ភ្នំពេញៈ ប្រធានរដ្ឋសភាមិនព្រមបញ្ជូនលិខិតទៅក្រសួងរ៉ែ និងថាមពលដែលស្នើសុំបំភ្លឺពីបញ្ហាខ្សាច់ដោយតំណាងរាស្ត្របក្សប្រឆាំងនោះទេ ខណៈការដ្ឋានលាងខ្សាច់នៅខេត្តកោះកុងមិនទាន់រុះរើក្រោយមានបម្រាមមិនឲ្យធ្វើសកម្មភាពក្នុងតំបន់ក្រហម។
ប្រជាសហគមន៍នេសាទកោះក្រឡៅ និងអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ការដ្ឋានលាងខ្សាច់នៅកោះស្មាច់ក្នុងដែនជម្រកសត្វព្រៃតាតៃក្នុងឃុំតាតៃក្រោមមិនទាន់រុះរើទៅកន្លែងផ្សេងទេ បើទោះបីជាក្រសួងរ៉ែ និងថាមពលហាមឃាត់ប្រមាណ ៣ សប្តាហ៍មកហើយក្ដី។
លោក សុះ ណារ៉ា ប្រជាសហគមន៍នេសាទកោះស្រឡៅបានថ្លែងពីម្សិលមិញថា៖ «យើងទៅមើលការដ្ឋាននោះឃើញថាគេមិនទាន់រុះរើចេញទៅកន្លែងផ្សេងនៅឡើយទេ។ កន្លែងលាងខ្សាច់ហ្នឹងធ្វើរួចហើយ។ អ៊ីចឹងទំនងជាគេមិនដកចេញស្រួលៗនោះទេ»។
លោកបន្តថាលោកធ្លាប់បានជួបជនជាតិចិនម្នាក់នៅទីនោះ ហើយគេថាក្រុមហ៊ុនចំណាយលុយច្រើនណាស់ដើម្បីសង់ការដ្ឋាននោះ។
ប៉ុន្តែលោកថាស្រឡាងធំៗ និងសកម្មភាពបូម និងលាងខ្សាច់មិនឃើញទេគឺឃើញតែកម្មករ ២-៣ នាក់ ប៉ុណ្ណោះ តែលោកថាសហគមន៍កំពុងតាមដានបន្តទៀត។
លោក សុះ ណារ៉ា បន្តថា៖ «បើការដ្ឋានមិនត្រូវដកចេញទេ យើងនៅតែបារម្ភព្រោះគេអាចលួចធ្វើពេលយប់។ ពេលលាងទៅវាប៉ះពាល់ដល់ការនេសាទ។ តែសហគមន៍មិនហ៊ានទៅឃាត់គេទេ»។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូខេត្តកោះកុងដែលតាមដានរឿងនោះដែរបានថ្លែងថា បើទោះជាមិនឃើញសកម្មភាពបូមខ្សាច់នៅព្រែកតាតៃក្ដីក៏លោកឃើញគំនរខ្សាច់ដែលទំនងជាគេដឹកពីកន្លែងផ្សេងមកទុកលាងនៅទីនោះ។
លោកថា៖ «សហគមន៍បារម្ភខ្លាចគេបង្ហូរជាតិគីមីលើពួកគាត់នៅខាងក្រោមខ្សែទឹកហើយនេសាទអត់បាន ព្រោះត្រីគេចទៅតំបន់ផ្សេង»។
ក្រុមហ៊ុន Udom Seima Peanich Industry & Mines Co Ltd និងក្រុមហ៊ុន SCTWN Development Co Ltd ត្រូវបានអនុញ្ញាតឲ្យសិក្សាពីផលប៉ះពាល់បរិស្ថានលើការបូមខ្សាច់នៅស្ទឹងតាតៃ និងត្រពាំងរូង។
សារាចររបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ១០ ខែកក្កដាថ្មីៗនេះដែលបានបញ្ឈប់ការនាំចេញខ្សាច់ពីខេត្តកោះកុងដោយអនុញ្ញាតឲ្យធ្វើអាជីវកម្មខ្នាតតូចប៉ុណ្ណោះ ហើយជម្រៅមិនឲ្យលើសពី ១,៥ ម៉ែត្រនៅក្រៅតំបន់ក្រហមនៃស្ទឹងតាតៃ និងត្រពាំងរូង។
លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមិនធ្វើអត្ថាធិប្បាយពីករណីនេះទេ ខណៈលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តហាក់មិនបានដឹងពីតំបន់ក្រហម (RedZones) ដែលធ្វើសកម្មភាព។ ប៉ុន្តែលោកថាសារាចរគឺហាមតែការនាំខ្សាច់ចេញក្រៅប្រទេសប៉ុណ្ណោះ តែអាជីវកម្មសម្រាប់តម្រូវការក្នុងស្រុកមានអាជ្ញាប័ណ្ណ និងបានវាយតម្លៃផលប៉ះពាល់បរិស្ថានត្រឹមត្រូវ។
