ក្រចេះ: លោកឧកញ៉ា គង់ ក្រឹង ដែលល្បីខាងមុខជំនួញឈើ ត្រូវបានសមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅឲ្យចូលបំភ្លឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នាពាក់កណ្តាលខែសីហានេះពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
លិខិតកោះហៅចេញថ្ងៃទី ១ ខែ សីហា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ ដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺលោក ហុង វិណុល កោះហៅឲ្យលោកឧកញ៉ាគង់ ក្រឹង ចូលខ្លួនទៅបំភ្លឺនាព្រឹកថ្ងៃទី ១៥ ខែ សីហា ខាងមុខនេះពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
លិខិតកោះហៅបញ្ជាក់ថា «កោះហៅ ឈ្មោះ គង់ ក្រឹង ភេទប្រុស សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដីច្រាបថ្មី ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់គេហដ្ឋាន មានរោងសិប្បកម្ម ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៨: ០០ នាទីព្រឹក ពាក់ព័ន្ធបទល្មើសព្រៃឈើ»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញការកោះហៅឧកញ៉ា គង់ ក្រឹង នេះបានទេ ដោយលោកបានបិទទូរស័ព្ទ។
បន្ទាប់ពីមានដីការកោះហៅឧកញ៉ា គង់ ក្រឹង គេហទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញពីម្សិលមិញដែរថា ខណៈពេលនេះលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី ព្រឹកថ្ងៃអង្គារ ទី ៦ ខែ សីហា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីអន្តរក្រសួង និងស្ថាប័នចម្រុះដែលមានការពាក់ព័ន្ធ។
ទោះយ៉ាងណា កិច្ចប្រជុំនេះ មិនទាន់មានការបញ្ជាក់ពីលទ្ធផលនៅឡើយទេ ដោយសារក្នុងនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រធានមន្ទីរបរិសា្ថនខេត្តមណ្ឌលគិរី និងលោក សុក សេរ៉ា អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ពីម្សិលមិញ មន្ត្រីទាំងនោះ មិនអាចទាក់ទងសុំការបញ្ជាក់បានទេ ដោយពួកលោកបានបិទទូរស័ព្ទទាំងអស់។
ពាក់ព័ន្ធបទល្មើសព្រៃឈើនេះ មានឧកញ៉ាចំនួន ៣ នាក់ហើយ ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា និងលោក ម៉ម វ៉ាន់ដា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាផ្សេងៗគ្នាកោះហៅឲ្យចូលបំភ្លឺជុំវិញបទល្មើសព្រៃឈើ។ ក្នុងនោះមាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ ៥៨ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង ឧកញ៉ា តុប វីដា ភេទប្រុស ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី និងឧកញ៉ា វន់ ប៊ុនថៃ ភេទប្រុស កើតឆ្នាំ ១៩៦៤ ខណៈឧកញ៉ា ស៊ឹង សំអុល ត្រូវបានតុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។
ក្រៅពីនេះ មានមនុស្សជាង ១០ នាក់ផ្សេងទៀត មានទាំងមន្ត្រីរដ្ឋបាលព្រៃឈើកោះញែក ម្ចាស់ក្រុមហ៊ុន នាយកក្រុមហ៊ុន អ្នកចាត់ចែងក្រុមហ៊ុន ដែលក្រៅពីជនជាតិខ្មែរ ក៏មានជនជាតិចិន និងវៀតណាមផងដែរ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៕