ភ្នំពេញៈ សភា​អឺរ៉ុប​លើក​យក​ករណី​លោក​ កឹម ​សុខា ​មក​ពិភាក្សា​​ និង​សម្រេច​នា​ថ្ងៃ​នេះ​ ខណៈ​ដែល​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) ​បាន​ឆ្លើយតប​ទៅ​នឹង​មន្ត្រី​នៃ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ថា រឿង​ដោះ​លែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​អ្នក​ជាប់​ឃុំថ្មីៗ​នេះ​គឺ​ផ្អែក​លើ​កិច្ចមនុស្សធម៌ ​និង​ជា​ការអនុវត្ត​នីតិរដ្ឋ​។

តាម​សំណើ​ដែល​សភាអឺរ៉ុប​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា​ក្រុម​សមាជិក​សភា​អឺរ៉ុប​បាន​លើក​ឡើង​នូវ​សេចក្តី​យោង និង​សំអាង​ហេតុ​​មួយ​ចំនួន​ដែល​រួម​មាន​ការ​ទទួល​បាន​ជ័យជម្នះ​ ១០០ ​ភាគរយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ការ​ចាប់​ខ្លួន​ និង​ចោទប្រកាន់​លោក កឹម សុខា ការពន្យារ​ការ​ឃុំ​ខ្លួន​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ​ក្រោយ​មាន​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ការ​បិទ​សារព័ត៌មាន​ឯករាជ្យ​និង​រឹតបន្តឹង​សេរីភាព​លើ​បណ្ដាញ​សង្គម​ ការ​រឹតបន្តឹង​ការជួបជុំ​របស់​សហជីព ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​តាម​ប្រព័ន្ធ GSP និង​ EBA ជា​ដើម។

ដោយ​ផ្អែក​លើ​សំអាង​ហេតុ​នេះ​ក្រុម​សមាជិក​សភាអឺរ៉ុប​បាន​សុំ​ការ​សម្រេច​ពី​សភា​អឺរ៉ុប​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដែល​រួមមាន ការ​បង្ហាញ​ក្តីបារម្ភ​អំពី​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ ទម្លាក់​បទចោទ​ប្រកាន់​លើ​លោក កឹម សុខា បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សង្គម​ស៊ីវិល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​លើ​ក្រុម​ប្រឆាំង ​និង​ធ្វើឲ្យ​មាន​កិច្ចសន្ទនា​ជាមួយ​ក្រុម​ប្រឆាំង ធានា​នូវ​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​ និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ជំរុញ​ឲ្យ​មាន​ការ​បន្ត​ស៊ើប​អង្កេត​អំពី​ការរំលោភ​ដីធ្លី​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​បេសកកម្ម​ស្វែងរក​ការពិត​រាយការណ៍​ពី​ការ​រកឃើញ​របស់​ខ្លួន​ទៅ​កាន់​សភា​អឺរ៉ុប និង​ស្នើឲ្យ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ប្រសិន​​បើ​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស។

លើស​ពី​នេះ​ទៀត​ក៏​មាន​ការ​ស្នើ​ឲ្យ​សេវាកម្ម​ការងារ​ក្រៅ​ប្រទេស​របស់​អឺរ៉ុប (EEAS) និង​គណៈកម្មការ​អឺរ៉ុប​ «ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​រួម​ទាំង​មន្ត្រី​ដែល​ស្ថិត​ក្នុង​បញ្ជី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ​​ ២០១៨»។

សំណើ​នេះ​ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់​ក្នុង​ការ​ដាក់​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ (OHCHR) ដែល​នឹង​ត្រូវ​អស់​សុពលភាព​នៅ​ចុង​ខែ​ធ្នូ​ខាង​មុខ​។

ប៉ុន្តែ​លោក ណី សំអុល ឯកអគ្គ​រាជទូត​តំណាង​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ អ.ស.ប ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៣៩ ថ្ងៃ​ទី ១១ កញ្ញា របស់ អ.ស.ប នាទី​ក្រុង​ហ្សឺណែវ ​លោក​ក៏​បាន​ពន្យល់​អំពី​ស្ថានភាព​កម្ពុជា ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ថា​ ជា​ការអនុវត្ត​ក្រោម​លក្ខខណ្ឌ​របស់​តុលាការ ​និង​ស្រប​តាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ ស្រប​ពេល​នោះ​ដែរ​លោក​បាន​ប្រតិកម្ម​តប​ទៅ​នឹង​លោកស្រី​ Michelle Bachelet ឧត្តមស្នងការ អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី ​ដែល​និយាយ​​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដោយ​លោកស្រី​បាន​ស្នើឲ្យ​ដោះលែង ​និង​ទម្លាក់​បទ​ចោទប្រកាន់​លើ​អ្នក​នយោបាយ​ទាំងអស់​។

លោក​ថ្លែង​ថា៖ «ហេតុ​ដូច្នេះ​ហើយ​​ការដោះលែង​លោក កឹម សុខា កាលពី​ម្សិលមិញ (១០ កញ្ញា) ​ក្រោម​លក្ខខណ្ឌ​តុលាការ​​គឺ​ធ្វើ​ទ្បើង​ដោយ​ផ្អែក​លើ​កិច្ចមនុស្សធម៌​ដោយ​ស្រប​តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​ ហើយ​ការដោះលែង​អ្នក​ជាប់​ឃុំ​ និង​អ្នក​ទោស​ថ្មីៗ​នេះ​គឺជា​ការ​អនុវត្ត​នីតិរដ្ឋ​ ដែល​ជា​កាតព្វកិច្ច​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ និង​រដ្ឋ​ទាំងអស់​ដែល​មាន​មោទនភាព​ថា​ខ្លួន​ជា​អ្នក​ប្រកាន់​នីតិរដ្ឋ»។