លោកថា៖ «កន្លែងលាងខ្សាច់ហ្នឹងមានច្បាប់ធ្វើខ្សាច់សំណង់ប្រើការក្នុងស្រុក។
អ៊ីចឹងគាត់ [ក្រុមហ៊ុន] អាចដំណើរការបន្តទៀត។ វាគ្មានការប៉ះពាល់ធ្ងន់ធ្ងរអីទេ។ កន្លែងហ្នឹងជាវាលស្មៅតូចមួយហើយការលាងខ្សាច់គឺប្រើទឹកធម្មតាទេ»។
ទោះយ៉ាងណាលោក ដាញ់ សេរី ប្រធាននាយកដ្ឋានវាយតម្លៃផលប៉ះពាល់នៃក្រសួងបរិស្ថានបានថ្លែងថាលោកមិនទាន់ឃើញលទ្ធផលនៃការវាយតម្លៃទាក់ទងនឹងការដ្ឋានលាងខ្សាច់នោះទេ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះតំណាងរាស្ត្របក្សសង្គ្រោះជាតិលោក សុន ឆ័យ បានផ្ញើលិខិត ១ ច្បាប់ទៅក្រសួងរ៉ែ និងថាមពលតាមរយៈរដ្ឋសភាដើម្បីសុំព័ត៌មានទាក់ទងនឹងអាជីវកម្មខ្សាច់រួមមានការដ្ឋានលាងខ្សាច់នោះ និងសំណើមួយចំនួនផងដែរ។ ទោះយ៉ាងណាប្រធានរដ្ឋសភាបានបដិសេធមិនផ្ញើលិខិតនោះទេ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានពន្យល់ថាលោក សុន ឆ័យ បានយកច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រាទី ៦៩ និង ៩៦ ដើម្បីស្នើឲ្យប្រធានរដ្ឋសភាបញ្ជូនលិខិតនោះ ប៉ុន្តែមាត្រាទាំងនោះមិនពាក់ព័ន្ធខ្លឹមសារលិខិតនោះទេ។
ម្យ៉ាងលិខិតនោះគឺស្នើសុំឲ្យកែសារាចរដោយដាក់បញ្ជូនសំណើគាត់មួយចំនួនដែលលោកថាមិនមែនជាការងាររបស់រដ្ឋសភា។
លោកបញ្ជាក់ថា៖ «រឿងហ្នឹងរដ្ឋសភាយល់ថាជាការជ្រៀតជ្រែកចូលកិច្ចការរបស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលទទួលខុសត្រូវចាត់ចែងសារាចរ។ បើយើងស្នើឲ្យគេកែប្រែសារាចរនោះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋាភិបាល។ យើងមិនអាចផ្ញើទៅបានទេ»។
លោកបន្តថាការមិនបញ្ជូនលិខិតទៅនោះគឺជាការគោរពតាមច្បាប់ដែលមិនបំពានលើរដ្ឋធម្មនុញ្ញទេ ហើយថារដ្ឋសភាក៏នឹងមិនចេញលិខិតឆ្លើយតបពីការបដិសេធនោះប្រាប់លោក សុន ឆ័យ វិញដែរ។
លោកបានឲ្យដឹងទៀតថាលិខិតមុនៗរបស់លោក សុន ឆ័យ ដែលពាក់ព័ន្ធនឹងរឿងខ្សាច់ដែរនោះគឺរដ្ឋសភាបានបញ្ជូនទៅក្រសួងរ៉ែ និងថាមពលហើយក្រសួងកំពុងរៀបចំបញ្ជូនមកវិញ។ តែមុននឹងបញ្ជូនមកគឺត្រូវការឆ្លងកាត់ទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យសិន។
យ៉ាងណាក្ដីលោក សុន ឆ័យ បានថ្លែងថាយោងតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាតួនាទីរបស់ប្រធានរដ្ឋសភាគឺបញ្ជូនលិខិតទៅមន្ត្រីរដ្ឋាភិបាល ពេលដែលតំណាងរាស្ត្រចង់សរសេរទៅកាន់ពួកគេ។
លោក សុន ឆ័យ បញ្ជាក់ថា៖ «ខ្ញុំជឿថាគាត់គ្មានសិទ្ធិធ្វើអ៊ីចឹងទេ។ នេះចម្លែកណាស់។ តើយើងកំពុងនៅក្នុងប្រភេទប្រទេសអីឥឡូវនេះ?»៕