសារមហាចលនាបាតុកម្មប្រឆាំងរូបលោកកាល ឆ្នាំ២០១៣ ឥឡូវនេះលោកទំនងជាវិលមករកស្ថានភាពរឹងមាំលើអាសនៈរបស់លោក។
លោកបន្តថា៖ «គាត់បានត្រឡប់មកស្ថានភាពដើមរបស់គាត់វិញ ទំនុកចិត្តវិញ ហើយគាត់អាចធ្វើឲ្យគណបក្សប្រឆាំងស្ថិតនៅទីតាំងដែលគាត់ចង់ឲ្យស្ថិតនៅ»។
លោក អ៊ូ វីរៈ បន្តថា គណបក្សសង្គ្រោះជាតិ ត្រូវបានស្ថិតនៅក្នុងយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ចាប់តាំងពីពួកគេសន្យាចូលធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែ លោក សឺន ស៊ូប៊ែរិ៍្ត អ្នកសង្កេតការណ៍នយោបាយជើងចាស់និងជាទីប្រឹក្សាព្រះមហាក្សត្រថ្លែងថា ការពិតដែលបក្សប្រឆាំងនិងបក្សកាន់អំណាចបន្តជជែកគ្នា បើទោះជាមានការផ្ទុះសម្តីយូរៗម្តង ពីលោក ហ៊ុន សែន ក៏នេះជាសញ្ញានៃភាពចាស់ទុំនយោបាយប្រសើរឡើងរបស់កម្ពុជា។
លោកថ្លែងថា គណបក្សសង្គ្រោះជាតិ ទំនងជាកំពុងយកវិធីសាស្ត្រស្ថានភាពជាក់ស្តែង ដើម្បីសម្រេចឲ្យមានការផ្លាស់ប្តូរបន្តិចម្តង។
លោកបន្តថា៖ «នៅពេលអ្នកប្រយុទ្ធនឹងគណបក្សនយោបាយធំដូចជាគណបក្សប្រជាជនកម្ពុជា អ្នកមិនអាចទទួលបានអ្វីៗភ្លាមទេ»។
ខណៈលោកយល់អំពីការខកចិត្តរបស់អ្នកគាំទ្រគណបក្សប្រឆាំង ដែលចង់ឲ្យមានកំណែទម្រង់ខ្លាំងក្លាតាមរយៈសមត្ថភាពរបស់គណបក្សនេះលោកមិនជឿថា ការធ្វើបាតុកម្មតាមផ្លូវនឹងនាំឲ្យមានវឌ្ឍនភាពនិងប្រជាធិបតេយ្យប្រសើរឡើងទេ។
លោកបន្តថា៖ «នៅពេលអ្នកចង់ឲ្យមានវឌ្ឍនភាពនោះ អ្នកត្រូវតែបញ្ចុះបញ្ចូលសត្រូវអ្នកឲ្យឃើញអំពីអត្ថប្រយោជន៍ប្រជាជននិងប្រយោជន៍ជាតិជាធំ...មិនមែនគិតតែប្រឈមដាក់គ្នាទេ»៕