The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សភា​អនុម័ត​ច្បាប់​ស្តីពី​ គណបក្ស​នយោបាយ​ដែល​មាន​ភាព​ចម្រូង​ចម្រាស




សភា​អនុម័ត​ច្បាប់​ស្តីពី​ គណបក្ស​នយោបាយ​ដែល​មាន​ភាព​ចម្រូង​ចម្រាស

Content image - Phnom Penh Post
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សំណះ​សំណាល​ជាមួយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​។ ផា លីណា

សភា​អនុម័ត​ច្បាប់​ស្តីពី​ គណបក្ស​នយោបាយ​ដែល​មាន​ភាព​ចម្រូង​ចម្រាស

ភ្នំពេញៈ បន្ទាប់ពី​ការ​ជជែក​ពិភាក្សា​ប្រហែល​តែ​​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ​​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន ៦៦ រូប​​​ក្នុង​ចំណោម ​៦៨ ​រូប​បាន​​អនុម័ត​​សំណើ​ធ្វើ​​វិសោធនកម្ម​​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​មាន​ភាព​​ចម្រូង​ចម្រាស ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ការ​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ដែល​បាន​ធ្វើ​ពហិការ​ និង​គណបក្ស​ផ្សេង​ទៀត​​ចាត់ទុក​ថា​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ និង​ដើរ​ខុស​ពី​គន្លង​ប្រជាធិបតេយ្យ។

ការ​សម្រេច​អនុម័ត​វិសោធនកម្ម​​សំណើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​​គឺ​ដើម្បី​រំលាយ​​គណបក្ស​នយោបាយ​ ឬ​ហាម​ឃាត់​អ្នក​នយោបាយ​មិន​ឲ្យ​ធ្វើ​ជា​​ប្រធាន​គណបក្ស​​ បន្ទាប់ពី​​ប្រធាន​​ ឬ​អនុប្រធាន​គណបក្ស​ណា​មួយ​ត្រូវ​បាន​​ផ្តន្ទាទោស​ដោយ​​​តុលាការ​។ ​

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ​​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល់​​ជាមួយ​គណបក្ស​ប្រជាជន​មួយ​នេះ​កំពុង​តែ​ប្រឈម​នឹង​រឿង​ក្តីក្តាំ​ជាច្រើន​នៅ​តុលាការ។

លោក​ ហ៊ុន សែន ​ដែល​​បាន​ចូលរួម​សម័យ​ប្រជុំ​​ពេញអង្គ​​​​រដ្ឋសភា​​កាលពី​ម្សិលមិញ​​បាន​ថ្លែង​ថា​​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​តែ​​ពីរ​បី​នាក់​ប៉ុណ្ណោះ​​ដែល​ថ្លែង​អំពី​គុណសម្បត្តិ​នៃ​ច្បាប់​នេះ​ដើម្បី​ការពារ​ការ​ធ្វើ​វិសោធនកម្ម​​នៃ​ច្បាប់​នេះ​។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​​ចេញ​រួច​​​ និង​ចូល​ជា​​ធរមាន​នៅ​ពេល​គណបក្ស​នយោបាយ​​មាន​បញ្ហា​​ច្បាប់​នេះ​​នឹង​ត្រូវ​ប្រើ​​ដើម្បី​អនុវត្ត​ទៅ​លើ​គណបក្ស​នយោបាយ​នោះ​​​ដោយ​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​កំពូល​​ដើម្បី​សម្រេច​​ និង​ចាត់ការ​​ទៅ​លើ​គណបក្ស​​នោះ។

ឆ្លើយតប​​នឹង​ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​បាន​ធ្វើ​ពហិការ​បាន​​​ថ្លែង​ថា​ការ​ទៅ​រដ្ឋសភា​អនុម័ត​ច្បាប់​ណា​មួយ​​ដែល​​​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​គឺជា​ការ​​​ផ្តល់​ភាព​ស្រប​ច្បាប់​ទៅ​ឲ្យ​គម្រោង​​ដែល​ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រជាជន​​​។

លោកស្រី ថ្លែង​ថា​៖ «យើង​មិន​អាច​ផ្តល់​ភាព​ស្រប​ច្បាប់​​ដល់​ដំណើរការ​មួយ​ដែល​បំពាន​ឆន្ទៈ​​របស់​ប្រជាពលរដ្ឋ​​ទេ​។ ​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​​ទាំង​នេះ​គឺ​មាន​​កម្រិត​ណាស់​ហើយ​​​ភាគ​ច្រើន​បំផុត​គាំទ្រ​​គណបក្ស​កាន់​អំណាច​»។

អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រជាធិបតេយ្យ​​​មូលដ្ឋាន​លោក សម អ៊ិន បាន​​ថ្លែង​ថា​គណបក្ស​ប្រជាធិបតេយ្យ​​​មូលដ្ឋាន​​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​នេះ​​ទេ ដោយ​ថ្លែង​ថា​អត្ថន័យ​នៃ​ច្បាប់​ថ្មី​នេះ​គឺ​ផ្ទុយ​នឹង​ស្មារតី​​នៃ​រដ្ឋធម្មនុញ្ញ​​កម្ពុជា​​ដែល​តម្រូវ​ឲ្យ​កម្ពុជា​គោរព​​​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ​​ហើយ​​​​ស្មារតី​​រដ្ឋធម្មនុញ្ញ​ចង់​ឲ្យ​មាន​​ច្បាប់​គណបក្ស​នយោបាយ​​​ដែល​ជួយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ឲ្យ​​​ចូលរួម​នយោបាយ​​ និង​បង្កើត​គណបក្ស​នយោបាយ​​ដើម្បី​​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ និង​យុត្តិធម៌​​។ «​ដូច្នេះ​ច្បាប់​ថ្មី​នេះ​វា​ហាក់បី​​ដូចជា​ផ្តល់​​​សិទ្ធិ​​ធំ​ដល់​ក្រសួង​មហាផ្ទៃ​ដែល​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​ឲ្យ​តុលាការ​​ដែល​រង​ឥទ្ធិពល​​ខ្លាំង​ណាស់​​ពី​​អ្នក​នយោបាយ​​ដើម្បី​រារាំង​សកម្មភាព​នយោបាយ​​​ ឬ​​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​»។

ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​លោក សួន សេរីរដ្ឋា បាន​សម្តែង​ក្តីបារម្ភ​អំពី​ការ​ធ្វើ​វិសោធនកម្ម​​​​មាត្រា​ ៤ មាត្រា​ ៣៨ និង​មាត្រា ៤៤ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ដោយ​​ថ្លែង​​ថា​ក្រសួង​មហាផ្ទៃ​​ដែល​ធ្វើ​អ្វីៗ​ទៅ​តាម​​តែ​គណបក្ស​ប្រជាជន​អាច​បញ្ជូន​ករណី​​​​របស់​គណបក្ស​ណា​មួយ​ទៅ​តុលាការ​កំពូល​ ប្រសិន​បើ​​គណបក្ស​​ប្រជាជន​ចង់​រំលាយ​គណបក្ស​នោះ។

លោក​បញ្ជាក់​ថា ​ការ​រំលាយ​គណបក្ស​ណា​មួយ​វា​គួរ​តែ​អាស្រ័យ​ទៅ​លើ​សមាជ​​ និង​នយោបាយ​ផ្ទៃក្នុង​របស់​គណបក្ស​នោះ​។ «​​វា​រារាំង​សិទ្ធិ​នយោបាយ​​របស់​គណបក្ស​នយោបាយ​។ ​នៅ​ក្នុង​មាត្រា​ ៦ ពួកគេ​​ប្រើប្រាស់​ពាក្យ​មួយ​ចំនួន​ដែល​​ជា​ធម្មតា​រដ្ឋាភិបាល​កម្ពុជា​ប្រើ​​​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​​ព្រហ្មទណ្ឌ​​ទៅ​លើ​អ្នក​នយោបាយ​ណា​មួយ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»។ «​រាល់​គណបក្ស​នយោបាយ​​ទាំងអស់​ដែល​​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​​​នេះ​​គួរ​មក​​​​ជួបជុំ​គ្នា​ជា​ចលនា​តែ​មួយ​ដើម្បី​​កែប្រែ​ច្បាប់​នេះ​។ រដ្ឋាភិបាល​នេះ​មិន​កំពុង​ដើរ​​លើ​ផ្លូវ​ទៅ​រក​ប្រជាធិបតេយ្យ​ទេ​គឺ​កំពុង​ដើរ​លើ​​​ផ្លូវ​ទៅ​រក​ភាព​ផ្តាច់ការ​»​។

ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​លោក ប៊ិន ឈិន បាន​លើក​នូវ​សំណួរ​មួយ​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​​ថា​ប្រសិន​បើ​ប្រធាន និង​អនុប្រធាន​គណបក្ស​បាត់បង់​​តំណែង​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​តើ​គណបក្ស​​នោះ​អាច​ប្រើ​​​លក្ខន្តិកៈ​​របស់​គណបក្ស​​ដើម្បី​រៀបចំ​គណបក្ស​​​របស់​ខ្លួន​បាន​ឬ​អត់?

លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​​ និង​ជា​ប្រធាន​​ក្រុម​តំណាងរាស្រ្ត​ ៦០ ​​​រូប​​របស់​គណបក្ស​ប្រជាជន​ដែល​ស្នើ​​ឲ្យ​មាន​​វិសោធនកម្ម​​ច្បាប់​​នេះ​​ទៅ​តាម​សំណើ​របស់​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​​ប្រសិន​បើ​ច្បាប់​នេះ​​ត្រូវ​ចេញ​ និង​ចូល​ជា​ធរមាន​គណបក្ស​ដែល​មាន​បញ្ហា​​គឺ​ចាំបាច់ [យើង​]​ត្រូវ​អនុវត្ត​ទៅ​តាម​អត្ថន័យ​​នៃ​ច្បាប់​នេះ​ជា​ដាច់ខាត​»។ ​

លោក វុន ថ្លែង​ថា​លក្ខន្តិកៈ​​​របស់​គណបក្ស​មិន​មែន​ជា​ច្បាប់​ទេ​ ​មិន​អាច​ប្រើ​​​​សង្កត់​ទៅ​លើ​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​​បាន​ឡើយ​​។ ​​

លោក វុន ​បន្ត​ថា​៖ «​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​គឺ​សំខាន់​​ណាស់។ ​ស្ថាប័ន​មួយ​ចំនួន​យល់​ថា​នៅ​ពេល​យើង​ធ្វើ​ច្បាប់​នេះ​ធ្វើឲ្យ​[ ជាតិ​] បែកបាក់​។ ទេ [​យើង​] ​​​ធ្វើ​ច្បាប់​​គឺ​ដើម្បី​​ធ្វើ​ឲ្យ​​អ្នក​ទាំងអស់​គ្នា​គោរព​ច្បាប់​​​ដើម្បី​មិន​ឲ្យ​មាន​​ការ​បែកបាក់​ ​មិន​ធ្វើ​ឲ្យ [​ជាតិ​] បែកបាក់​។ ​នេះ​ជា​ការ​យល់​ច្រឡំ​ធំ​ណាស់​»។

អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​បន្ទាប់ពី​​ការ​ប្រជុំ​សភា​ថា​មាន​មាត្រា​​តែ​ពីរ​ប៉ុណ្ណោះ ​ត្រូវ​បាន​អនុម័ត​បន្ទាន់​​នៅ​ក្នុង​សម័យ​ប្រជុំ​ ​និង​មាន​មាត្រា​ចំនួន​ ២២ ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ប៉ុន្តែ​​មាត្រា​ទាំងអស់​គឺ​​ត្រូវ​បាន​ចែង​នៅ​ក្នុង​​មួយ​​មាត្រា​ដើម្បី​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​នេះ​។ ​

លោក​បន្ថែម​ថា​ នៅ​ក្នុង​​ច្បាប់​​គណបក្ស​​​នយោបាយ​ចាស់​នៅ​​ពេល​មាន​​​ជម្លោះ​គណបក្ស​នយោបាយ បញ្ហា​ទាំងអស់​​ត្រូវ​បាន​បញ្ជូន​ទៅ​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​សម្រេច​ ​ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​បញ្ហា​ទាំងអស់​ដែល​កើតឡើង​​ពី​ជម្លោះ​គណបក្ស​នឹង​ត្រូវ​​បញ្ជូន​​ទៅ​​​តុលាការ​កំពូល​​ដើម្បី​សម្រេច។

លោក ប៉េងឡុង បន្ត​ថា​៖ «​​គោលបំណង​សំខាន់​នៃ​ច្បាប់​នេះ​​គឺ​ដើម្បី​​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​​របស់​យើង​មាន​លក្ខណៈ​​ត្រឹមត្រូវ​​​​។ ​សំណើ​ច្បាប់​​នេះ​គឺ​ធ្វើ​ឡើង​ត្រឹមត្រូវ​ទៅ​តាម​ប្រជាធិបតេយ្យ​ដើម្បី​អនុវត្ត​​សម្រាប់​ទាំងអស់​គ្នា​។ ​​រាល់​ប្រទេស​ទាំងអស់​​ពួកគេ​ធ្វើ​ដូច​នេះ​មិនមែន​តែ​កម្ពុជា​ទេ​»​។

«​គ្រប់​ប្រទេស​ទាំងអស់​គណបក្ស​សំឡេង​ភាគច្រើន​គឺជា​​អ្នក​អនុម័ត​​ច្បាប់​។ ​នៅ​អាមេរិក​ គណបក្ស​របស់​អ្នក​ណា​ឈ្នះ​គាត់​ធ្វើ​ច្បាប់​ប្រទេស​​ប្រជាធិបតេយ្យ​គឺ ដូច​នេះ​»។

លោក ប៉េងឡុង បន្ថែម​ថា​នៅ​ពេល​គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​​​គណបក្ស​នោះ​មាន​សិទ្ធិ​​​រំលាយ​ច្បាប់​នេះ​ហើយ​ធ្វើ​ច្បាប់​ថ្មី​មួយ​ទៀត៕ PS

អត្ថបទគួរចាប់អារម្មណ៍