ភ្នំពេញៈ សភាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញានេះដែលប្រធានបទនៃកិច្ចប្រជុំគឺពិភាក្សា អំពីកម្ពុជាដោយផ្តោតទៅលើការ ចាប់ឃុំខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ការចាប់ឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង នៅអ៊ូហ្គង់ដា និងការកាត់ទោសអ្នកសារព័ត៌មានរ៉យទ័រ ២ នាក់នៅប្រទេសមីយ៉ាន់ម៉ា។
នេះបើយោងតាមការលើកឡើងរបស់សភាអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃទី ៦ ខែកញ្ញាដោយបានបញ្ជាក់ថា ដំណោះស្រាយមិនមែននីតិប្បញ្ញត្តិនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃដដែលនោះ។
មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជាងមួយឆ្នាំមកហើយគឺគិតចាប់តាំងពីថ្ងៃចាប់ខ្លួន ទី ៣ ខែកញ្ញាឆ្នាំ ២០១៧មក ក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ»ដ៏ចម្រូងចម្រាស។ តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំលើកទី ៥ របស់គាត់ កាលពីខែមុន។
បណ្តាប្រទេសលោកខាងលិចជាច្រើន និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានាបានទាមទារជាដដែលៗឱ្យដោះលែងលោក កឹមសុខា ហើយបានហៅការចាប់ឃុំខ្លួននោះថាធ្វើតាម «អំពើចិត្ត»។
សហភាពអឺរ៉ុបក៏កំពុងពិនិត្យ ឡើងវិញនូវ«ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ EBA)» ចំពោះប្រទេសកម្ពុជា ដោយបានអំពាវនាវឱ្យដោះលែងលោកកឹម សុខា និងស្ដារសិទ្ធិនយោបាយរបស់គណបក្សសង្គ្រោះជាតិឡើងវិញដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីចុងឆ្នាំមុន។
ជាមួយគ្នាផងដែរ នៅចុងខែនេះក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏នឹងបើកកិច្ចប្រជុំលើកទី ៣៩ របស់ ខ្លួនចាប់ពីថ្ងៃ ទី ១០ ដល់ថ្ងៃទី ២៨ ខែកញ្ញា ហើយចំពោះស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជាក៏នឹងត្រូវលើកយកទៅពិភាក្សានៅថ្ងៃទី ២៦ខែកញ្ញា។ នេះបើយោងតាម របៀបវារៈបណ្តោះអាសន្នរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ UNHRC។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានថ្លែងថា មិនថាការសម្រេចចិត្តបែបណានោះទេប្រទេសកម្ពុជានឹងមិនស្តាប់បង្គាប់នរណាម្នាក់ឡើយពីព្រោះកម្ពុជាជារដ្ឋឯករាជ្យ ហើយពន្ធអនុគ្រោះ EBA នឹងបញ្ចប់ដោយខ្លួនឯង។
លោកបញ្ជាក់ថា៖«យើងដឹងខ្លួនយើងហើយថាពន្ធអនុគ្រោះ EBA នឹងបញ្ចប់ដោយផ្អែកលើកំណើនសេដ្ឋកិច្ចកម្ពុជា។ វាមិនអាចចៀសវាងបានទេថា វានឹងត្រូវឈានដល់កម្រិតទី ១ ហើយទី ២ និងកម្រិតទី ៣ នឹងនៅតែមានដោយមានពន្ធទាបតិចតួច»។
ប៉ុន្តែលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា លោកស្រីរំពឹងថានឹងមានការលើកឡើងខ្លាំងៗ ពីសហភាពអឺរ៉ុប និងអង្គការ UNHRC។
លោកស្រីថ្លែងថា៖ «ការស្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយចំពោះសហភាពអឺរ៉ុប និងអង្គការ UNHRC ហើយនឹងមានការលើកឡើងធ្ងន់ៗឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងផ្លូវមួយដ៏លំបាក នៅខែក្រោយនៅឯសហភាពអឺរ៉ុប និងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយដំណោះស្រាយទំនងអាចមានការចេញសេចក្តីថ្លែងការណ៍រួម និងអន្តរាគមន៍របស់រដ្ឋាភិបាលបរទេស ចំពោះការរំលោភសិទ្ធិមនុស្សរបស់ទីក្រុងភ្នំពេញ និងការចោទប្រកាន់កាលពីពេលថ្មីៗនេះ ចំពោះការបោះឆ្នោតថា «ក្លែងក្លាយមិនសេរី និងមិនយុត្តិធម៌»។
លោកបន្តថា៖«សភាអឺរ៉ុបក៏ទំនងនឹងមានដំណោះស្រាយឆ្លើយតបដ៏ខ្លាំងក្លាមួយដែលអាចជះឥទ្ធិពលខ្លាំង ទៅលើការធ្វើសេចក្តីសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ថាតើត្រូវចាប់ផ្ដើមពិនិត្យឡើងវិញជាផ្លូវការ ដើម្បីដកហូតផលប្រយោជន៍ពាណិជ្ជកម្មរបស់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធឬយ៉ាងណា? កិច្ចខិតខំប្រឹងប្រែងនេះ ក៏អាចនឹងទទួលបានដំណោះស្រាយផងដែរ ដើម្បីប្រឆាំងនឹងកម្ពុជានៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស»។
លោក Robertson ថ្លែងថា ក្រុមអ្នកការទូតបរទេសទាំងនៅក្នុងទីក្រុងប្រ៊ុចសែល និងទីក្រុងហ្សឺណែវ មិនជឿអំពីការលើកឡើងរបស់កម្ពុជាអំពីរឿងបដិវត្តន៍ពណ៌នោះទេ៕ NS