លោកស្រី Michelle Bachelet ​ដែល​បាន​និយាយ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​លោក​ កឹម សុខា អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នកកាសែត និង​សមាជិក​គណបក្ស​ប្រឆាំង​។ ជាមួយ​គ្នា​នេះ​លោកស្រី​ស្នើឲ្យ​ដោះលែង​ និង​ទម្លាក់​បទ​ចោទ​លើ​អ្នក​នយោបាយ​ទាំងអស់ ឬ​ពលរដ្ឋ​សាមញ្ញ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ។

អង្គការ​សហប្រជាជាតិ​ និង​​ប្រទេស​លោក​ខាង​លិច​ក៏​បាន​ស្វាគមន៍​ការ​ដោះលែង​លោក​ កឹម សុខា ដោយ​ថា​វា​ជា​ជំហាន​នៃ​ទិសដៅ​មួយ​ដ៏ត្រឹមត្រូវ។ ​ពួកគេ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទចោទ​លើ​លោក កឹម សុខា ទាំង​ស្រុង។

លោកស្រី Barbel Kofler​ ប្រតិភូ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ថ្លែង​ថា​៖ «ខ្ញុំ​សូម​ស្វាគមន៍​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​ទៅ​លើ​លោក កឹម សុខា​...។ វា​ជា​ជំហាន​ទី ១ ​នៃ​ទិសដៅ​ដ៏ត្រឹមត្រូវ។ ការ​ទម្លាក់​បទចោទ​ដែល​គ្មាន​មូលដ្ឋាន​ទាំងអស់​ និង​ដក​ការរឹតត្បិត​ទាំងអស់​គឺជា​ជំហាន​បន្ទាប់។ ចូរ​យើង​នាំ​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌​មាន ​និង​ត្រឡប់​ក្រោយ​លើ​លម្ហ​ស៊ីវិល​ដែល​កំពុង​ធ្លាក់​ចុះ»។

ស្ថានទូត​ស៊ុយអែត​ក៏​បាន​ស្វាគមន៍​ដែរ​ហើយ​ថា វា​ជា​ចំណុច​ឆ្ពោះ​ទៅ​រក​ការ​ទម្លាក់​បទចោទ​ និង​ដក​ការ​រឹតត្បិត​លើ​លោក កឹម សុខា​។

«ការ​ដោះលែង​លោក​ កឹម សុខា គឺជា​ផ្នែក​មួយ​នៃ​ជំហាន​វិជ្ជមាន​ដែល​ត្រូវ​បាន​ធ្វើ​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង ​និង​សកម្មជន​ដែល​យើង​សង្ឃឹម​ថា​នឹង​បន្ត​ដើម្បី​ធានា​បាន​ថា ការ​ប្រឆាំង​ផ្នែក​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សង្គម​ស៊ីវិល​អាច​អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​សេរី»។

លោក ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា ការ​ដោះលែង​លោក​ កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​គឺជា​ការ​អនុវត្ត​ដំណើរការ​នីតិវិធី​របស់​តុលាការ​។ វា​មិនមែន​ដូច​ការ​លើក​ឡើង​ថា​ជា​ជំហាន​ត្រឹមត្រូវ ឬ​ដោយសារ​សម្ពាធ​អន្តរជាតិ​ទេ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទេ ការ​ស្នើសុំ​ឲ្យ​ទម្លាក់​បទចោទ​អីនោះ ក៏​វា​រឹត​តែ​មិន​អាច​ទៅ​រួច​ទៀត​ហើយ​ពីព្រោះ​នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ដោយ​ផ្អែក​លើ​ទឡ្ហីករណ៍​ សាក្សី​ ភ័ស្តុតាង ​និង​មូលដ្ឋាន​ផ្លូវ​ច្បាប់​គ្រប់គ្រាន់»។

លោក​បញ្ជាក់​ថា៖ «ចៅក្រម​ស៊ើបសួរ​ត្រូវ​ស៊ើបសួរ​បន្ថែម​ស៊ើប​ទាំង​ដាក់​បន្ទុក ស៊ើប​ទាំងដោះ​បន្ទុក ប្រសិន​បើ​គាត់​ស៊ើប​ទៅ​ឃើញ​ថា​ មិន​មាន​ទឡ្ហីករណ៍ ​ភ័ស្តុតាង​ សាក្សី តាម​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទេ ​ចៅក្រម​ស៊ើបសួរ​អាច​ចេញ​សេចក្តី​សម្រេច​លើកលែង​ការ​ចោទប្រកាន់​នោះ​បាន​ ហើយ​ព្រះរាជអាជ្ញា​អ្នក​ចោទ​អាច​ប្តឹង​ឧទ្ធរណ៍​ទៀត​បាន បើ​មិន​សុខ​ចិត្ត»។

លោក​ថា​៖ ​«បើ​សិន​អន្តរជាតិ​ចង់​ជួយ​លោក កឹម​ សុខា​ គឺ​មាន​តែ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​ទេ​ផ្តល់​សក្ខីកម្មទឡ្ហីករណ៍​ភ័ស្តុតាង​ថ្មី​ដែល​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ​ដើម្បី​ការពារ​គាត់​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​អាហ្នឹង​ទើប​ជា​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ និង​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា»​៕